COVID-19
ជាតិ
កម្ពុជា ទទួលបានជំនួយជាបរិក្ខារពេទ្យតម្លៃជាង៣០ម៉ឺនដុល្លារទៀត ពីកូរ៉េ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩
05, May 2021 , 10:29 pm        
រូបភាព
លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាកិច្ចជំនួបនៅថ្ងៃទី៥ ខែឧសភា។ -crop
លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាកិច្ចជំនួបនៅថ្ងៃទី៥ ខែឧសភា។ -crop
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់បរិក្ខារពេទ្យ ដែលមានតម្លៃស្មើ៣០ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការផ្ដល់ជូននេះ គឺធ្វើឡើងក្នុងជំនួបរវាង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ លោក ផាក ហ៊ឹងខ្យង់  ជាមួយនឹងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ឧសភានេះ។



ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េឯកឧត្តម ផាក ហ៊ឹងខ្យង់ បានលើកឡើងថា ក្នុងមិត្តភាពយ៉ាងជិតស្និតជាមួយកម្ពុជា សាធារណរដ្ឋកូរ៉េ នឹងប្រឹងប្រែងជួយដល់កម្ពុជាដើម្បីយកឈ្នះការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ផាក ហ៊ឹងខ្យង់ បានបញ្ជាក់ដូច្នេះ៖ «ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេនៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព។ យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជា ជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា»។
 
នេះមិនមែនជាលើកដំបូងឡើយដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលកូរ៉េ បានផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារ និងឧបករណ៍ធ្វើតេស្ដរកមេរោគ ដែលមានតម្លៃស្មើនឹង ១០ម៉ឺនដុល្លាដល់កម្ពុជា។ ជាមួយគ្នានេះ តាមរយៈ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19)  សាធារណរដ្ឋកូរ៉េ ក៏បានផ្ដល់ ឧបករណ៍សម្រាប់តេស្តរកវីរុសចំនួន ២០, បន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ ចំនួន៦០ ,គ្រឿងឧបភោគបរិភោគ និងឱសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦ ដែលមានតម្លៃស្មើប្រមាណ ១លានដុល្លារផងដែរ៕ 
 

Tag:
 កូរ៉េ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com