កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ថា Chelsea សមនឹងបានកៅអីផ្តាច់ព្រ័ត្រ UCL ឯ Real ត្រូវផ្តោត La Liga វិញ
06, May 2021 , 9:41 am        
រូបភាព
លោក Zinedine Zidane អ្នកចាត់ការទូទៅ Real Madrid សារភាពថា Chelsea សមនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ព្រោះពួកគេជាក្រុមខ្លាំង និងលេងបានល្អណាស់នៅវគ្គ៤ក្រុមចុងក្រោយ។ របូតពានអឺរ៉ុបទៅហើយ  Zidane នឹងផ្តោតលើ La Liga ដែលជាពានចុងក្រោយសម្រាប់ Real ត្រូវប្រជែងរដូវកាលនេះ។


លោក Zidane សរសើរពីរបៀបលេងរបស់តោខៀវមិនដាច់ពីមាត់ឡើយ ក្រោយក្រុមខ្លួនរងបរាជ័យក្នុងជំនួបជើងទី២ នៅ Stamford Bridge ដោយលទ្ធផល ២-០។ Timo Werner និង Mason Mount ជាអ្នកជួយ Chelsea ទទួលបានជ័យជម្នះនេះ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវតតាំងជាមួយ Manchester City ដែលជាក្រុម Premier League ដូចគ្នា។
 
Real ដែលឈ្នះជើងឯកក្របខណ្ឌអឺរ៉ុប៣រដូវកាលជាប់គ្នាក្រោមការដឹកនាំរបស់ Zidane ចន្លោះឆ្នាំ ២០១៦-២០១៨ មិនសោកស្តាយនឹងលទ្ធផលនេះទេ។ ផ្ទុយទៅវិញអ្នកចាត់ការសញ្ជាតិបារាំងថែមទាំងបង្ហាញមោទកភាពចំពោះការខិតខំប្រឹងប្រែងរបស់កីឡាកររបស់ខ្លួនទៀតផង។
 
Zidane បានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «យើងដឹងហើយថា រដូវកាលនេះយើងមានកីឡាកររបួសជាច្រើនស្ទើពេញមួយឆ្នាំ។ ខ្ញុំគិតថាយើងសមនឹងទទួលប៉ុណ្ណេះហើយ យើងត្រូវតែអបអរ Chelsea ដែលធ្វើបានល្អនៅរាត្រីនេះ។ ឥឡូវនេះដល់ពេលដែលត្រូវសម្រាកហើយផ្តោតអារម្មណ៍ទៅលើការប្រកួត ៤ លើកចុងក្រោយនៅ LaLiga »។
 
ក្រុមអធិរាជស ត្រូវមានភារកិច្ចសំខាន់ដែលសេសសល់ក្នុងដៃរដូវកាលនេះ គឺប្រជែងយកជើងឯលីគកំពូលអេស្ប៉ាញ។ ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ កំពុងប្រដេញពិន្ទុគ្នាជាមួយ Barcelona និងក្រុមនាំមុខកំពូលតារាង Atletico Madrid។ La Liga នៅសល់៤ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ ស្របពេល Real និង Barca ស្ថិតនៅចំណាត់ថ្នាក់ទី២ និងទី៣ ដែលមាន៧៤ពិន្ទុដូចគ្នា តាមពីក្រោយ Atletico Madrid ចំនួន២ពិន្ទុ។
 
Barca និង AT-Madrid នឹងត្រូវជួបគ្នានៅចុងសប្តាហ៍នេះមួយប្រកួតទៀត ស្របពេល Real ស្វាគមន៍ Sevilla សម្រាប់ជំនួបសប្តាហ៍ទី៣៥។ ប្រសិនបើ AT-Madrid ចាញ់ឬស្មើក្រុមអ្នកមានបុណ្យ ហើយ Real ឈ្នះនោះពួកគេនឹងឡើងទៅឈកំពូលតាងរាងវិញ៕
 

Tag:
 Zinedine Zidane
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com