អន្តរជាតិ
លោក បៃឌិន៖ ពលរដ្ឋពេញវ័យ៧០ភាគរយទទួលវ៉ាក់សាំងយ៉ាងតិចមួយដូសនៅត្រឹមដើមខែកក្កដា
05, May 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃទី៤ ខែឧសភា បានប្រកាសគោលដៅផ្ដល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ យ៉ាងហោចណាស់មួយដូសឱ្យប្រជាជនពេញវ័យអាមេរិកចំនួន៧០ភាគរយនៅត្រឹមថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យ។ ស្របគ្នានេះ រដ្ឋាភិបាលអាមេរិក ក៏ត្រៀមផ្ដល់វ៉ាក់សាំងឱ្យក្មេង អាយុពី១២ទៅ១៥ឆ្នាំឱ្យឆាប់តាមដែលអាចធ្វើទៅបាន នៅពេលមានវ៉ាក់សាំងផងដែរ។


ថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យឯករាជ្យរបស់អាមេរិក។ លោកប្រធានាធិបតី ចូ បៃឌិន ធ្លាប់ប្រកាសថា ប្រជាជនអាមេរិកអាចជួបជុំគ្នាទ្រង់ទ្រាយតូចដើម្បីអបអរពិធីនេះ ដែលវាក៏នឹងជាសញ្ញានៃការវិល ត្រឡប់ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីការរីរាលដាលជំងឺកូវីដ-១៩ អស់ពេលជាយូរមកហើយ។
 
ជាមួយគោលដៅនេះ លោក បៃឌិន ក៏កំណត់គោលដៅចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ប្រមាណ១៦០លាននាក់ដែលស្មើនឹង៧០ភាគរយនៃប្រជាជនអាមេរិកនៅត្រឹមថ្ងៃទី៤ ខែកក្កដានេះ ដែរ។ ប្រធានាធិបតីអាមេរិក លើកទឹកចិត្តឱ្យប្រជាជនទៅវ៉ាក់សាំងឱ្យបានច្រើន។ 
 
«ឥឡូវនេះដោយមានវ៉ាក់សាំង យើងកំពុងផ្តោតលើការបញ្ចុះបញ្ចូល ប្រជាជនអាមេរិកឱ្យបង្ហាញខ្លួន និងទទួលវ៉ាក់សាំងដែលមានសម្រាប់ចាក់ឱ្យពួកគេ។ ប្រសិនបើយើងទទួលបានជោគជ័យក្នុងការប្រឹង ប្រែងនេះ ប្រជាជនអាមេរិកទាំងអស់ នឹងអាចឈានទៅរកការវិលត្រលប់មករស់នៅជាប្រក្រតីវិញ»។ លោក បៃឌិន ថ្លែងបែបនេះពីសេតវិមាន។ 
 
រដ្ឋបាលរបស់លោក បៃឌិន កំពុងតែប្រឹងប្រែងអូសទាញប្រជាជនអាមេរិកជាច្រើនដែលនៅស្ទាក់ស្ទើរ ក្នុងការទទួលវ៉ាក់សាំង ពិសេសក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងក្រុមមនុស្សពេញវ័យ។ ជាមួយ នឹងការទទួលស្គាល់បញ្ហាដែលកើតមាននេះ លោក បៃឌិន ផ្ញើសារថា អ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង។ 
 
ជាមួយគ្នានេះ មេដឹកនាំអាមេរិកក៏បានបញ្ជាក់ច្បាស់ថា រដ្ឋបាលរបស់លោកកំពុងរៀបចំឱ្យមាន វ៉ាក់សាំងសម្រាប់ក្មេងៗអាយុពី១២ទៅ១៥ឆ្នាំផងដែរ។ លោកបញ្ជាក់ថា វ៉ាក់សាំង នឹងត្រូវចាក់ឱ្យ ពួកគេនៅពេលទទួលបានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)។ បច្ចុប្បន្ន អាមេរិកមានវ៉ាក់សាំងសម្រាប់ក្មេងអាយុចាប់ពី១៦ឆ្នាំឡើងទៅរួចហើយ។
 
ពេលឡើងកាន់តំណែងភ្លាម លោក បៃឌិន បានកំណត់គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបាន១០០ លាននាក់ក្នុងអំឡុងពេល១០០ ថ្ងៃដំបូងបន្ទាប់ពីលោកឡើងកាន់តំណែង និងទទួលបានជោគជ័យ ហើយ។ ក្រោយមកលោក បានបង្កើនគោលដៅចាក់វ៉ាក់សាំងឱ្យដល់២០០លាននាក់ថែមទៀត។ គិត ត្រឹមថ្ងៃទី៤ ខែឧសភា ប្រជាជនអាមេរិកជាង១០៥លាននាក់បានចាក់វ៉ាក់សាំងពេញ ខណៈប្រជាជន ពេញវ័យជាង១៤៧លាននាក់ដែលស្មើនឹងជាង៤៤ភាគរយ បានទទួលបានវ៉ាក់សាំងយ៉ាងហោច ណាស់មួយដូស៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com