កីឡាអន្តរជាតិ
អន្តរជាតិ
Pep ប្រាប់កូនក្រុមឱ្យបញ្ចប់ PSG ឱ្យបាន ដើម្បីសាងប្រវត្តិសាស្រ្តឱ្យ Man City
04, May 2021 , 4:59 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ព្រមានកីឡាករខ្លួនត្រូវគ្រប់គ្រងអារម្មណ៍កុំឱ្យធ្វេសប្រហែសក្នុងជំនួបទល់នឹង Paris St Germain ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League នៅរាត្រីថ្ងៃទី៤ ខែឧសភា។ លោក Guardiola ចង់បង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុម និងកីឡាករក្នុងក្របខណ្ឌអឺរ៉ុបមួយនេះ។



Man City បាននាំមុខ PSG ២-១ នៅជំនួបជើងទី១នៅឯកីឡដ្ឋាន Le Parc des Princes រួចមកហើយ ដោយបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍កាលពីសប្តាហ៍មុន។ ដោយមាន២គ្រាប់ជាគ្រាប់ចំណេញក្រៅដី ក្រុមមេឃខៀវមានភាគរយច្រើនក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានកំពូលអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
 
បើទោះមានប្រៀបក្តី ប៉ុន្តែលោក Guardiola ដែលធ្លាប់ឈ្នះពានរង្វាន់នេះពីរដងក្នុងនាមជាអ្នកចាត់ការក្រុម Barcelona បានជំរុញកូនក្រុម Man City ត្រូវលេងដោយមានទំនុកចិត្តនៅ Etihad ដូចគ្នាដែលពួកគេធ្វើបានយ៉ាងល្អនៅ Premier League រដូវកាលនេះ។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយក្នុងសន្និសីទសារព័ត៌មានមុនទទួលក្រុមយក្សបារាំងថា៖ «យើងមិនចង់ខកខានឱកាសនេះទេ។ ខ្ញុំមានអារម្មណ៍ថាយើងនឹងធ្វើបានល្អ។ ខ្ញុំសូមផ្តាំទៅកូនក្រុមថាមិនត្រូវបែកអារម្មណ៍ទេ ពួកគេត្រូវមានអារម្មណ៍ស្ងប់ហើយផ្តោតលើការប្រកួតកុំប្រហែសឱ្យសោះ»។
 
ដោយឡែកនៅជំនួបជើងទី២នេះ ខ្សែប្រយុទ្ធមុតស្រួច Kylian Mbappe នៅមិនទាន់ច្បាស់ការថានឹងអាចជួយ PSG បានឬក៏អត់នោះទេ បន្ទាប់ពីរងរបួសកំភួនជើងនាការប្រកួតលីគចុងសប្តាហ៍មុន។ យ៉ាងណាក៏ដោយ លោក Guardiola ហ៊ានអះអាងថា ខ្សែប្រយុទ្ធបារាំងរូបនេះនឹងចូលលេងមិនខាន។
 
សម្រាប់ Man City វិញ មិនមានបញ្ហាកីឡាករណារបួសឡើយ ស្របពេលខ្សែប្រយុទ្ធឆ្នើម Sergio Agüero ក៏ត្រឡប់ចូលជួយក្រុមបាន ១០០ភាគវិញផងដែរ។


 
ស្របពេលគ្នានេះ ខ្សែប្រយុទ្ធឆ្នើម Neymar ក៏បាននិយាយក្នុងបទសម្ភាសមុនការប្រកួតជើងទី២នេះដែរថា៖«ពួកយើងនឹងមានការប្រកួតមួយដ៏តឹងតែងជាមួយក្រុម Manchester City ប៉ុន្តែពួកយើងមានតែការជឿជាក់ដោយមិនគិតពីស្ថិតិដែលនិយាយអំពីការឈ្នះរបស់ពួកយើងនោះទេ»។ 
 
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ប្តេជ្ញានឹងនាំ PSG ឈានជើងចូលវគ្គផ្តាច់ព្រ័ត្រម្តងទៀតឱ្យខានតែបាន ដោយទម្លាក់ក្រុមមេឃខៀវនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នេះ៕
 
 

Tag:
 Manchester City
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com