ជាតិ
សង្គមជាតិ
ក្រសួងអប់រំ និងស.ស.យ.ក. បង្កើតកម្មវិធី MoEYS E-Learning សម្រាប់សិស្សទី១ដល់ទី១២
07, May 2021 , 10:28 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បង្កើតកម្មវិធី MoEYS E-Learning សម្រាប់ឲ្យសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ស្វ័យសិក្សាពីចម្ងាយ។

-
 
ក្នុងសេចក្តីថ្លែងការណ៍រួមរវាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៧ ខែមេសាថា កម្មវិធី MoEYS E-Learning នេះបង្កើតឡើង ដើម្បីឆ្លងតបនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងឆ្លងតបនឹងស្ថានភាពជំងឺកូវីដ-១៩។ 
 
«កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍឡើងតាមបែបឌីជីថល និងបច្ចេកវិទ្យានេះ នឹងផ្តល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលា ដល់សិស្សានុសិស្ស ក្នុងការចូលទៅប្រើប្រាស់ និងអាចទាញយកប្រយោជន៍ច្រើនសម្បូរបែបផងដែរ»។ នេះសារក្នុងសេចក្តីថ្លែងការណ៍រួមរវាងក្រសួងអប់រំ និងស.ស.យ.ក.។ 
 
បើតាមសេចក្តីថ្លែងការណ៍រួម សិស្សានុសិស្សអាចស្វ័យសិក្សានៅផ្ទះ និងជាឧបករណ៍សម្រាប់អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលក្នុងការជួយបង្រៀន ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស តាមរយៈកម្មវិធី MoEYS E-Learningនេះ។ 
 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា កម្មវិធីនេះនឹងជាមធ្យោបាយសម្រាប់ឲ្យសិស្សអាចសិក្សាក្នុងបរិបទកូវីដ-១៩។ 
 
«ខ្ញុំក៏សង្ឃឹមផងដែរថា Appនេះ ក៏នឹងក្លាយទៅជាចំណុចផ្តើមមួយសម្រាប់សិស្សានុសិស្សទាំងអស់ ដើម្បីឈានឆ្ពោះទៅកាន់វិថីនៃអនាគតបច្ចេកវិទ្យា ក៏ដូចជាការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម 4.0ផងដែរ»។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ 
 
ដើម្បីទាញយកកម្មវិធីនេះបាន សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលសិស្ស ត្រូវចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីDownload កម្មវិធី MoEYS E-Learningនេះ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងលិខិតជម្រាបជូនទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តនៅថ្ងៃទី៦ ខែឧសភាថា  សិស្សទាំងអស់អាច សិក្សាមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលមានជាវីដេអូ ក្នុងកម្មវិធី MoEYS E-Learning។ ជាពិសេសក្នុងកម្មវិធីនេះ ក៏មានសៀវភៅសិក្សាគោល, សៀវភៅកំណែអំណានទូទៅ,សៀវភៅចំណេះដឹងសកល,សៀវភៅរឿងនិទាន,កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ៕
 
 
 
 
 

Tag:
 អប់រំ
 ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com