នៅពេលកុមារញៀននឹងការមើលទូរសព្ទ តើអាណាព្យាបាលគួរធ្វើយ៉ាងណា?
ជាតិ
នៅពេលកុមារញៀននឹងការមើលទូរសព្ទ តើអាណាព្យាបាលគួរធ្វើយ៉ាងណា?
06, May 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ កម្សោយបច្ចេកវិទ្យា និងការមិនបានចំណាយពេលគ្រប់គ្រាន់ ក្នុងការតាមដានការសិក្សារបស់កូនៗ ពេលរៀនតាមអនឡាញ ជាហេតុនាំឱ្យកុមារ មានឱកាសច្រើន ក្នុងការចូលទៅមើលវីដេអូមិនសមរម្យផ្សេងៗ ឬលេងgameជាដើម។ យូរទៅពួកគេអាចញៀននឹងការមើលទូរសព្ទ ចៀសជាងការសិក្សារៀនសូត្រ ដល់ដំណាក់កាលនោះហើយ ដែលម្ដាយឪពុក និងអាណាព្យាបាល ពិបាកគ្រប់គ្រងស្ថានការណ៍។ ពេលជួបស្ថានភាពបែបនេះ តើអាណាព្យាបាលគួរធ្វើយ៉ាងណា?



លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា UNICEF បានបញ្ជាក់ថា ក្នុងដំណាក់កាលកូវីដ-១៩ ដែលកុមារតម្រូវឱ្យរៀនតាមអនឡាញនោះ គឺទាមទារឱ្យអាណាព្យាបាល និងម្ដាយឪពុក តាមដាននិងគាំទ្រការសិក្សារបស់កុមារ។


 
លោក មាស ប៊ុនលី ថាការតាមដានការសិក្សារបស់កុមារ មិនគួរធ្វើឡើងក្នុងរូបភាពធូររលុងពេក ឬតឹងរឹងពេកទេ។ ដោយអាណាព្យាបាលគ្រាន់តែ ដឹកពីកាលវិភាគសិក្សាតាមអនឡាញរបស់កូន ដឹងពីមុខវិទ្យាដែលកូនត្រូវរៀន ដើម្បីអាចកំណត់ឱ្យកូនកាន់ទូរសព្ទក្នុងមួយថ្ងៃប៉ុន្មានម៉ោង និងឱ្យពួកគេមើលអ្វីខ្លះ។
 
មានវិធីសាស្ត្រមួយចំនួន ដើម្បីដោះស្រាយបញ្ហាខាងលើ ដែលអាណាព្យាបាលគួរធ្វើ តទៅនេះសូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មី ជាមួយលោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃមូលនិធិសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា UNICEF ដោយក្ដីរីករាយ៖






ការលេង game  តាមទូរសព្ទមិនសុទ្ធតែអាក្រក់ឡើយសម្រាប់កុមារ នេះជាការលើកឡើងរបស់លោក មាស ប៊ុនលី ហើយលោកពន្យល់បន្ថែមដូច្នេះ៖«កុមារគាត់បាត់បង់ការរៀនសូត្រ គាត់បាត់បង់មិត្តភ័ក្ដិ ដូច្នេះការលេង game តាមទូរសព្ទក៏អាចជួយគាត់បានខ្លះដែរ។ បន្ថែមពីនោះអាណាព្យាបាល ជាពិសេសម្ដាយឪពុក គួរចំណាយពេលឱ្យបានច្រើនជាមួយកូន សួរសុខទុក្ខកូន ត្រួតពិនិត្យអារម្មណ៍កូន លើកទឹកចិត្តកូនក្នុងភាពវិជ្ជមាន ដើម្បីឱ្យពួកគេមានភាពកក់ក្ដៅ និងបង្កើនភាពស្និទ្ធស្នាលជាមួយកូន»។
 
យ៉ាងណាក៏ដោយ នៅពេលដែលកុមារ អាចឈានដល់ការញៀននឹងការមើលទូរសព្ទ មន្ត្រីជំនាញផ្នែកទំនាក់ទំនង លោក មាស ប៊ុនលី លើកទឹកចិត្តឱ្យអាណាព្យាបាល ប្រើវិធីពន្យល់ពីផលប៉ះពាល់ជាអវិជ្ជមាន ដោយចៀសវាងការប្រើវិធីចាប់បង្ខំ ឬប្រើអំពើហិង្សាលើកុមារ៕
 
 
 
 

Tag:
 អប់រំ
  ទូរសព្ទ
  កុមារ
  កូវីដ-១៩
  អាណាព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com