ជាតិ
សង្គមជាតិ
មូលហេតុដែល លោក កក្កដា សោភ័ណ្ឌ មិនល្មើសវិធានការសុខាភិបាល
05, May 2021 , 4:38 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក កក្កដា សោភ័ណ្ឌ ត្រូវបានអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អះអាងនៅគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ ខែឧសភា ថាមិនល្មើសចំពោះការធ្វើចត្តាឡីស័ក និងចម្លងជំងឺកូវីដ-១៩ ដោយចេតនាដល់អ្នកដទៃឡើយ ។ អនុគណៈកម្មការស្រាវជ្រាវ អះអាងថា បុគ្គល កក្កដា សោភ័ណ្ឌ គ្រាន់តែធ្វេសប្រហែសមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។

 
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីមូលហេតុដែលលោក កក្កដា សោភ័ណ្ឌ គ្មានល្មើសវិធានការសុខាភិបាលថា  កាលពីថ្ងៃទី៩ ខែមីនា លោក សោភ័ណ្ឌ មានអាការមិនស្រួលខ្លួន ប៉ុន្តែលោកមិនចាកចេញពីផ្ទះរបស់លោកឡើយ។
 
រំលងបាន១ថ្ងៃគឺថ្ងៃទី១២ ខែមីនា លោក កក្កដា សោភ័ណ្ឌ បានទៅចូលរួមមង្គលការនៅខេត្តតាកែវ ប៉ុន្តែលោកបានចូលរួមតែមួយព្រឹកប៉ុណ្ណោះ ដោយសារសង្ស័យអាការរបស់ខ្លួន ពោលគឺនៅពេលរសៀលថ្ងៃដដែលនោះ លោកត្រឡប់មកភ្នំពេញវិញ ដើម្បីទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត យកសំណាកពិនិត្យរកកូវីដ-១៩។ ក្រោយពីយកសំណាករួចលោក បានត្រឡប់មកផ្ទះវិញ ដោយជួលម៉ូតូកង់បីជិះ។ 
 
ក្រោយពីយកសំណាករួច នៅថ្ងៃទី១៣ ខែមីនា លោក បានធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់មកនៅថ្ងៃទី១៤ លោកបានទទួលលទ្ធផលថា វិជ្ជមានកូវីដ-១៩។ នៅថ្ងៃនោះដែរគឺលោកត្រូវបានពេទ្យបញ្ជូនមកព្យាបាលនៅមណ្ទលសុខភាពចាក់អង្រែ។ 
 
«ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឹគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់ និងស្លាប់១១០នាក់៕
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com