អន្តរជាតិ
និយតករឱសថអាមេរិក ត្រៀមអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer លើក្មេងអាយុ១២ទៅ១៥ឆ្នាំ
04, May 2021 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ឈួ ស៊ាវយីងជាវ
និយតករឱសថអាមេរិក រំពឹងថា នឹងផ្ដល់ការអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យក្មេងដែលមានអាយុចន្លោះ១២ទៅ១៥ឆ្នាំ។ នេះបើយោងតាមមន្រ្ដីអាមេរិក និងអ្នកពាក់ព័ន្ធដំណើរការនេះ។


ការផ្ដល់ការអនុញ្ញាតរបស់ទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) អាចធ្វើឡើងនៅសប្ដាហ៍ក្រោយ ឬលឿនជាងនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៥ ខែឧសភា ក្រុមហ៊ុនឱសថ Pfizer បានរកឃើញពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនលើក្រុមមនុស្សពី១២ទៅ១៦ឆ្នាំក្នុងការសាកល្បងកន្លងមក ហើយស្នើសុំការពីអនុញ្ញាតពី FDA តែម្ដង។
 
យ៉ាងណាមិញ  FDA ត្រូវរង់ចាំយោបល់គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធសិន មុនសម្រេចចិត្តផ្ដល់ការអនុញ្ញាត។ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចចាប់ផ្ដើមទៅបាន ក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ទទួលយកអនុសាសន៍របស់គណៈកម្មាធិការនេះ។ នីតិវិធីសម្រេចទាំងនេះ អាចត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ។
 
ក្នុងលទ្ធផលសាកល្បងដែលចេញកាលពីចុងខែមីនា ក្រុមហ៊ុន Pfizer បានសិក្សាប្រសិទ្ធភាពវ៉ាក់សាំងលើអ្នកស្ម័គ្រចិត្តចំនួន២២៦០នាក់ដែលមានអាយុចន្លោះ១២ដល់១៥ឆ្នាំ។ លទ្ធផលបង្ហាញថា មិនមានករណីវិជ្ជមានកូវីដ-១៩ ក្នុងចំណោមមនុស្សវ័យជំទង់ដែលបានទទួលវ៉ាក់សាំងទាំងពីរដូសឡើយ។ កន្លងមក វ៉ាក់សាំងក្រុមហ៊ុន Pfizer ទទួលបានការអនុញ្ញាតឱ្យចាក់លើមនុស្សអាយុពី១៦ឆ្នាំឡើងប៉ុណ្ណោះ។
 
វ៉ាក់សាំងរបស់ Pfizer រួមចំណែកសំខាន់ក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ។ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះច្រើនជាង១៣១លានដូស ត្រូវបានចាក់ឱ្យប្រជាជនអាមេរិក។ អាមេរិក បានបញ្ជាទិញវ៉ាក់សាំង Pfizer ប្រមាណ៣០០លានដូសសម្រាប់មនុស្ស១៥០លាននាក់ ដែលនឹងត្រូវដឹកជញ្ជូនត្រឹមចុងខែកក្កដាខាងមុខ៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com