COVID-19
ជាតិ
លោក នួន ផា​រ័ត្ន អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ចូលរួម ដើម្បី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ​
06, May 2021 , 11:15 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កំពុង​ផ្ដល់បទ​សម្ភាសដល់សារព័ត៌មានថ្មីៗ នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កំពុង​ផ្ដល់បទ​សម្ភាសដល់សារព័ត៌មានថ្មីៗ នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២
​ភ្នំពេញ​៖ រសៀល​ថ្ងៃទី ៦ ឧសភា លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រស់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ដែល​ប្រែ​ពី​តំបន់​ក្រហម មក​តំបន់​លឿងទុំ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ បាន​ពន្យល់​អំពី​ការងារ​គ្រប់គ្រង តំបន់​ក្រហម និង​តំបន់​លឿងទុំ របស់​អាជ្ញាធរ​មូលដ្ឋាន ការចែក​ជំនួយ​ឧបត្ថម្ភ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ បន្ត​ចូលរួម​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​មាន​រលក​ថ្មី​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​។​

 
​ភូមិ​ឫស្សី នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ បាន​ប្រែ​ពី​តំបន់​ក្រហម មក​តំបន់​លឿងទុំ​វិញ ក្រោយ​មានការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​។ ទាក់ទង​នឹង​ការចែក​អំណោយ​ក្នុង​តំបន់​លឿងទុំ​នេះ លោក ផា​រ័ត្ន បញ្ជាក់ថា តំបន់​នេះ មិនទាន់​ទទួលបាន​អំណោយ​នៅឡើយ​ទេ ក្នុងអំឡុងពេល​បិទ​ខ្ទប់​ជា​តំបន់​ក្រហម​។ អភិបាលរង​រូបនេះ បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនបាន​ភ្លេច​ពលរដ្ឋ​នោះទេ ប៉ុន្តែ​ដោយសារ​ទំហំ​ការងារ និង​ការខ្វះខាត​របស់​ពលរ​ដ្ឋ​មាន​ច្រើន ទើប​ត្រូវការ​ពេលវេលា ដើម្បី​ចែកជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដូចតទៅ​៖ 
 

​អំណោយ​ប្រគល់ជូន​ពលរដ្ឋ​ក្នុង​ពេលនេះ ជាការ​ចុះ​ស្រង់​ឈ្មោះ​របស់​អាជ្ញាធរ​ភូមិ និង​សង្កាត់ ដែល​ផ្ដល់ជូន​ពលរដ្ឋ​ខ្វះខាត​។ អំណោយ​ដែល​ផ្ដល់ជូន​ពលរដ្ឋ​ខ្វះខាត ជា​ជំនួយ​របស់​រដ្ឋាភិបាល ដោយ​ផ្ដល់​បាន​ប្រមាណ ២០​ម៉ឺន​កញ្ចប់ រួម​នឹង​ជំនួយ​របស់​ថ្នាក់ដឹកនាំ​, សប្បុរសជន​ក្រៅប្រទេស និង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​នានា​។ 
 
​ដើម្បី​កាត់ផ្ដាច់​នៃ​ការឆ្លង​ក្នុង​តំបន់​លឿងទុំ និង​តំបន់​ក្រហម ត្រូវការ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ លោក ផា​រ័ត្ន សង្ឃឹម​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ស្ថានភាព​នឹង​ល្អប្រសើរ​ឡើងវិញ  ប្រសិនបើ​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​។  
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ៦ ឧសភា កម្ពុជា មាន​អ្នកជំងឺ​សរុប ១៧,៦២១​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន ៦៨៤៣​នាក់ និង​ស្លាប់​ចំនួន ១១៤​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com