ជាតិ
សង្គមជាតិ
NGO និងសមាគមជិត៤០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលបិទការផ្សាយពាណិជ្ជកម្មស្រា ជាអចិន្រ្តៃយ៍
06, May 2021 , 9:59 pm        
រូបភាព
ដោយ:
សមាគម អង្គការសង្គមស៊ីវិលចំនួន ៣៨ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្រ្តៃយ៍។ សំណើរបស់ស្ថាប័នទាំងនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាល ហាមមិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងអំឡុងកូវីដ-១៩។

 
សមាគម អង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យគ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ សុទ្ធតែគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ជាពិសេសក្រសួងព័ត៌មាន ដែលបានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ នាអំឡុងពេលទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ។ តែបម្រាមត្រឹមមួយរយៈពេលខ្លីនេះ វាមិនទាន់គ្រប់គ្រាន់ឡើយ។
 
សម្រាប់ស្ថាប័នក្រៅរដ្ឋាភិបាលទាំង៣៨នេះ សុទ្ធតែចង់វិធានការជានិរន្តរមួយលើបញ្ហាគ្រឿងស្រវឹងនេះ។ ពួកគេទាំងនោះ ស្នើឱ្យរដ្ឋាភិបាល បញ្ឈប់សកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយជាអចិន្ត្រៃយ៍តែម្ដង។ 
 
«សមាគម អង្គការសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលកម្ពុជា បិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមស្ថានីយទូរទស្សន៍ ស្ថានីយ៍វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ព្រមទាំងការផ្សព្វផ្សាយជាផ្ទាំងប៉ាណូធំៗ តាមដងផ្លូវទាំងអស់ជាអចិន្ត្រៃយ៍»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងនោះ កាលពីថ្ងៃទី៤ ឧសភា។
 
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បាននិយាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សង្គម ជាពិសេសសុខភាព និងការបង្ករហិង្សាក្នុងគ្រួសារជាដើម។
 
«យើងដឹងហើយថា ការទទួលទានគ្រឿងស្រវឹងពិតជាជះផលអាក្រក់ដល់សង្គម។ វាខាតបង់ថវិកា ប៉ះពាល់ជីវភាពរស់នៅ បុគ្គលសេពគ្រឿងស្រវឹងមិនអាចគ្រប់គ្រងស្មារតី អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍»។ នេះបើតាមលោក សន ជ័យ។
 
 ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សន ជ័យ បានបន្ថែមថា កម្ពុជាមិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ ដូច្នេះវាពិបាកបន្ដិចលើការទប់ស្កាត់។ តែយ៉ាងណាលោក សន ជ័យ ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់គួរពិចារណា ពីផលប៉ះពាល់ដល់សង្គម ពោលគឺគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារគ្រឿងស្រវឹងនេះ ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមរូបនេះ បាននិយាយដូច្នេះថា៖«ការផ្សាយគ្រឿងស្រវឹង អាចទាក់ទាញមនុស្សឲ្យផឹក។ បើយើងបញ្ឈប់មិនបាន យើងត្រូវកាត់បន្ថយការផ្សព្វផ្សាយ»។
 
 ឆ្លើយតបសំណើរបស់សមាគម អង្គការសង្គមស៊ីវិលខាងលើនេះ លោក មាស សោភ័ណ្ឌ បកស្រាយវិញថា រដ្ឋាភិបាល មិនអាចបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍បានទេ ព្រោះកម្ពុជា មិនទាន់មានច្បាប់។«យើងមិនទាន់អាចធ្វើទៅបាននោះទេ ដរាបណាកម្ពុជាមិនទាន់មានច្បាប់ស្ដីពីគ្រឿងស្រវឹង»។ នេះបើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
 
ដ្បិតកម្ពុជាមិនទាន់អាចបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍ កន្លងមកក្រសួងព័ត៌មានក៏បាន ផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ ស្ថានីយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ នៅតាមពិធីបុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ បុណ្យជាតិ និងបុណ្យសាសនា ជាដើម។ នេះជាការអះអាងរបស់លោក សោភ័ណ្ឌ។
 
ក្រៅពីនោះក្រសួងបានណែនាំដល់ស្ថានីយផ្សព្វផ្សាយទាំងអស់ មិនត្រូវផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងភ្ជាប់នូវរង្វាន់ ដែលជំរុញដល់ទឹកចិត្តអ្នកពិសារគ្រឿងស្រវឹង។ ពិសេសអំឡុងមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្រសួងបានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com