អន្តរជាតិ
កូរ៉េខាងត្បូងថា វ៉ាក់សាំងAstraZenecaនិងPfizer មានប្រសិទ្ធភាព៨៧ភាគរយក្រោយចាក់ដូសដំបូង
05, May 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ឈួស៊ាវយីងជាវ 

នៅថ្ងៃទី៥ ខែឧសភានេះ កូរ៉េខាងត្បូង អះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca និង Pfizer ត្រឹមមួយដូស មានប្រសិទ្ធភាពជាមធ្យមដល់ទៅ៨៦,៦ភាគរយក្នុងចំណោមមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ ។


បើតាមទិន្នន័យដែលផ្សាយដោយទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KDCA) វ៉ាក់សាំងរបស់ Pfizer ដែលសហការផលិតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាព៨៩,៧ភាគរយក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល២សបា្ដហ៍បន្ទាប់ពីចាក់លើកទី១រួច។ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព៨៦ភាគរយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការវិភាគ ផ្អែកលើការតាមដានលើប្រជាជនចំនួន៣,៥លាននាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងអំឡុងពេលពីរខែ ដោយរាប់ពីថ្ងៃទី២៦ ខែកុម្ភៈមក។ មនុស្ស៥២១,១៣៣នាក់ទៀតដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ដូសទីមួយ ក៏ត្រូវបានសិក្សាផងដែរ។ ជាលទ្ធផល ក្នុងចំណោមក្រុមមនុស្សនេះ មានករណីវិជ្ជមានចំនួន១២៣៧នាក់ ហើយក្នុងនោះមានតែ២៩នាក់ប៉ុណ្ណោះមកពីក្រុមមនុស្សដែលទទួលបានវ៉ាក់សាំង។
 
«វាបង្ហាញថា វ៉ាក់សាំងទាំងពីរនេះមានប្រសិទ្ធភាពការពារខ្ពស់ក្រោយពីចាក់លើកទី១។ ដូច្នេះប្រជាជនទាំងអស់គួរតែទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលវិភាគដែលបានណែនាំ ព្រោះប្រព័ន្ធស៊ាំ នឹងត្រូវបង្កើនក្រោយពីការចាក់លើកទី២។» KDCA បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
 
លទ្ធផលនៅកូរ៉េខាងត្បូង ចេញផ្សាយស្របពេលប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca ស្ថិតក្នុងការសង្ស័យ ក្រោយមានព័ត៌មានទាក់ទងផលប៉ះពាល់ដូចជាកំណកឈាមនៅតាមប្រទេសមួយចំនួន។ ប្រទេសជាច្រើន បានផ្អាកផ្ដល់វ៉ាក់សាំងនេះឱ្យប្រជាជនខ្លួន ខណៈប្រទេសជាច្រើនទៀតបន្តចាក់វ៉ាក់សាំងនេះ ព្រោះគុណសម្បត្តិមានច្រើនជាងហានិភ័យ។
 
គួរបញ្ជាក់ថា នាពេលកន្លងមក ប្រជាជនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងប្រមាណ៩៥ភាគរយ សុទ្ធតែជាពលរដ្ឋវ័យចំណាស់ និងមានអាយុលើសពី៦០ឆ្នាំ។ ដូចនេះ ការសិក្សាខាងលើ នឹងជួយរដ្ឋាភិបាលក្រុងសេអ៊ូលក្នុងការផ្ដល់វ៉ាក់សាំងឱ្យចំគោលដៅអាទិភាព។ វ៉ាក់សាំងរបស់ Pfizer និង AstraZeneca ជាវ៉ាក់សាំងតែពីរដែលត្រូវបានកូរ៉េខាងត្បូងប្រើប្រាស់ក្នុងកម្មវិធីវ៉ាក់សាំងរបស់ខ្លួន៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com