COVID-19
ជាតិ
៩៣៨នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈអ្នកជាសះស្បើយមាន ៣៦១នាក់
× មនុស្សចំនួន ៩៣៨នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ក្នុងនោះរាជធានីភ្នំពេញនៅតែមានតួលេខឆ្លងខ្ពស់ គឺចំនួន ៦០៨ករណី។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ៣៦១នាក់បន្ថែមបានជាសះស្បើយ ខណៈជំងឺកូវីដ-១៩ ម្នាក់នាក់ទៀតបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ឧសភានេះ។
តាមក្រសួងសុខាភិបាល មនុស្សចំនួន ៩៣៨នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន ៦០៨នាក់ នៅរាជធានីភ្នំពេញ , ១៧៥នាក់ នៅខេត្តកណ្តាល, ៧៧នាក់ នៅខេត្តព្រះសីហនុ, ៥១នាក់ នៅខេត្តបន្ទាយមានជ័យ, ១៤នាក់ នៅខេត្តកំពង់ស្ពឺ, ៣នាក់ នៅខេត្តកំពង់ចាម, ៤នាក់ នៅព្រៃវែង, ២នាក់នៅក្រចេះ ខណៈ ខេត្តស្វាយរៀង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីរៀងខ្លួន។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ប្រកាសដែរថា អ្នកជំងឺចំនួន ៣៦១នាក់ទៀត បានជាសះស្បើយ ក្នុងនោះមាន ៣៥០នាក់ នៅរាជធានីភ្នំពេញ, ៨នាក់នៅបន្ទាយមានជ័យ , ២នាក់នៅព្រៃវែង និង ១នាក់នៅសៀមរាប។ មនុស្សម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ លើបុរសខ្មែរ អាយុ៨១ឆ្នាំ រស់នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គិតត្រឹមថ្ងៃទី ៤ឧសភា កម្ពុជាមានអ្នកស្លាប់សរុប ១០៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com