ភ្នំពេញ៖ ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃទី៦ ឧសភាថា ក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជន របស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកាដោយមានភាពងាយស្រួល។
ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារ ដោយគ្រាន់តែចុច *2020* ហើយបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគក្រោយមកចុចសញ្ញាទ្រុងជ្រូក #។
ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មានក៏បានចន្លោះពីចាប់ពី ១ ដុល្លារ រហូតដល់ ១០ ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ ២ ដុល្លារ ពួកគេគ្រាន់តែចុច *2020*2#។ ជំនួយបរិច្ចាគនេះ នឹងទទួលយករហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកា ស្មើចំនួនទឹកប្រាក់នោះផងដែរ រហូតដល់ទឹកប្រាក់ ១០ម៉ឺន ដុល្លារ។ ថវិកាជំនួយទាំងអស់នឹងយកមកប្រើប្រាស់សម្រាប់ទិញស្បៀងអាហារជំនួយសង្គ្រោះបន្ទាន់ ដែលនឹងចែកចាយ តាមរយៈអាជ្ញាធរក្នុងតំបន់ទៅដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហាក្នុងការស្វែងរកស្បៀង។
កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះនៅក្នុងរាជធានី ត្រូវបានបន្ធូរបន្ថយនូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច នៅតែបន្តទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការបិទខ្ទប់។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជាគ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់យើងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុតក្នុងគ្រាលំបាកនេះ។
យើងតែងឃើញមានការគាំទ្រជាច្រើនពីអតិថិជនរបស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិតចង់ចូលរួមជួយដល់ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាប្រជាជាតិមួយ»។
លោក Thomas បានបន្ថែមទៀតថា ៖ «យើងសង្ឃឹមថាអតិថិជនរបស់យើងនឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍ និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រអ្នកដែលកំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមក ដូចដែលយើងបានធ្លាប់ធ្វើកាលពីមុនមក»។
ជាផ្នែកមួយនៃកម្មវិធីគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smart បានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុងតំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖
● អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទី រហូត ដល់ ថ្ងៃទី១៥ ខែ ខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់។
● អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឬ ក្បែរតំបន់ក្រហម ទទួល បានការពន្យាសុពលភាពលេខទូរស័ព្ទ និងទទួលបានទិន្នន័យអ៊ីនធឺណិត60MB ឥត គិត រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយចុច *2021*1# ម្តងគត់។
● រាល់អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារឡើងទៅ នៅពេលចាប់ ផ្ដើមប្រើស៊ីមទូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពីរយៈពេលនៃការប្រើប្រាស់ ប្រព័ន្ធ ក្រុមហ៊ុន Smart។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕
(អត្ថបទពាណិជ្ជកម្ម)