COVID-19
ជាតិ
អាជ្ញាធរបន្តរឹតបន្តឹងសណ្ដាប់ធ្នាប់ពលរដ្ឋក្នុងតំបន់ក្រហម ខណៈអត្រាឆ្លងកូវីដនៅភ្នំពេញនៅតែខ្ពស់ខ្លាំង
× អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានបន្តចុះត្រួតពិនិត្យការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ក្រហមនៃខណ្ឌមានជ័យនាថ្ងៃទី៤ឧសភានេះ ដើម្បីរំឭកពួកគេអំពីវិធានការសុខាភិបាល និងអនុវត្តការណែនាំរបស់សាលារាជធានីភ្នំពេញ។ តំបន់ក្រហមក៏ត្រូវបានហាមឃាត់ចំពោះអ្នកកាសែតផងដែរ។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក នួន ផារ័ត្ន ដែលជាអភិបាលរងរាជធានីភ្នំពេញ ពលរដ្ឋមួយចំនួនតូចនៅមិនទាន់បានអនុវត្តតាមវិធានការរបស់សាលារាជធានីបានហ្មត់ចត់នៅឡើយ។ រូបភាពនៅលើទំព័រហ្វេសប៊ុកនោះ បានបង្ហាញលោកអភិបាលរងបន្តណែនាំទៅកាន់ពលរដ្ឋដែលបន្តបើកលក់ទំនិញនៅក្នុងតំបន់ក្រហម។
អមជាមួយរូបភាពនៃសមត្ថកិច្ចមួយចំនួនផង លោក នួន ផារ័ត្ន បានសរសេរនៅលើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«មិនមែនយើងខ្ញុំតឹងរ៉ឹងជាមួយបងប្អូនទេ។ យើងខ្ញុំក៏ដឹងដែរថា វិធានការបិទខ្ទប់នេះ បានប៉ះពាល់ដល់ការរកទទួលទានរបស់បងប្អូន។ ប៉ុន្តែយើងខ្ញុំចាំបាច់ត្រូវតែអនុវត្តវិធានការតឹងរ៉ឹងនេះ ដើម្បីការពារអាយុជីវិតបស់បងប្អូន»។
ការត្រួតពិនិត្យសណ្ដាប់ធ្នាប់លើពលរដ្ឋក្នុងតំបន់ក្រហមនៅតែត្រូវបានធ្វើបន្តបើទោះជា រដ្ឋាភិបាលទើបនឹងចេញសេចក្តីសម្រេចនៅថ្ងៃដដែលនេះ អំពីការបិទបញ្ចប់នៃការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ។ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយរបស់រដ្ឋាភិបាល នៅតែតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ កំណត់តំបន់ទៅតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះដដែល។
នៅថ្ងៃទី៤ឧសភានេះ កម្ពុជាបានរកឃើញចំនួនឆ្លងប្រចាំថ្ងៃច្រើនជាងពេលណាៗទាំងអស់ រយៈពេលនៃព្រឹត្តិការណ៍២០កុម្ភៈនេះ។ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមាន ៩៣៨នាក់ នៅក្នុងចំណោមករណីទាំងនេះ រាជធានីភ្នំពេញស្គាល់តួលេខឆ្លងខ្ពស់ជាងគេរហូតដល់ ៦០៨នាក់។ ជាមួយនឹងតួលេខវិជ្ជមានកូវីដសរុបនៅថ្ងៃនេះ ធ្វើឱ្យចំនួនឆ្លងជំងឺកូវីដសរុបនៅកម្ពុជាកើនដល់ ១៦២៩៩ករណី។ ក្នុងចំណោមករណីឆ្លងសរុបនេះ ១៥៧៤៤ករណី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ រហូតដល់ពេលនេះ មានអ្នកជាសះស្បើយ ៥៧៩១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com