ជាតិ
ទោះគ្មានករណីកូវីដ-១៩ ខេត្តរតនគិរី នៅបន្តបិទរមណីដ្ឋានទេសចរណ៍ទាំងអស់
06, May 2021 , 8:29 am        
រូបភាព
ដោយ:
ជាខេត្តតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមិនមានករណីឆ្លងជំងឺកូវីដ-១៩រហូតមកដល់បច្ចុប្បន្ន។ បើទោះមិនមានការរីករាលដាលនៃជំងឺនេះក្ដីក៏រដ្ឋបាលខេត្តរតនគិរី មិនទាន់បើកទទួលភ្ញៀវទេសចរ នៅតាមរមណីយដ្ឋាននានានោះទេ។  កន្លែកស្នាក់នៅ និងអាហារដ្ឋាន មួយចំនួន ក្នុងខេត្តភាគឦសាន្តនេះក៏នៅបន្តបិទផងដែរ។

 
តំបន់ទេសចរណ៍ភាគច្រើនក្នុងខេត្តរតនគិរីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាសហគមន៍។ លោក ថង សាវុន បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះថា៖ «រមណីយដ្ឋានទាំងអស់មិនទាន់បើកដំណើរការឡើងវិញទេ ដោយសារពួកគាត់(ប្រជាសហគមន៍) មើលឃើញថា ករណីផ្ទុះជំងឺកូវីដ-១៩នៅតែបន្តកើនឡើង។ដូច្នេះពួកគាត់បន្តផ្អាកមិនទាន់ទទួលភ្ញៀវពីក្រៅស្រុក ឬក្នុងស្រុកឱ្យចូលកម្សាន្តនៅឡើយទេ »។ 
 
ភោជនីយដ្ឋានធំៗ ផ្ទះសំណាក់ សណ្ឋាគារ ការកម្សាន្តពេលរាត្រី ក៏មិនទាន់មានសកម្មភាពឡើងវិញដែរក្នុងខេត្តរតនគិរី។ បើតាមការបន្ថែមរបស់អភិបាលខេត្ត មានតែអាហារដ្ឋានតូចៗប៉ុណ្ណោះដែរបើបម្រើការទទួលភ្ញៀវ។


 
លោក ថងសាវុន មិនទាន់អាចបង្ហាញពីលទ្ធភាពនៃការបើកដំណើរការរមណីយដ្ឋាន ដើម្បីទទួលភ្ញៀវទេសចរក្នុងនិង ក្រៅខេត្តបាននោះទេ ដោយលោកពិចារណា លើស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ។ 
 
ដ្បិតនៅបិទរមណីយដ្ឋាននៅឡើយប៉ុន្តែខេត្តមួយនេះ ក៏មិនបង្អង់ចំពោះការត្រៀមលក្ខណទទួលភ្ញៀវទេសចរនោះទេនៅពេលណាជំងឺកូវីដ-១៩បានស្រាកស្រាន្ត។ ប្រជាសហគមន៍ដែលគ្រប់គ្រងរមណីយដ្ឋាននីមួយៗបានកំពុងអភិវឌ្ឍសេវាកម្មរបស់ពួកគាត់ និងកែលម្អរតាមរមណីយដ្ឋានខ្លួនបន្ថែមទៀត។ 
 


លោក ថង សាវុន អភិបាលខេត្តរតនគិរី។ ThmeyThmey

សូមជម្រាបផងដែរថាខេត្តរតនគិរី មានតំបន់ទេចរណ៍សក្ដានុពលរហូតដល់១៤កន្លែងដែលសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌។ ភ្នំឥស្សឹតបតមៈ, បឹងយក្សឡោម, បឹងលំកុដ,បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ,ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង,ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ,វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់,ឧទ្យានជាតិវីរៈជ័យ,ភូមិវប្បធម៌ជនជាតិដើមភាគតិចនិងរមណីយដ្ឋានទឹកជួរទឹង ទាំងនេះជាតំបន់ទេសចរណ៍សក្ដានុពលរបស់ខេត្តនៅភូមិភាគឦសាន្តមួយនេះ។
 
គួរបញ្ជាក់ថាជាងមួយឆ្នាំមកហើយ ដែលខេត្តរតនគិរីមិនមានករណីវិជ្ជមានជំងឺកូវីដ-១៩ នោះទេ ខណៈអ្នកកើតជំងឺនេះនៅ២៤រាជធានី-ខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា កើនដល់ ចំនួន ១៦៩៧១ករណី។ អ្នកជាសះស្បើយមានចំនួន ៦០១៩នាក់ និងមានអ្នកស្លាប់រហូតដល់១១០នាក់៕ 
 

 

Tag:
 ThmeyThmey25
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com