ជាតិ
បន្ទាយមានជ័យ៖ ៥ខែមានមនុស្ស៥នាក់ស្លាប់ និងផ្ទះជាង២៥០ខ្នង ខូចខាតដោយគ្រោះធម្មជាតិ
06, May 2021 , 8:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ មនុស្ស៥ស្លាប់ និងផ្ទះជាង២៥០ខ្នង រងការខូចខាត ដោយសារគ្រោះធម្មជាតិ នៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាយមានជ័យ។


លោក ឃុន ប៊ុនថា ប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៤ ឧសភានេះថា ក្នុងចំណោមផ្ទះជាង ២៥០ខ្នង ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ គឺមានផ្ទះ ២៤ខ្នង រងការខូចខាតធ្ងន់ធ្ងរ។ នាយកទីចាត់រូបនេះ បញ្ជាក់ថា ផ្ទះដែលរងការខូចខាតទាំងនោះស្ថិតក្នុង ស្រុកស្វាយចេក, មង្គលបុរី, អូរជ្រៅ, ម៉ាឡៃ, ថ្មពួក, ព្រះនេត្រព្រះ, ក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត។
 
រយៈពេល៤ខែនេះ គ្រោះខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ ២៥៧ខ្នងរងការខូចខាត, តូបលក់ដូរ ១០០ខ្នង, សាលារៀន ៥ខ្នង និងមានអ្នកស្លាប់ដោយសាររន្ទះបាញ់ម្នាក់, ខ្យល់កន្ត្រាក់ស្លាប់ម្នាក់, លង់ទឹកស្លាប់៣នាក់។ ដោយឡែកនៅល្ងាច ថ្ងៃទី៣ឧសភាវិញ មានហេតុការណ៍ភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ ១៣ខ្នង ក្នុងស្រុកស្វាយចេក និង ២ខ្នង ក្នុងក្រុងសិរីសោភ័ណ្ឌ។ នេះបើតាម លោក ឈុន ប៊ុនថា ដោយបន្ថែមថា បច្ចុប្បន្នអាជ្ញាធរខេត្ត បានចុះអន្តរាគមន៍ រៀបចំលំនៅឋានពលរដ្ឋឡើងវិញ និងចំណាយស័ង្កសីអស់ប្រមាណជា ២០០សន្លឹកផងដែរ។
 
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ឧសភា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនគ្រប់តំបន់ក្នុងប្រទេស។ ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ ដល់ពលរដ្ឋក្នុងការប្រុងប្រយ័ត្នទៅលើបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៕
 
 
 

Tag:
 គ្រោះមហន្តរាយ
  បន្ទាយមានជ័យ
  ឈុន ប៊ុនថា
© រក្សាសិទ្ធិដោយ thmeythmey.com