កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងវគ្គផ្តាច់ព្រ័ត្រ UCL លើកដំបូងជាប្រវត្តិសាស្ត្រក្លិប ក្រោយឈ្នះ PSG ទាំងពីរជើង ៤-១
05, May 2021 , 7:44 am        
រូបភាព
 
Manchester City បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីពួកគេយកឈ្នះ Paris St-Germain ក្នុងជំនួបជើងទី២ក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Man City ឈ្នះ ៤-១។



២គ្រាប់បន្ថែមក្នុងការប្រកួតជើងទី២ វគ្គ១/២ផ្តាច់ព្រ័ត្រ នៅ Etihad នារាត្រីថ្ងៃទី៤ ខែឧសភា គ្រប់គ្រាន់ដើម្បីនាំក្រុមលោក Pep Guardiola ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២០-២១ ដោយត្រូវរង់ចាំជំនួបរវាង Chelsea និង Real Madrid នៅយប់នេះ។

Riyad Mahrez បន្តរកគ្រាប់បាល់បានដល់ទៅ២គ្រាប់ម្នាក់ឯងនៅនាទី១១ និង៦៣ សម្រាប់ជំនួបជើងទី២ ខណៈកាលពីជើងទី១ ខ្សែបម្រើឆ្នើមសញ្ជាតិម៉ារុករូបនេះក៏ជាអ្នករកគ្រាប់ជ័យជម្នះសម្រាប់ក្រុមមេឃខៀវផងដែរ។ ក្រុមយក្សបារាំងដែលមានកីឡាករឆ្នើម Neymar មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ រហូត Angel Di Maria ទទួលបានកាតក្រហមថែមទៀតនៅនាទី៦៩។ ដោយកាលពីជើងទី១ Man City ឈ្នះ ២-១ ដូច្នេះសរុបលទ្ធផលទាំងពីរជាង ក្រុមអង់គ្លេសឈ្នះ PSG ៤-១។

ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Guardiola បានជួយក្រុម Man City ស្គាល់រសជាតិដណ្តើមពាន Champions League វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីក្លិបបង្កើតឡើងនៅឆ្នាំ១៨៨០ ពោលគឺមានរយៈពេល ១៤១ឆ្នាំមកហើយ។

សំបុត្រទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ជាទីប្រារព្ធការប្រកួតផ្តាច់ព្រ័ត្រពានកំពូលអឺរ៉ុបសម្រាប់រដូវកាលនេះដែលធ្វើនៅថ្ងៃទី២៩ ខែឧសភា បានធ្លាក់ក្នុងដៃ Man City ហើយ ខណៈពីរក្រុមដែលត្រូវប្រជែងគ្នាយកមួយក្រុមនឹងប្រកួតនៅរាត្រីថ្ងៃទី៥ ខែឧសភានេះ។ Chelsea នឹងត្រូវស្វាគមន៍ Rea Madrid សម្រាប់ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលពីជើងទី១នៅទឹកដីអេស្ប៉ាញក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ១-១៕

 

 

Tag:
 Champions League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com