COVID-19
ជាតិ
មនុស្ស៧៧នាក់ ដែលវិជ្ជមានកូវីដ-១៩ នៅខេត្តព្រះសីហនុ ក្នុងនោះ៥១នាក់ជាអ្នកនៅតំបន់ក្រហម
× ខេត្តព្រះសីហនុ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៧៧នាក់បន្ថែម ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងនោះដែរអ្នកវិជ្ជមានចំនួន៥១នាក់ជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិ១ សង្កាត់លេខ៤។ មកដល់ថ្ងៃនេះពលរដ្ឋក្នុងតំបន់ក្រហមចំនួន ៤ ៤៦៤នាក់ហើយដែលបានផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយក្នុងចំណោមនោះ មនុស្សចំនួន ១៩៩នាក់តេស្តវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៧នាក់បន្ថែមទៀត ដែលភាគច្រើនជាអាជីវករផ្សារលើ និងក្រុមគ្រួសារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃទី៤ឧសភា ឆ្នាំ២០២១ ដែលបានឱ្យដឹងទៀតថាក្នុងចំណោមអ្នកវិជ្ជមានទាំង៧៧នាក់ មានចំនួន ៥១នាក់ជាពលរដ្ឋនៅក្នុងតំបន់ក្រហម។ តំបន់ក្រហមក្នុងខេត្តព្រះសីហនុ គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និង៥ នៅក្នុងសង្កាត់លេខ៤ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey ដូច្នេះថា៖«ចាប់ពីថ្ងៃជូនដំណឹង នៃការកំណត់យកភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ជាតំបន់ក្រហម មានពលរដ្ឋចំនួន ៤៤៦៤នាក់ហើយ ដែលបានមកផ្តល់សំណាក។ ក្នុងនោះដែរ យើងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩៩នាក់»។
លោកបន្តថា ពលរដ្ឋក្នុងភូមិ១ ទាំងអស់មានចំនួនសរុប ៥៣៧១នាក់ ហើយពលរដ្ឋដែលបានមកផ្តល់សំណាក់មានចំនួន ៤៤៦៤នាក់ប៉ុណ្ណោះ។ ពលរដ្ឋមួយចំនួន ដែលមិនបានមកផ្តល់សំណាក ភាគច្រើនជាមនុស្សចាស់ជរា មានបញ្ហាសុខភាព កំពុងធ្វើចត្តាឡីស័ក និងមានមួយចំនួនតូចមិនបានបញ្ជាក់ពីមូលពិតប្រាកដឡើយ។
សូមជម្រាបថា ខេត្តព្រះសីហនុ មានអ្នកឆ្លងមេរោគកូវីដ-១៩សរុបចំនួន ១,៩៨៨នាក់ ជាសះស្បើយចំនួន ៨០៣នាក់ ស្លាប់ចំនួន៩នាក់និងកំពុងសម្រាកព្យាបាលចំនួន ១១៧៦នាក់។គិតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦,២៩៩ករណី ក្នុងនោះ១៥,៧៤៤នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥,៧៩១នាក់ខណៈអ្នកជំងឺនួន១០,៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល៕
Tag:
Thmeythmey
កូវីដ-១៩
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com