អន្តរជាតិ
អូស្ត្រាលី ពិនិត្យកិច្ចសន្យាជួលកំពង់ផែ Darwin របស់ក្រុមហ៊ុនចិនឡើងវិញ
04, May 2021 , 11:59 am        
រូបភាព
អូស្រ្តាលី នៅថ្ងៃទី៣ ខែឧសភា បានអះអាងថា កិច្ចសន្យាជួលកំពង់ផែ Darwin របស់ក្រុមហ៊ុនចិន នឹងត្រូវយកមកពិចារណាជាថ្មី ហើយអាចត្រូវលុបចោលទៀតផង។ ការសើរើនេះ ទំនងជាបង្កឱ្យមាន ការប៉ះទង្គិចថ្មីមួយទៀតរវាងចិន និងអូស្ត្រាលី។


 
Darwin ជាទីក្រុងនៅឆ្នេរសមុទ្រភាគខាងជើងរបស់អូស្រ្តាលីដែលមានកំពង់ផែដ៏សំខាន់បំផុតនៅជិត ទ្វីបអាស៊ី និងជាមូលដ្ឋានសម្រាប់កងទ័ពជើងទឹកអាមេរិក។ ក្រុមហ៊ុនចិនឈ្មោះ Landbridge បាន ជួលកំពង់ផែ Darwin នេះពីអាជ្ញាធររដ្ឋ Northern Territories អូស្រ្តាលីក្នុងរយៈពេល៩៩ឆ្នាំកាលពី ឆ្នាំ២០១៥ ដែលបង្កជាក្ដីបារម្ភខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងកង់បេរ៉ាផង និងក្រុងវ៉ាស៊ីនតោនផង ទាក់ទងបញ្ហាសន្តិសុខជាតិ។ 
 
នៅថ្ងៃទី៣ ខែឧសភា អូស្ត្រាលី ក៏ចាប់ផ្ដើមត្រួតពិនិត្យការជួលនេះឡើងវិញ។ រដ្ឋមន្រ្តីការពារជាតិ អូស្ត្រាលី Peter Dutton បានប្រាប់កាសែត Sydney Morning Herald នៅថ្ងៃទី៣ ខែឧសភាថា ក្រសួងរបស់លោកត្រូវបានស្នើយោបល់មួយចំនួនអំពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ។ លោក Dutton លើកឡើងថា លោកមិនបដិសេធជម្រើសឱ្យដកក្រុមហ៊ុន Landbridge របស់មហាសេដ្ឋីចិន Ye Cheng ពីកំពង់ផែ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិឡើយ។ 
 
«ការត្រួតពិនិត្យ នឹងត្រូវធ្វើ ហើយយើងអាចនឹងពិនិត្យមើលជម្រើសណា ដែលជាផលប្រយោជន៍ សម្រាប់ប្រទេសជាតិរបស់យើង»។ នេះជាការអះអាងរបស់លោក Dutton។ 
 
តាមពិតទៅ បន្ទាប់ពីមានកិច្ចព្រមព្រៀងជួលកំពង់ផែ Darwin នៅឆ្នាំ២០១៥ អូស្ត្រាលីបានដាក់ចេញ ច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលកណ្ដាលបដិសេធលើកិច្ចព្រមព្រៀងរវាងរដ្ឋនានាជាមួយរដ្ឋាភិបាលបរទេសនាពេលអនាគត និងចាប់ផ្តើមពិនិត្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចឡើងវិញ។ បើ តាមទីភ្នាក់ងារព័ត៌មាន AFP ការពិនិត្យឡើងវិញទាំងនោះ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ ហើយ កិច្ចព្រមព្រៀងកំពង់ផែ Darwin ក៏រួមបញ្ចូលក្នុងនោះដែរ។ 
 
ការត្រួតពិនិត្យកិច្ចសន្យាជួលកំពង់ផែ Darwin ដែលអាចឈានដល់ការលុបចោលកិច្ចព្រមព្រៀងនោះ  ច្បាស់ជាធ្វើឱ្យប៉ះពាល់ទំនាក់ទំនងរវាងអូស្រ្តាលីនិងចិនកាន់តែខ្លាំង ខណៈប្រទេសទាំងពីរ កំពុង មើលមុខគ្នាមិនត្រូវផងនោះ។ កាលពីខែមុន រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន ក៏ទើបបាន លុបចោលកិច្ចព្រមព្រៀងខ្សែក្រវាត់និងផ្លូវរវាងទីក្រុងប៉េកាំង និងរដ្ឋ Victoria ផងដែរ៕
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com