ជាតិ
ក្រសួងស្ថាប័ន៦ តម្រូវឲ្យបេក្ខជនប្រឡងក្របខណ្ឌ មានបណ្ណវ៉ាក់សាំងកូវីដ-១៩ ឬលិខិតសុខាភិបាល
07, May 2021 , 7:59 am        
រូបភាព
ដោយ:
ក្រសួងមុខងារសាធារណៈ បានប្រកាសថា បេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង -ស្ថាប័នចំនួន៦  ត្រូវតែធានាថាខ្លួនបានទទួលវ៉ាក់សាំងកូវីដ-១៩ ទាំង២លើករួចរាល់។  ក្រសួង -ស្ថាប័នទាំង៦នោះ មានក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

 
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចេញផ្សាយនៅថ្ងៃទី៤ឧសភា បេក្ខជន ដែលមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ក៏ត្រូវមានលិខិតបញ្ជាក់ជាផ្លូវការ ពីមន្ទីរសុខាភិបាលរាជធានី-ខេត្តដែរ។
 
នៅថ្ងៃប្រឡង បេក្ខជនត្រូវភ្ជាប់ជាមួយនូវកាតសម្គាល់ការបានទទួលវ៉ាក់សាំងកូវីដ-១៩ ទាំង២លើក។ ក្នុងករណីបេក្ខជនមិនមានបណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងគ្មានលិខិតបញ្ជាក់ជាផ្លូវការ ពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត បេក្ខជនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងបានឡើយ។
 
ចំពោះបញ្ជីឈ្មោះប្រឡង គណៈកម្មការរៀបចំការប្រឡង នឹងបិទផ្សាយ ដើម្បីទុកសិទ្ធិឲ្យបេក្ខជនតវ៉ា ក្នុងករណីមិនមានឈ្មោះប្រឡង នៅពេលបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សម្រាប់កាលបរិច្ចេទ និងមណ្ឌលប្រឡង គណៈកម្មការរៀបចំការប្រឡង នឹងជូនដំណឹងពេលក្រោយ៕
 
 
 
 

Tag:
 ក្រសួងមុខងារសាធារណៈ
 បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com