COVID-19
ជាតិ
អាជ្ញាធរខេត្ត​កំពង់ចាម បន្ត​បិទ​ខ្ទប់​ភូមិ​ខ្លះទៀត រយៈពេល​១៤​ថ្ងៃ​ទៀត
05, May 2021 , 10:40 pm        
រូបភាព
ភ្នំពេញ​៖ ក្រោយ​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្ដីណែនាំ បន្ត​ការបិទ​ខ្ទប់​ភូមិ​មួយចំនួន រយៈពេល​១៤​ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​។


 
​នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្ដីណែនាំ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​តាម​តំបន់ បន្ត​អនុវត្ត​ការបិទ​ខ្ទប់​ភូមិ​មួយចំនួន ដែល​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​។ 
 
​ក្នុង​សេចក្ដីណែនាំ​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​តាម​ស្រុក ឃុំ ភូមិ​ទាំងអស់​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព របស់​រដ្ឋបាលខេត្ត​។ រដ្ឋបាល​ភូមិ ឃុំ សង្កាត់ ក៏ត្រូវ​គ្រប់គ្រង​ការចេញចូល និង​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ខ្លួន ពិសេស​តំបន់​ក្រហម ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់ បើ​គ្មាន​ការយកចិត្តទុកដាក់​។ ក្នុងករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី រដ្ឋបាល​ស្រុក​ត្រូវ​បិទ​ខ្ទប់​ភូមិ ឬ​កំណត់​ប្លុក​តូចៗ​នោះ​ឲ្យ​បានច្បាស់លាស់ រយៈពេល​១៤​ថ្ងៃ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចេញ​-​ចូល ឬ​ទាក់ទង​គ្នា​ឡើយ​។​
 
​រដ្ឋបាល​ស្រុក ត្រូវ​ពង្រឹង​ការផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ ឃុំ​យល់ដឹង និង​ចូលរួម​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ជៀសវាង​ការ​លួច​នាំ​ជនបរទេស​ចល័ត​ចេញ​-​ចូល នៅ​មូលដ្ឋាន​នោះ​។ ក្រៅពីនេះ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ក៏ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ពី​ការ​ស្នាក់នៅ​របស់​ពលរ​ដ្ឋ​។ រាល់​សកម្មភាព​បំពាន​នឹង​វិធាន​ការបិទ​ខ្ទប់​នេះ ឬ​ករណី​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​
 
​មន្ត្រីនគរបាល​ទាំងអស់​តាម​មូលដ្ឋាន​បិទ​ខ្ទប់​នីមួយៗ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ពង្រឹង​ការ​រឹតត្បិត​លើ​ការចេញ​-​ចូល​របស់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លើសពីនេះទៅទៀត រដ្ឋបាល​ស្រុក​នីមួយៗ ក៏ត្រូវ​បន្ត​ការស្វែងរក​អ្នក​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​ទៅធ្វើ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​ក្រៅពី​រដ្ឋបាល​ស្រុក មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏មាន​តួនាទី​ណែនាំ និង​គ្រប់គ្រង ម្ចាស់​អាជីវកម្ម នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ ទូទាំង​ខេត្តកំពង់ចាម ឲ្យ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព នៅតាម​ទីកន្លែង​របស់ខ្លួន​ផងដែរ​។ ចំពោះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ក៏ត្រូវ​ចុះ​ពិនិត្យ ដេប៉ូ​លក់​អាហារ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ទូទាំង​ខេត្ត​ផងដែរ​។ បើសិនជា​ម្ចាស់​អាជីវកម្ម​ណាមួយ ល្មើស​វិធានការ​រដ្ឋបាល អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ បន្ថែមទៀត​នោះ រដ្ឋបាល​ស្រុក ត្រូវ​សហការ​ជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក​ខ្លួន និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ធានា​ឲ្យ​មានការ​ផ្គត់​ផ្គង់ស្បៀង​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ ពិសេស​តំបន់​ក្រហម​។​
 
​ក្នុង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា អំឡុងពេល​នៃ​ការបិទ​ខ្ទប់ ករណី​មួយចំនួន​ក៏ត្រូវ​បាន​លើកលែង ដូចជា​ការ ជួបជុំ​លក្ខណៈ​គ្រួសារ ពិធី​បុណ្យសព ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល (​សង្គ្រោះបន្ទាន់ ឬ​យក​សំណាក​) ការជួបជុំ​ផ្គត់ផ្គង់​ជំនួយ និង​ការជួបជុំ​របស់​នគរ​បាល ឬ​សាលាជម្រះក្ដី​ជាដើម​។​
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែឧសភា ខេត្តកំពង់ចាម​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​១២០​នាក់ ក្នុងនោះ​មាន​៣៣​នាក់​បានជា​សះស្បើយ និង​៨៦​នាក់​កំពុង​ម​សម្រាក​ព្យាបាល និង​ម្នា​ក់បាន​ស្លាប់​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com