ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំរំលង! ឈើអែម (Cinnamon) ល្អអ្វីខ្លះចំពោះសុខភាពនិងសម្រស់?
06, May 2021 , 6:59 am        
រូបភាព
ទោះបីជាស្គាល់និងឧស្សាហ៍ប្រើប្រាស់គ្រឿងទេសនេះ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ឈើអែមអាចផ្ដល់អត្ថប្រយោជ៍អ្វីខ្លះចំពោះសុខភាព ព្រមទាំងសម្រស់។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការរួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ ៖

 
អត្ថប្រយោជន៍ផ្នែកសុខភាព
១. ផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
 
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងឈើអែម គឺមានអត្ថប្រយោជន៍ណាស់ដោយវាជួយការពាររាងកាយប្រឆាំងនឹងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ សារធាតុ polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងចំណោមសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានផ្ទុកក្នុងឈើអែម។
 
២. មានលក្ខណៈសម្បត្តិប្រឆាំងការរលាក
 
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃឈើអែម គឺប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ។ ដូច្នេះការទទួលទានឈើអែមជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលកើតឡើងដោយសារការរលាកក្នុងរាងកាយដូចជាឈឺក្បាល និងឈឺសន្លាក់ជាដើម។
 
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
 
ការរួមបញ្ចូលឈើអែមក្នុងរបបអាហារអាចជួយរក្សាសុខភាពបេះដូងគួរឱ្យកត់សម្គាល់។ ការបន្ថែមឈើអែមក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយរាងកាយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ឈើអែមក៏មានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមនិងខ្លាញ់មិនល្អទ្រីគ្លីសេរីដផងដែរ។
 
៤. ធ្វើឱ្យការចងចាំកាន់តែប្រសើរឡើង
 
ឈើអែមជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យនៃខួរក្បាលនិងការពារកោសិកាខួរក្បាល។ វាក៏ជួយរំញោចដល់ផ្នែកមួយនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ។
 
៥. បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម
 
ក្រៅពីមានឥទ្ធិពលវិជ្ជមានលើភាពធន់នឹងអាំងស៊ុយលីនហើយនោះ ឈើអែមក៏មានប្រសិទ្ធភាពបន្ថយកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។
 
៦. បំបាត់អាការៈឈឺក្បាលប្រកាំង
 
នេះក៏ព្រោះតែឈើអែមមានសមត្ថភាពបំបាត់ការឈឺចាប់។
 
៧. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
 
តើអ្នកធ្លាប់ដឹងទេថាឈើអែមពិតជាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងប្រសើរ? ប្រសិនបើអ្នកសម្គាល់ឃើញខ្លួនឯងងាយនឹងឈឺ ជាពិសេសផ្ដាសាយ ចូរព្យាយាមបន្ថែមឈើអែមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងជំងឺផ្សេងៗ។
 
៨. ល្អចំពោះសុខភាពពោះវៀន
 
ជាតិហ្គាសអាចប្រមូលផ្ដុំក្នុងក្រពះដែលអាចបង្កបញ្ហាពិបាករំលាយអាហារនិងហើមពោះ។ ដើម្បីដោះស្រាយបញ្ហានេះអ្នកគួររួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ។ ឈើអែមជាប្រភេទនៃសារធាតុ carminative ដែលជួយកម្ចាត់ជាតិហ្គាសឧស្ម័នដែលប្រមូលផ្ដុំក្នុងក្រពះ។ ម្យ៉ាងវិញទៀតគ្រឿងទេសនេះក៏អាចជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។
 
អត្ថប្រយោជន៍ផ្នែកសម្រស់
១. វាជួយកាត់បន្ថយមុន
 
នេះក៏ព្រោះតែឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីអាចជួយព្យាបាលរោគមុន។ គ្រឿងទេសនេះអាចសម្លាប់បាក់តេរីនិងរោគផ្សិតដែលបង្កឱ្យមានស្នាមសំលាក ព្រមទាំងស្នាមជាំ។ ឈើអែមក៏ជាប្រភពដ៏ប្រសើរបំផុតមួយដែលជួយការពាររាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺរ៉ាឌីកាល់សេរីបង្កការរលាកដល់ស្បែក ហើយនៅពេលបញ្ហានេះកើតឡើងរ​ន្ធញើសស្ទះនាំឱ្យកើតមុន។
 
២. វាជួយទប់ស្កាត់រោគសញ្ញានៃភាពចាស់តាមវ័យ
 
រ៉ាឌីកាល់សេរីក៏អាចរួមចំណែកបណ្ដាលឱ្យស្បែកចាស់មុនវ័យផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងឈើអែមពន្យឺតដំណើរការនៃភាពចាស់តាមវ័យដោយការពារកោសិកាពីការបំផ្លាញ។ ឈើអែមថែមទាំងជួយបង្កើនការផលិតកូឡាជែនទៀតផងដោយវាមានផ្ទុកសមាសធាតុដែលជួយបង្កើនកម្រិតនៃកូឡាជែន។
 
៣. វាជួយឱ្យស្រកទម្ងន់
 
ឈើអែមមានផ្ទុកសម្បូរជាតិសសៃជួយឱ្យឆាប់ឆ្អែមនិងឆ្អែតបានយូរ។ វាក៏ជួយពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយដោយរាងកាយប្រើប្រាស់ថាមពលកាន់តែច្រើនដំណើរបំបែកគ្រឿងទេសនេះ។
 
៤. ដោះស្រាយបញ្ហាសក់ជ្រុះខ្លាំង
 
ជាដំបូងអ្នកត្រូវលាយម្សៅឈើអែម ប្រេងអូលីវ និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យសព្វ។ ដុសលាបម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ោងដើម្បីឱ្យស្បែកក្បាលបានស្រូបយកសារធាតុចិញ្ចឹមពីល្បាយ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សាប៊ូកម្រិតស្រាល។ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍សម្រាប់កំឡុងពេល ៣ ខែដើម្បីទប់ស្កាត់សក់ជ្រុះ។ រូបមន្តធម្មជាតិនេះក៏ជួយបង្កើនការលូតលាស់នៃសក់និងធ្វើឱ្យសក់រឹងមាំផងដែរ។
 
៥. កម្ចាត់មុនក្បាលខ្មៅលើច្រមុះនិងចង្កា
 
ជាដំបូងត្រូវលាងសម្អាតតំបន់ស្បែកដែលមានបញ្ហាឱ្យស្អាតសិន បន្ទាប់មកលាងម្សៅឈើអែម ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ លាបល្បាយលើកន្លែងដែលមានមុនក្បាលខ្មៅ បន្ទាប់មកបិតក្រដាសជូតមាត់ដែលមានសភាពរាងរឹងបន្តិចពីលើមួយជាន់។ ទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី ឬរហូតដល់ស្ងួត សឹមបកចេញថ្នមៗ។
 
៦. បំបាត់ស្នាមជ្រីវជ្រួញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែមពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយប្រេងដូងរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com