COVID-19
អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យប៉ូលិសចាប់ខ្លួនអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវ
07, May 2021 , 8:29 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព៖ CNN Philippines
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព៖ CNN Philippines
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញបញ្ជាឱ្យប៉ូលិសចាប់ខ្លួនប្រជាជន ដែលពាក់ម៉ាស់មិនបានត្រឹមត្រូវ រួមទាំងការពាក់ម៉ាស់ក្រោមច្រមុះ និងឃុំខ្លួនទុក ដើម្បីសួរចម្លើយ។ បញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីហ្វីលីពីន ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង ព្រោះវាងថែមទាំងអាចបង្កឱ្យកូវីដ-១៩ រាតត្បាតនៅក្នុងមណ្ឌលឃុំខ្លួនថែមទៀត។

 
ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ហ្វីលីពីន បានដាក់ចេញវិធានរឹតត្បិតជាច្រើន ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ នៅក្នុងទីក្រុងម៉ានីស និងខេត្តជាប់ទីក្រុងនោះ។ តួយ៉ាង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យកម្លាំងសន្តិសុខ បាញ់អ្នកដែលបង្កបញ្ហា ក្នុងពេលបិទខ្ទប់ទីក្រុងនៅឆ្នាំមុន។ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើនពាន់នាក់ ក៏រងទណ្ឌកម្ម ដោយសារតែល្មើសបម្រាមកូវីដ-១៩ ផងដែរ។ ទណ្ឌកម្មទាំងនោះ មានដូចជា ធ្វើការងារសហគមន៍ និងពិន័យឱ្យធ្វើការងារអ្វីមួយជាដើម។ 
 
ទំនងជាមើលឃើញថាប្រជាជនហ្វីលីពីន នៅតែមិនទាន់គោរពបម្រាមកូវីដ-១៩ ឱ្យបានត្រឹមត្រូវ លោក ឌូទើតេ បានចេញបញ្ជាឱ្យក្រុមប៉ូលិសចាប់ខ្លួន ប្រជាជនដែលមិនបានពាក់ម៉ាស់ត្រឹមត្រូវ។ ប្រធានធិបតីហ្វីលីពីន បានចេញបញ្ជាប្រតិបត្តិមួយនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារទប់ស្កាត់កូវីដ-១៩ ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែឧសភា។ 
 
«បញ្ជារបស់ខ្ញុំទៅកាន់ប៉ូលិស គឺត្រូវចាប់ខ្លួនអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវ និងឃុំខ្លួនពួកគេ»។ ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បន្ទាប់ពីឃុំខ្លួន ប៉ូលិសត្រូវស៊ើបអង្កេតរកមូលហេតុពីការមិនពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនេះ។ 
 
បើតាមលោក ឌូទើតេ បញ្ជានេះ មិនមែនដើម្បីផលប្រយោជន៍នរណាម្នាក់ឡើយ ហើយក៏មិនមែនផលប្រយោជន៍របស់លោកដែរ ប៉ុន្តែជាផលប្រយោជន៍របស់ប្រទេសទាំងមូល ព្រោះលោកមិនចង់ឱ្យប្រជាជនចម្លងកូវីដ-១៩ ទៅអ្នកដទៃ ឬឆ្លងពីអ្នកដទៃ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន  AFP អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃទី៦ ខែឧសភា បានបន្ថែមពីលើការអះអាងរបស់លោកឌូទើតេថា អ្នកដែលពាក់ម៉ាស់មិនបានត្រឹមត្រូវ អាចនឹងត្រូវឃុំខ្លួនរយៈពេល ១២ម៉ោង ដោយគ្មានការចោទប្រកាន់។ 
 
យ៉ាងណាមិញ បញ្ជាឱ្យឃុំខ្លួនបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ព្រោះវាអាចបង្កឱ្យមានការចម្លងនៅក្នុងមណ្ឌលឃុំខ្លួន ដែលជាកន្លែងមិនអាចរក្សាគម្លាតបាន។ ក្រុមសិទ្ធិមនុស្ស Karapatan បានអះអាងថា បទបញ្ជារបស់ប្រធានាធិបតី គឺគ្មានលក្ខណៈវិទ្យាសាស្រ្ត និងគ្មានប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រុមសិទ្ធិមនុស្ស បានបកស្រាយថា មណ្ឌលឃុំខ្លួនហ្វីលីពីន គឺមានសភាពណែនណាន់ខ្នាន់ខ្នាប់ និងមិនអាចរក្សាគម្លាតបានឡើយ។ ការឃុំខ្លួនអ្នកបំពានបញ្ជាប្រតិបត្តិ នឹងអាចបង្កឱ្យមានការរីកសាយនៅក្នុងមណ្ឌលឃុំខ្លួន។ 
 
គិតត្រឹមថ្ងៃទី៦ ខែឧសភា ហ្វីលីពីនមានករណីឆ្លងសរុបចំនួនជាង ១លានករណី និងអ្នកស្លាប់មានចំនួន ១៧៩៩១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១លាននាក់៕ 
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com