កសិករអំពាវរកទីផ្សារ តែអ្នកជំនាញស្នើឲ្យកសិករច្នៃតាមតម្រូវការទីផ្សារក្នុងបរិបទកូវីដ-១៩
ជាតិ
កសិករអំពាវរកទីផ្សារ តែអ្នកជំនាញស្នើឲ្យកសិករច្នៃតាមតម្រូវការទីផ្សារក្នុងបរិបទកូវីដ-១៩
05, May 2021 , 7:59 pm        
រូបភាព
ល្ហុងដែលត្រូវដល់ពេលប្រមូលផល ដោយសារពុំមានឈ្មួញមកទិញ ត្រូវទុកចោលពេលចម្ការ។ រូបភាព៖ ជា សារ៉ា
ល្ហុងដែលត្រូវដល់ពេលប្រមូលផល ដោយសារពុំមានឈ្មួញមកទិញ ត្រូវទុកចោលពេលចម្ការ។ រូបភាព៖ ជា សារ៉ា
ដោយ៖ ខន ណារី,ឈុន ទូច
 
អ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមសត្វ រួមទាំងអ្នកដាំដុះបន្លែ សុទ្ធតែបានជួបបញ្ហាខ្វះទីផ្សារ អំឡុងពេលកូវីដ-១៩។ ទោះបីកន្លងមក ក្រសួងពាក់ព័ន្ធ បានដោះស្រាយបញ្ហាទាំងនេះ ដល់កសិករមួយចំនួនក្ដី តែបញ្ហាដដែលនេះក៏នៅកើតមានចំពោះកសិករដទៃដែរ។ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យកសិផលកាន់តែខ្វះទីផ្សារ នាអំឡុងវិបត្តិកូវីដ-១៩។ កសិករមួយចំនួនក៏បានជួបបញ្ហាទីផ្សារ និងបានអំពាវដល់ស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារឲ្យកសិផលរបស់ខ្លួន។

 
 
កសិករដាំស្ពៃក្រញាញ់ លោក ឈុន ហៀង បាត់ចំណូលពីរបរដាំស្ពៃនេះ ព្រោះគ្មានឈ្មួញ ទិញដូច ដូចមុនកូវីដ-១៩រីករាលដាលខ្លាំង។ អ្នកស្រុកកងមាសរូបនេះ ធ្វើស្រែចម្ការ និងដាំបន្លែនេះប៉ុណ្ណោះ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។


ដំណាំខ្ទឹមស្លឹករបស់កសិករក្នុងខេត្តកណ្ដាល(រូបភាពពីលោក តៃ សុង) 

លោក ហៀង ត្អូញប្រាប់ថ្មីៗតាមទូរសព្ទពីភូមិវ៉ារិទ្ទទី២ ឃុំខ្ចៅ ដូច្នេះ៖ «ពេលនេះទាំងស្ពៃខ្ញុំ និងកសិករដទៃ គ្មានឈ្មួញចុះទិញ ដូចមុនទេ។ ឆ្នាំនេះមិនសង្ឃឹមបានចំណូល មានតែខាត។ ដូច្នេះសូមឲ្យអាជ្ញាធរជួយរកទីផ្សារ និងសូមឲ្យបងប្អូនជួយទិញកសិផលខ្មែរ»។
 
 
គ្មានអ្នកទិញស្ពៃក្នុងទំហំច្រើន លោក ហៀង ងាកមកលក់ស្ពៃក្រញាញ់លើបណ្ដាញសង្គម ក្នុងតម្លៃ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។ របៀបលក់ថ្មីនេះ អាចលក់បន្លែរបស់លោកបានខ្លះប៉ុណ្ណោះ ដ្បិតតែលោកដាំបន្លែនៅលើផ្ទៃដី ១ហិកតា។ កសិកររូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋបន្តគាំទ្រកសិផលខ្មែរ និងស្នើឲ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សា នេះជាការអំពាវនាវរបស់លោក ឈុន ហៀង។
 
មិនខុសគ្នាប៉ុន្មានពីកសិករដាំស្ពៃ អ្នកស្រី ស៊ីន ចាន់ធី អ្នកដាំឪឡឹក ខ្វះទីផ្សារលក់ ចាប់ពីមានវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យតម្លៃកសិផលលោកស្រីធ្លាក់ចុះ។ កសិករនៅឃុំពង្រ ស្រុករលាប្អៀរ រូបនេះ ដាំឪឡឹកលើដី៥ហិកតា ដែលអាចបានផលច្រើន ហើយលក់មិនអស់។


លោក សាវឿន 

អ្នកស្រី ប្រាប់សារព័ត៌ថ្មីៗទាំងសំឡេងខ្សាយៗថា៖ «ខ្ញុំបានផ្អាកដាំឪឡឹកមួយរយៈ។ ការដាំត្រូវចំណាយច្រើនលើ លើថ្លៃឈ្នួល,ពូជ និងជីជាដើម។ ហើយបើលក់បានថោក មិនរួចថ្លៃចំណាយផង»។ កាលពីមុនឪឡឹកមួយគោយន្តអាចលក់បានក្នុងតម្លៃ ៤០ម៉ឺនរៀល តែចាប់ពីមានបញ្ហាកូវីដ-១៩ ឪឡឹកមួយគោយន្តអាចលក់បានតែ ២៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀលប៉ុណ្ណោះ។ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឲ្យអ្នកស្រីសម្រេចផ្អាកដាំឪឡឹកមួយរយៈ។
 
ផ្អាកដាំឪឡឹក តែអ្នកស្រី ប្ដូរមកទិញកសិផលដើម្បីលក់បន្តវិញ។ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បាននិយាយថា អ្នកស្រី ទិញបន្លែពីកសិករមានការគាំទ្រច្រើនគួរសម។ អ្នកស្រី លក់បន្លែលើបណ្ដាញសង្គម ដោយរក្សាតម្លៃនៅដដែល។
 
កសិករដាំល្ហុង ក្នុងខេត្តកណ្ដាល លោក ជា សារ៉ា ក៏ជួបបញ្ហាកសិផលខ្វះទីផ្សារដែរនាអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។ ល្ហុងគ្មានទីផ្សារ ក្លាយជាបញ្ហាប្រឈមរបស់កសិកររូបនេះ ព្រោះដល់រដូវប្រមូលផល បែរជាគ្មានឈ្មួញចុះទៅទិញ។


លោក សុវិជាតិ  

កសិកររូបនេះប្រាប់ថ្មីៗតាមទូរសព្ទពីចម្ការល្ហុង ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ មកដូច្នេះ៖ «ឈ្មួញទិញតែល្ហុងខ្ចីប៉ុណ្ណោះ ព្រោះជាប្រភេទល្ហុងសម្ល។ ហើយល្ហុងទុំត្រូវចោល»។
 
អ្នកស្រុកកៀនស្វាយរូបនេះ អំពាវនាវដល់មន្រ្តីពាក់ព័ន្ធ ទាំងអស់ជួយរកដំណោះស្រាយ ដល់កសិករ ធ្វើយ៉ាងណាឲ្យពួកគាត់អាចលក់កសិផល ដែលកសិករដាំបាន។ បើពុំដូច្នោះទេ កសិផលរបស់កសិករ ហួសរដូវប្រមូលផល ដែលនាំឲ្យខាតដើមទុនមិនខាន។
 
ជុំវិញបញ្ហានេះ លោក ថេង សាវឿន ប្រធានសម្ព័នសហគមន៍កសិករកម្ពុជា បានលើកឡើងថា អំឡុងវិបត្តិកូវីដ-១៩ វិស័យកសិកម្ម ពិតជាសំខាន់ ក្នុងការដោះស្រាយជីវភាពពលរដ្ឋបានកម្រិត។ ក្រៅពីផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ពលរដ្ឋអាចរកចំណូលបន្ថែមពីការលក់កសិផល។  លោកមើលឃើញថា វិស័យកសិកម្មកម្ពុជា ក៏បានជួបបញ្ហាប្រឈមដែរ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើឲ្យកសិផលមានតម្លៃទាប។


សាលាដរបស់កសិករ តៃ សុង ក្នុងខេត្តកណ្ដាល 

ដើម្បីដោះស្រាយបញ្ហាទីផ្សារកសិផលនាពេលបច្ចុប្បន្ន ឲ្យមានប្រសិទ្ធភាព លោក ថេង សាវឿន បានលើកឡើងថាដូច្នេះ៖«ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវរៀបចំឲ្យមានការជជែកពិភាក្សាគ្នា រវាងក្រុមអ្នកផលិត និងក្រុមអ្នកទទួលទិញ។ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគលើវិស័យកសិកម្ម លើបច្ចេកទេស ការវេចខ្ចប់ ការកែច្នៃ និងសម្របសម្រួលឲ្យមានទីផ្សារក្នុងស្រុកកើនឡើង»។
 
ក្រៅពីការសម្របសម្រួលរបស់ក្រសួងកសិកម្ម ឲ្យទីផ្សារក្នុងស្រុក ប្រជាពលរដ្ឋខ្មែរជាផ្នែកមួយសំខាន់ដែលជួយឲ្យកសិផលខ្មែរមានទីផ្សារ។ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវចងក្រង និងផ្សព្វផ្សាយបទពិសោធន៍ល្អៗ របស់កសិករ លើបច្ចេកទេសដាំដុះ បច្ចេកទេសទំនាក់ទំនងទីផ្សារ និងការវេចខ្ចប់ ជាដើម។ 
 
លោក ថេង សាវឿន បន្ថែមថា គុណភាពកសិផល និងស្ថិរភាពនៃការផ្គត់ផ្គង់ ពិតជាសំខាន់សម្រាប់កសិករ ដូច្នេះស្ថាប័នពាក់ព័ន្ធ ត្រូវចងក្រងកសិករជាសហគមន៍ ដើម្បីអាចផ្គត់ផ្គង់កសិផលលើទីផ្សារបានយូរអង្វែង។ អ្នកពាក់ព័ន្ធត្រូវ អប់រំ ផ្សព្វផ្សាយ ដល់កសិករចៀសវាងការប្រើប្រាស់ជីគីមី និងត្រូវដោះស្រាយប្រព័ន្ធធារាសាស្រ្តឲ្យបានទាន់ពេលវេលា។
 
ឆ្លើយតបបញ្ហារបស់កសិករខាងលើ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗថា ដ្បិតកន្លងមក ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានដោះស្រាយជូនកសិករច្រើនលើបញ្ហាទីផ្សារ តែកសិករមួយចំនួនក៏នៅជួបបញ្ហានេះដដែល។
 
លោក ប៉ែន សុវិជាតិ បានរៀបរាប់ដូច្នេះ៖«អំឡុងកូវីដ-១៩ ពិសេសពេលបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងកសិកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលឲ្យកសិករមួយចំនួន ដើម្បីអាចនាំយកកសិផល ដើម្បីមកផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ។ តែយ៉ាងណាក៏នៅមានកសិករមួយចំនួនមិនអាចយកកសិផលទាំងនោះ ចូលភ្នំពេញបាន»។
 
ដោយសារការបិទខ្ទប់ភ្នំពេញ ផ្សារទាំងអស់ត្រូវបានផ្អាក រួមទាំងការដឹកជញ្ជូនត្រូវបានរឹតបន្តឹង ធ្វើឲ្យកសិផលរបស់កសិករមួយចំនួនត្រូវសល់ក្នុងចម្ការ។ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មក៏មិនមានដំណោះស្រាយអ្វីក្រៅពីរង់ចាំការបើរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឡើងវិញនៅថ្ងៃទី៦ ខែឧសភានេះ។
 
«យើងសង្ឃឹមថាការបញ្ចប់ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ អាចឲ្យស្ថានភាពវិលរកធម្មតាវិញ។ ផ្សារទំនើប និងផ្សារផ្គត់ផ្គង់បន្លែ អាចបើកឡើងវិញ កសិករនិងឈ្មួញអាចនាំយកកសិផលផ្គត់ផ្គង់ទីផ្សារឡើងវិញ។ យើងមិនបានហាមការដឹកទំនិញ ចូលក្នុងរាជធានីភ្នំពេញនោះទេ។ តែអំឡុងបិទខ្ទប់ ចរាចរណ៍ត្រូវបានរឹតបន្តឹង។ ដូច្នេះយើងអាចជួយកសិករមួយចំនួនប៉ុណ្ណោះ ព្រោះពិបាកក្នុងការសម្របសម្រួល»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ណែនាំកសិករឲ្យចេះរៀបចំដាំដុះឲ្យបានត្រឹមត្រូវ និងកែច្នៃតាមតម្រូវការទីផ្សារ ត្រូវមានទំនាក់ទំនងល្អជាមួយឈ្មួញ និងអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ។ រាជរដ្ឋាភិបាលកំពុងពន្លឿន រៀបចំ ទីតាំងបោះដុំកសិផលថ្មី នៅបឹងតាមោក ដើម្បីដោះស្រាយបញ្ហាជូនកសិករឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com