កីឡាអន្តរជាតិ
អន្តរជាតិ
Hazard សុំទោសអ្នកគាំទ្រ Real ចំពោះការសើចជាមួយអតីតមិត្តរួមក្រុមនៅ Chelsea
07, May 2021 , 4:39 pm        
រូបភាព
ដោយ៖ជា យូគៀង

កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះការសើចសប្បាយជាមួយអតីតមិត្តរួមក្រុមនៅក្លឹបតោខៀវ Chelsea ក្រោយពេល Real Madrid ប្រកួតចាញ់ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ UEFA Champion League ដោយបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កាលពីថ្ងៃទី០៦ ខែឧសភា។


ខ្សែប្រយុទ្ធស្លាប Eden Hazard បានចូលរួមជួយReal Madrid ក្នុងជំនួបChelsea នៅលើទឹកដី Stamford Bridge ដែរ ប៉ុន្តែមិនទទួលបានជោគជ័យ។ ក្រោយចប់ការប្រកួតរូបគេ បាននិយាយជាមួយអតីតមិត្តរួមក្រុមម្នាក់គឺ Kurt Zouma ដែលបានបង្ហាញកាយវិការសើចសប្បាយក្រោយ Real បានចាញ់ការប្រកួតនោះ។ មានមនុស្សជាច្រើនបាននិយាយថា អាកប្បកិរិយារបស់ Hazard  បែបនោះ បានជះឥទ្ធិពលដល់អ្នកគាំទ្រ Real យ៉ាងខ្លាំង។ ឆ្លើយតបការរិះគន់នេះ Hazard អះអាងថា ខ្លួនគ្មានចេតនាធ្វើបែបនោះឡើយ។
 
កីឡាករប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖«ខ្ញុំសុំទោស ខ្ញុំបានអានមតិជាច្រើន ចំពោះអាកប្បកិរិយាមួយនោះ និងចំពោះរូបខ្ញុំផ្ទាល់តែម្តងនៅថ្ងៃនេះ ហើយអាកប្បកិរិយាទាំងនោះ មិនមែនជាចេតនារបស់ខ្ញុំ ដើម្បីធ្វើឲ្យអ្នកគាំទ្រ Real អាក់អន់ចិត្តនោះទេ។ វាជាសុបិនរបស់ខ្ញុំក្នុងការលេងឲ្យក្លឹប Real Madrid ហើយខ្ញុំមកកាន់ទីនេះ គឺដើម្បីឈ្នះ។ រដូវកាលមួយនេះមិនទាន់បានបញ្ចប់នោះទេ ពួកយើងត្រូវធ្វើការប្រយុទ្ធដើម្បីពានរង្វាន់ La Liga “Hala Madrid”»។


ក្លឹបបាល់ទាត់ Real Madrid កំពុងតែស្ថិតនៅលំដាប់លេខពីរក្នុងតារាងចំណាត់ថ្នាក់ La Liga ដែលមាន៧៤ពិន្ទុ តាមពីក្រោយដោយក្រុម Barcelona ដែលមាន៧៤ពិន្ទុដូចគ្នា។ចំណែកក្លឹប Atletico Madrid ឈរលេខមួយមាន ៧៦ពិន្ទុកំពូលតារាង។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com