ជាតិ
លោក វណ្ណរិទ្ធ បើកស្រឡាង ជាង១០ឆ្នាំ ទើបជួបបាតុភូតភ្លៀង-ខ្យល់ខ្លាំង គួរឱ្យព្រឺព្រួចលើកទី១ នៅថ្ងៃ៦ ឧសភា
07, May 2021 , 4:17 pm        
រូបភាព
លោក សុខវណ្ណរិទ្ធ
លោក សុខវណ្ណរិទ្ធ
បាតុភូតធម្មជាតិ កាលពីម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី៦ឧសភា ឆ្នាំ២០២១ ដែលមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្មួលខ្មាញ់ នៅរាជធានីភ្នំពេញ គឺជាហេតុការណ៍មួយដ៏គួរឱ្យខ្លាចបំផុតសម្រាប់លោក សុខ វណ្ណរិទ្ធ ជាអ្នកបើកស្រឡាងឱ្យកំពង់ចម្លងអរិយក្សត្រ។ សម្រាប់លោក វណ្ណរិទ្ធ បាតុភូតខ្យល់បក់បោកខ្លាំង ហើយមេឃងងឹតមើលអ្វីមិនឃើញ និងមានទឹករលកធំៗនោះ គឺមិនធ្លាប់ឃើញពីមុនឡើយ នៅក្នុងអាជីពជាអ្នកបើកស្រឡាងជាង១០ឆ្នាំមកនេះ។

 

 
នៅពេលមានខ្យល់បោកបក់ ហើយរលកធំៗ ខណៈមេឃខ្មៅងងឹតនោះ លោក វណ្ណរិទ្ធ និងមនុស្សប្រមាណ១០០នាក់ទៀត នៅលើស្រឡាងនោះ កំពុងសំចតនៅកំពង់ផែខាងអរិយក្សត្រ។ ដ្បិតស្ថានភាពនោះ លោក រិទ្ធ និងអ្នកដំណើរផ្សេងទៀត មិនរងគ្រោះក្តី ប៉ុន្តែទិដ្ឋភាពបែបនេះ កំពុងដិតជាប់ក្នុងអារម្មណ៍របស់លោក រិទ្ធ។ អ្នកបើកស្រឡាងនៅកំពង់ចម្លងអរិយក្សត្រជាង១០ឆ្នាំមកនេះ អះអាងថា ខ្លួនមិនដែលជួបទិដ្ឋភាពបាតុភូតភ្លៀង និងខ្យល់បែបនេះទេ។
 
លោក វណ្ណរិទ្ធបន្តរៀបរាប់ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនាថ្ងៃទី៧ឧសភា ឆ្នាំ២០២១ ៖«ក្នុងស្រឡាងខ្ញុំមានម៉ូតូជិត៦០គ្រឿង ហើយឡាន មានជិត២០គ្រឿង ដែលមានមនុស្សតូចធំជាច្រើន ។ ស្ថិតនៅក្នុងហេតុកាលពីល្ងាចម្សិលមិញហ្នឹង ខ្ញុំភ័យខ្លាចខ្លាំងដែរ ព្រោះស្រឡាង ដែលយើងបើកហ្នឹងមានអាយុជីវិតមនុស្សច្រើន ដែលគេប្រគល់ឱ្យយើង ដើម្បីចម្លងមនុស្សទាំងនោះឱ្យមានសុវត្ថិភាព»។ 
 
បុរសវ័យ៤៩ឆ្នាំ ដែលបានបើកស្រឡាងចេញពីកោះពេជ្រ ទៅអរិយក្សត្រ កាលពីល្ងាចថ្ងៃទី៦ឧសភា ហើយបានឃើញទិដ្ឋភាពនេះ បាននិយាយថា បាតុភូតខ្យល់កំណួច បានកើតឡើងពីប៉ែកខាងកោះនរា ហើយធ្វើដំណើរខ្លាំង ឆ្ពោះមកកាន់តំបន់កោះពេជ្រ ខណៈខាងកំពង់ចម្លងអរិយក្សត្រ ទទួលរងសម្ពាធនេះ ត្រង់ចំណុចកន្ទុយនៃខ្យល់បកបោក ប៉ុណ្ណោះ។ 
 
ស្ថានភាពភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្មួលខ្មាញ់ នៅរាជធានីភ្នំពេញនេះ ត្រូវបានលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ពន្យល់ថា ជាបាតុភូតម៉ាស់ខ្យល់ពីរប៉ះគ្នា (Convergent) ដែលកម្រកើតមាននៅលើតំបន់អាងទន្លេមេគង្គ ជាពិសេសគឺនៅកម្ពុជា។
 
លោក ចាន់ យុត្ថា បានរៀបរាប់ថា បាតុភូតធម្មជាតិនេះ បានធ្វើដំណើរយ៉ាងលឿនចេញពីប្រទេសវៀតណាម ឆ្ពោះមកកម្ពុជា កាត់តាមខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង នឹងធ្លាក់ទៅសមុទ្រនៃខេត្តកោះកុងវិញ។ អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បញ្ជាក់ថា ពីពាក់កណ្តាលខែឧសភា រហូតដល់ចុងឆ្នាំ២០២១ កម្ពុជា នឹងអាចប្រឈមបាតុភូតធម្មជាតិផ្សេងៗទៀត៕  
 

Tag:
 ព្យុះ
  អរិយក្សត្រ
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com