អន្តរជាតិ
ចិន ប្រាប់ហ្វីលីពីនកុំធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញ
05, May 2021 , 3:45 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាព៖ Reuters
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាព៖ Reuters
ចិន នៅថ្ងៃទី៤ ខែឧសភា បានជំរុញឱ្យហ្វីលីពីនគោរពអធិបតេយ្យ និងយុត្តាធិការរបស់ខ្លួន លើដែនកោះ Huangyan នៃសមុទ្រចិនខាងត្បូងឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង ក៏បានប្រាប់រដ្ឋាភិបាលក្រុងម៉ានីលផងដែរថា ឈប់បង្កភាពស្មុគស្មាញនៅក្នុងតំបន់។



 
ទីក្រុងប៉េកាំង បានប្រតិកម្មនឹងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin ដែលប្រើពាក្យរិះគន់ខ្លាំងៗតាមបណ្តាញសង្គម Twitter ជុំវិញវត្តមានទូកនេសាទរបស់ចិន នៅក្នុងដែនទឹកហី្វលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោក Locsin ទាមទារឱ្យចិនប្រមូលទូកនេសាទចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន។ 
 
ទាក់ទិននឹងបញ្ហាខាងលើ ក្រុងប៉េកាំង បានទាមទារឱ្យរដ្ឋាភិបាលក្រុងម៉ានីល គោរពដែនអធិបតេយ្យរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Wang Wenbin បានអះអាងថា កោះ Huangyan ដែលត្រូវបានស្គាល់ដោយឈ្មោះ Scarborough Shoal ជាទឹកដីរបស់ចិន ហើយដែនទឹកតំបន់នោះ ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនផងដែរ។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ទៅប្រមុខការទូតហ្វីលីពីនថា សកម្មភាពការទូតជាសាធារណៈ គឺមិនអាចផ្លាស់ប្តូរការពិតបានឡើយ ប៉ុន្តែមានតែបំផ្លាញទំនុកចិត្តភាគីទាំងសងខាងតែប៉ុណ្ណោះ។ បើតាមលោក Wang ចិនសង្ឃឹមថា ហ្វីលីពីននឹងគោរពបានមូលដ្ឋាននៃពិធីការនៅពេលធ្វើសេចក្តីថ្លែងការណ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ 
 
ដោយយោងសម្តីប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ជម្លោះរវាងចិន និងហ្វីលីពីន លើបញ្ហាមួយចំនួន មិនអាចបំផ្លាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានទាំងស្រុងឡើយ។ ក្នុងន័យនេះ ចិននឹងគ្រប់គ្រងបញ្ហារវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អឡើង តាមរយៈកិច្ចពិភាក្សា និងជំនួយទៅហ្វីលីពីន ដើម្បីទប់ស្កាត់កូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច។ 
 
បន្ទាប់ពីប្រើពាក្យសម្តីខ្លាំងៗ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានសំទោសជំនួសវិញ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានអះអាងថា មុនពេលសន្និសីទសារព័ត៌មាននេះ ប្រមុខការទូតហ្វីលីពីនបានប្រាប់រូបលោកឱ្យសំទោសទៅកាន់អគ្គរដ្ឋទូតចិនផង។ រដ្ឋមន្រ្តីការប្រទេសហ្វីលីពីនរូបនេះ ក៏បានសុំទោសលោកវ៉ាង តាមរយៈTwitter ផងដែរ៕
 

Tag:
 ចិន
  ហ្វីលីពីន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com