កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd ឡើងវគ្គផ្តាច់ព្រ័ត្រជាមួយ Villarreal ឯ Arsenal និង Roma ហាលអាវ
07, May 2021 , 8:45 am        
រូបភាព
Manchester United ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League បើទោះចាញ់ Roma នៅជើងទី២ វគ្គ៤ក្រុមចុងក្រោយដោយលទ្ធផល ៣-២។ Villarreal នឹងត្រូវដណ្តើមពានរង្វាន់លំដាប់ទី២អឺរ៉ុបជាមួយ Man Utd ក្រោយឈ្នះ Arsenal ក្នុងលទ្ធផលទាំងពីរជើង ២-១។



ជំនួបជើងទី២នៅកីឡដ្ឋាន Olimpico នារាត្រីថ្ងៃទី៦ ខែឧសភា ម្ចាស់ផ្ទះ Roma អាចដណ្តើមបានជ័យជម្នះលើក្រុមភ្ញៀវក្នុងលទ្ធផល ៣-២ វិញ។ ៣គ្រាប់របស់ម្ចាស់ផ្ទះសម្រេចបានដោយ Edin Dzeko និង Bryan Cristante ខណៈ១គ្រាប់ទៀតតាមរយៈបាល់ចូលទីខ្លួនឯងរបស់ Alex Telles ខ្សែការពារ Man Utd។ Edinson Cavani ស៊ុតពីរគ្រាប់ម្នាក់ឯងសម្រាប់បិសាចក្រហម។


យ៉ាងណាក៏ដោយលទ្ធផលជើងទី២នេះ មិនអាចជួយ Roma ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រឡើយ។ កាលពីជើងទី១ Man Utd បានឈ្នះ ៦-២ ដូច្នេះសរុបលទ្ធផលទាំងពីរជើងក្រុមអង់គ្លេសឈ្នះក្រុមអ៊ីតាលី ៨-៤។



នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកទី២របស់ Man Utd បន្ទាប់ពីពួកគេឈ្នះជើងឯកលើកដំបូងនៅឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho។
Man Utd ដែលមានលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ នឹងត្រូវឡើងទៅដណ្តើមពានលំដាប់ទី២អឺរ៉ុបនេះនៅថ្ងៃទី២៦ ខែឧសភា នាទីក្រុង Gdansk ប្រទេសប៉ូឡូញជាមួយ Villarreal ដែលទម្លាក់ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Villarreal ក្រោមការដឹកនាំរបស់លោក Unai Emery ដែលមានបទពិសោធន៍ក្រាសក្រៃជាមួយពានរង្វាន់នេះ បានជួយក្រុមអេស្ប៉ាញយកឈ្នះក្រុមចាស់របស់ខ្លួន Arsenal ក្នុងលទ្ធផលសរុបទាំងពីរជើង ២-១។ សម្រាប់ជើងទី២នៅកីឡដ្ឋាន Emirate កាំភ្លើងធំ និង Villarreal បញ្ចប់ទៅដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា៕



Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com