COVID-19
ជាតិ
ពលរដ្ឋខេត្តព្រះសីហនុ ១១៨នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះមានទារក និងកុមារ១៧នាក់
× ពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ចំនួន១១៨នាក់បន្ថែមវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន១៧នាក់ ជាទារក និងកុមារ។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន៤១នាក់បន្ថែមបានសះស្បើយផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨នាក់បន្ថែមទៀត ដែលភាគច្រើនពលរដ្ឋរស់នៅក្នុងសង្កាត់លេខ១, សង្កាត់លេខ៣ និងសង្កាត់លេខ៤។ ពួកគាត់ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ និងជាកម្មករសំណង់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១២នាក់ មានកុមារ និងទារក សរុប១៧នាក់។
បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន Thmeythmeyថា ខេត្តព្រះសីហនុ ក៏មានអ្នកជំងឺចំនួន ៤១នាក់បន្ថែមបានសះស្បើយផងដែរ។ អ្នកនាំពាក្យរូបនេះ ឱ្យដឹងទៀតថា ខេត្តសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២,១០៦នាក់ ក្នុងនោះជាសះស្បើយចំនួន៨៤៥នាក់។ អ្នកជំងឺ៩នាក់ បានស្លាប់ និងកំពុងសម្រាកព្យាបាលមានចំនួន ១២៥២នាក់។
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់។ មនុស្សស្លាប់ដោយសារកូវីដ-១៩ បានកើនដល់១១០នាក់៕
Tag:
Thmeythmey
កូវីដ-១៩
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com