កីឡាអន្តរជាតិ
អន្តរជាតិ
Honda រកបានគ្រាប់ដំបូងឱ្យ Neftci PFK និងជួយក្រុមឈរកំពូលតារាងលីគអាស៊ែបៃហ្សង់
04, May 2021 , 11:12 am        
រូបភាព
Keisuke Honda រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើកដំបូងសម្រាប់ក្រុម Neftci PFK ក្នុងការប្រកួតក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់នៅថ្ងៃទី៣ ខែឧសភា ដោយយកឈ្នះក្រុម Keshla ក្នុងលទ្ធផល ៣-០។


 
Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាអ្នកសម្រេចគ្រាប់បាល់ទី២នៅនាទី៧៣ ក្នុងចំណោម៣គ្រាប់របស់ក្រុម Neftci PFK។ នេះជាគ្រាប់ដំបូងរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនចាប់តាំងពីរូបគេចូលរួមជាមួយ Neftci PFK កាលពីពាក់កណ្តាលខែមីនាមក។

 
 
មុនបានទៅចូលរួមជាមួយ Neftci PFK អតីតខ្សែប្រយុទ្ធឆ្នើម AC Milan  វ័យ៣៤ឆ្នាំរូបនេះ បានចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំ២០២០ មុនផ្លាស់ទៅ Portimonense។ ប៉ុន្តែបានចែកផ្លូវគ្នាជាមួយ Portimonense វិញក្រោយចុះកិច្ចសន្យាបានតែរយៈពេល៥ថ្ងៃ ដោយសារក្រុមនៃលីគកំពូលព័រទុយហ្គាល់មួយនេះមិនអាចចុះឈ្មោះរូបគេឱ្យបានទាន់ពេលវេលា។
 
ក្រោយមកនៅថ្ងៃទី១៥ ខែមីនា Honda ដែលទើបយល់ព្រមបន្តដឹកនាំក្រុមគោព្រៃកម្ពុជាដល់ឆ្នាំ២០២៣ បានចុះកិច្ចសន្យាលេងឱ្យ Neftci PFK នៃក្របខណ្ឌលីគបាល់ទាត់កំពូលរបស់អាស៊ែបៃហ្សង់នេះតែម្តង។
 
Neftci PFK បច្ចុប្បន្នស្ថិតនៅកំពូលតារាង Premier League របស់អាស៊ែបៃហ្សង់ដោយមាន៥០ពិន្ទុពីការប្រកួត២៥លើក ស្មើក្រុមលេខ២ Qarabag FK ដែលទើបប្រកួត២៤ដង៕
 

Tag:
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com