COVID-19
ជាតិ
សង្គមជាតិ
អ្នកដំណើរ​អាច​ចេញចូល​រាជធានី និង​ខេត្ត​បាន ប៉ុន្តែ​ត្រូវគោរព​វិធាន​អាជ្ញាធរ​តំបន់​ទាំងនោះ​
06, May 2021 , 2:53 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​អ្នក​រាជធានី​ភ្នំពេញ​ដែល​រស់នៅក្នុង​តំបន់​លឿង អាចធ្វើ​ដំណើរ​ទៅតាម​បណ្ដា​ខេត្ត​បាន ប៉ុន្តែ​ពួកគេ​ត្រូវគោរព​វិធានការ​របស់​ខេត្ត​ទាំងនោះ​។

 
​សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ដែល​ចង់​ធ្វើដំណើរ​ចូលមក​រាជធានី​វិញ ពួកគេ​ក៏​អាចធ្វើ​ដំណើរ​មក​បានដែ​រ​។ ប៉ុន្តែ​ក្នុងករណី​ដែល​ពួកគេ​ចេញពី​តំបន់​ឆ្លង​មេរោគ​កូ​វីដ នៅក្នុង​ខេត្ត​របស់​ពួកគេ​នោះ អាជ្ញាធរ​រាជធានី​នឹង​ត្រូវយក​សំណាក និង​ដាក់​ពួកគេ​ក្នុង​ច​ត្តា​ឡី​ស័ក​ថែមទៀត​ដែរ​។ ទាំងនេះ​គឺជា​ការពន្យល់​របស់លោក កើត ឆែ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​៦​ឧសភា​នេះ​។ 
 
​លោក កើត ឆែ លើកឡើងថា​៖ «​ពេល​បងប្អូន​(​នៅ​ភ្នំពេញ​ដែល​នៅ​តំបន់​លឿង​)​ទៅ​ខេត្ត ត្រូវគោរព​តាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ពីរ គឺ​លេខ​០២​និង​០៣​។ ហើយ ត្រូវគោរព​វិធានការ​របស់​អាជ្ញាធរ​ដែនដី​នៅ​តំបន់​នោះ​...​ចំពោះ​បងប្អូន​នៅតាម​បណ្ដា​ខេត្ត​ចូល​រាជធានី​ក៏​ចូល​បានដែរ ព្រោះ​យើង​អត់​ដាក់​ប៉ា​រ៉ា​ស់​បាំង​ទេ​។​»​។ អភិបាលរង​រូបនេះ​សង្កត់ធ្ងន់ថា ករណី​អ្នក​ចូល​រាជធានី​ភ្នំពេញ ដែលមាន​ប្រវត្តិ​ពី​តំបន់​រាលដាល​កូ​វីដ​-១៩​ខ្លាំង​និង​ប្រឈម​ហានិភ័យ គឺ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​កំហិត​។​
 
​ក្រោយ​មាន​សេចក្តីសម្រេច​ថ្មី​របស់​សាលា​រាជធានី​ដែល​បង្រួម​តំបន់​ក្រហម ហើយ​ពង្រីក​តំបន់​លឿង​កាន់​ធំ និង​មានការ​អនុញ្ញាតឱ្យ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​លឿង​អាចធ្វើ​ដំណើរ​ចេញ​ទៅតាម​បណ្ដា​ខេត្ត​បាន អាជ្ញាធរខេត្ត​មួយចំនួន​ដែល​កំពុងមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏មាន​ដាក់ចេញ​វិធានការ​ដែរ​។ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និង​ពោ​ធិ័​សាត់ បានប្រកាស​វិធានការ​របស់ខ្លួន ដែល​កម្រិត​ការធ្វើដំណើរ​ពី​រាជធានី និង​ខេត្ត​ដទៃ​ចូលក្នុង​ខេត្ត​ទាំង​៤​ខាងលើនេះ​។ វិធានការ​នោះ គឺ​តម្រូវឱ្យ​អ្នក​ដែល​ចូលក្នុង​ខេត្ត​ទាំង​ន​៤​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​
 
​កាលពី​ថ្ងៃទី​៤​ឧសភា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សេចក្ដីណែនាំ ឲ្យ​អភិបាល​រាជធានី​ខេត្ត ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ការចេញចូល​ភូមិសាស្ដ្រ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែរ​។ លើសពីនេះ គឺ​ការពង្រឹង​វិធានការ​សុខាភិបាល​នានា ដូចជា ការពាក់​ម៉ាស និង​ការ​រ​រក្សា​គម្លាត​សុវត្ថិភាព និង​ការពង្រឹង​វិធានការ​ច​ត្តា​ឡី​ស័ក​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com