COVID-19
ជាតិ
ពលរដ្ឋចាក់វ៉ាក់សាំង កើនជាង១,៥លាននាក់ហើយ
06, May 2021 , 6:59 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម នាថ្ងៃទី៦ឧសភា។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
គ្រូពេទ្យរបស់ក្រសួងការពារជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម នាថ្ងៃទី៦ឧសភា។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
ពលរដ្ឋ ១,៥៦៥,២៩២នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ ក្នុងចំណោមមនុស្សសរុបដែលបានចាក់វ៉ាក់សាំងនេះ មាន១៩៦,០៦៦នាក់ ជាអ្នករស់នៅក្នុងតំបន់ក្រហម នៅក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ។

 
ត្រឹមរយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌទាំង៤ខាងលើ គឺមានស្រ្តី១០២,៣៣៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពលរដ្ឋជិត២០ម៉ឺននាក់ នៅក្នុងតំបន់ក្រហមនៃខណ្ឌទាំង៤ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មានខណ្ឌមានជ័យ ចំនួន៤១,៤៥១នាក់ ខណ្ឌដង្កោ៤៧,៦៥២នាក់ ខណ្ឌកំបូល ៣៤,៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ៧២,០៩៧នាក់។
 
សម្រាប់ថ្ងៃទី៧ ឧសភា ក្រសួងការពារជាតិនឹងចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឬស្សីកែវ ផងដែរ។ ក្រសួងការពារជាតិ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ តាមផែនការ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហមឱ្យបានរួចរាល់នៅអំឡុងខែឧសភានេះ។ តំបន់ក្រហម នៅក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានប្រជាពលរដ្ឋប្រមាណ៥២ម៉ឺននាក់កំពុងស្នាក់នៅ។ 
 
តាមរយៈសារជាសំឡេងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៥ឧសភា ឆ្នាំ២០២១   បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយ  ដល់ពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ឱ្យបានប្រមាណ៥២ម៉ឺននាក់ ខណៈវ៉ាក់សាំង ១លានដូសទៀត នឹងមកដល់កម្ពុជានៅពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំង១លានដូសនេះ មាន៥០ម៉ឺនដូស មកដល់កម្ពុជា នៅថ្ងៃទី១១ ឧសភា និង៥០ម៉ឺនដូសទៀត នឹងមកដល់នៅថ្ងៃទី១៥ ឧសភា ខាងមុខនេះ។ 
 
បើសិនយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់ក្រហម បានបញ្ចប់តាមផែនការនោះ តួលេខអ្នកចាក់វ៉ាក់សាំង នឹងកើនឡើងដល់២០ភាគរយ ក្នុងចំណោមពលរដ្ឋសរុប។ នេះបើតាមប្រសាសន៍ សម្ដេច ហ៊ុន សែន ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន១៧,៦២១ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦៨៤៣នាក់ និងមាន១១៤ បានបាត់បង់ជីវិតដោយសារតែជំងឺនេះ៕ 
 

Tag:
 COVID-19
  តំបន់ក្រហម
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com