COVID-19
ជាតិ
អាជ្ញាធរ​បន្ត​រឹតបន្តឹង​សណ្ដាប់ធ្នាប់​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម ខណៈ​អត្រា​ឆ្លង​កូ​វីដ​នៅ​ភ្នំពេញ​នៅតែ​ខ្ពស់​ខ្លាំង
04, May 2021 , 7:19 pm        
រូបភាព
​អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​តំបន់​ក្រហម​នៃ​ខណ្ឌមានជ័យ​នា​ថ្ងៃទី​៤​ឧសភា​នេះ ដើម្បី​រំឭក​ពួកគេ​អំពី​វិធានការ​សុខាភិបាល និង​អនុវត្ត​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​។ តំបន់​ក្រហម​ក៏​ត្រូវបាន​ហាមឃាត់​ចំពោះ​អ្នកកាសែត​ផងដែរ​។​

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នួន ផា​រ័ត្ន ដែលជា​អភិបាលរង​រាជធានី​ភ្នំពេញ ពលរដ្ឋ​មួយចំនួន​តូច​នៅ​មិនទាន់បាន​អនុវត្តតាម​វិធានការ​របស់​សាលា​រាជធានី​បាន​ហ្មត់ចត់​នៅឡើយ​។ រូបភាព​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ បានបង្ហាញ​លោក​អភិបាលរង​បន្ត​ណែនាំ​ទៅកាន់​ពលរដ្ឋ​ដែល​បន្ត​បើក​លក់ទំនិញ​នៅក្នុង​តំបន់​ក្រហម​។​


 
​អម​ជាមួយ​រូបភាព​នៃ​សមត្ថកិច្ច​មួយចំនួន​ផង លោក នួន ផា​រ័ត្ន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​យើងខ្ញុំ​តឹងរ៉ឹង​ជាមួយ​បងប្អូន​ទេ​។ យើងខ្ញុំ​ក៏​ដឹង​ដែរ​ថា វិធាន​ការបិទ​ខ្ទប់​នេះ បាន​ប៉ះពាល់​ដល់​ការរក​ទទួលទាន​រប​ស់បង​ប្អូន​។ ប៉ុន្តែ​យើងខ្ញុំ​ចាំបាច់​ត្រូវតែ​អនុវត្ត​វិធានការ​តឹងរ៉ឹង​នេះ ដើម្បី​ការពារ​អាយុជីវិត​បស់​បងប្អូន​»​។ 
 
​ការត្រួតពិនិត្យ​សណ្ដាប់ធ្នាប់​លើ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​នៅតែ​ត្រូវបានធ្វើ​បន្ត​បើទោះជា រដ្ឋាភិបាល​ទើបនឹង​ចេញ​សេចក្តីសម្រេច​នៅ​ថ្ងៃ​ដដែល​នេះ អំពី​ការបិទ​បញ្ចប់​នៃ​ការបិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ក៏ដោយ​។ ប៉ុន្តែ​សេចក្តីសម្រេច​ចុងក្រោយ​របស់​រដ្ឋាភិបាល នៅតែ​តម្រូវឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំណត់​តំបន់​ទៅតាម​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ដដែល​។​
 
​នៅ​ថ្ងៃទី​៤​ឧសភា​នេះ កម្ពុជា​បាន​រកឃើញ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាង​ពេលណាៗ​ទាំងអស់ រយៈពេល​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ​។ ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន ៩៣៨​នាក់ នៅក្នុង​ចំណោម​ករណី​ទាំងនេះ រាជធានី​ភ្នំពេញ​ស្គាល់​តួលេខ​ឆ្លង​ខ្ពស់​ជាងគេ​រហូតដល់ ៦០៨​នាក់​។ ជាមួយនឹង​តួលេខ​វិជ្ជមាន​កូ​វីដ​សរុប​នៅថ្ងៃនេះ ធ្វើឱ្យ​ចំនួន​ឆ្លង​ជំងឺ​កូ​វីដ​សរុប​នៅ​កម្ពុជា​កើន​ដល់ ១៦២៩៩​ករណី​។ ក្នុងចំណោម​ករណី​ឆ្លង​សរុប​នេះ ១៥៧៤៤​ករណី ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ រហូតដល់​ពេលនេះ មាន​អ្នកជា​សះស្បើយ ៥៧៩១​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com