អន្តរជាតិ
មេដឹកនាំអឺរ៉ុបនិងឥណ្ឌា ត្រៀមជួបគ្នាពង្រឹងទំនាក់ទំនង ស្របពេលបារម្ភពីឥទ្ធិពលចិនដូចគ្នា
07, May 2021 , 10:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ឈួស៊ាវយីងជាវ

សហភាពអឺរ៉ុប និងឥណ្ឌា នឹងបើកកិច្ចប្រជុំមេដឹកនាំលើកដំបូងនៅថ្ងៃទី៨ ខែឧសភា ជាមួយនឹងការប្រកាសគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន។ ភាគីទាំងពីរ រំពឹងថា នឹងចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មសេរីឡើងវិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទីដែលចិនកំពុងពង្រីកឥទ្ធិពលឥតឈប់ឈរ។


មេដឹកនាំទាំង២៧រូបនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នឹងមានវត្តមានក្នុងជំនួបកំពូលមេដឹកនាំអឺរ៉ុប និងឥណ្ឌានៅថ្ងៃទី៨ ខែឧសភា។ នេះជាលើកដំបូងដែលមេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ ចូលរួមក្នុងជំនួបជាមួយមេដឹកនាំឥណ្ឌា ខណៈកន្លងមកអឺរ៉ុបតំណាងដោយប្រធានគណៈកម្មការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុបប៉ុណ្ណោះ។ 
 
កិច្ចប្រជុំនេះទំនងផ្តោតសំខាន់លើប្រធានបទខ្សែច្រកវាក់ផ្គត់ផ្គង់វ៉ាក់សាំង និងការត្រៀមខ្លួនទប់ស្កាត់ការរាលដាលជំងឺឆ្លង។ ស្របពេលឥណ្ឌារងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ សហភាពអឺរ៉ុបក៏បានបញ្ចេញលុយ២,៦លានដុល្លារតាមរយៈអង្គការសុខភាពពិភពលោកដើម្បីជួយឥណ្ឌាផងដែរ។ 
 
បញ្ហាចិន ទំនងជាស្ថិតក្នុងរបៀបវារៈសំខាន់ដែរ។ ជំនួបមេដឹកនាំសហភាពអឺរ៉ុប និងឥណ្ឌានេះ ធ្វើឡើងស្របពេលអាមេរិកពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តក្នុងតំបន់ដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទាំងសហភាពអឺរ៉ុប ទាំងឥណ្ឌា ក៏បញ្ហាច្រើនក្នុងទំនាក់ទំនងជាមួយចិនដែរ។
 
កាលពីខែមេសា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ចេញយុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិករបស់ប្លុកខ្លួន។ ក្រោមគោលដៅនេះ អឺរ៉ុបមានគោលដៅស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយឥណ្ឌា និងសន្យាពង្រឹងសណ្ដាប់ធ្នាប់អន្តរជាតិនៅតំបន់ដែលមានការដឹកជញ្ជូនតាមផ្លូវទឹកជាមួយគោលការណ៍សេរី និងបើកចំហស្របតាមច្បាប់អន្ដរជាតិ។
 
ការប្រឈមមុខរវាងឥណ្ឌា និងចិន នាពេលកន្លងទៅ ក្លាយជាកត្តាដ៏សំខាន់នាំឱ្យទំនាក់ទំនងឥណ្ឌានិងអឺរ៉ុបកាន់តែស្អិតល្មួតជាងមុន។ ឥណ្ឌា និងចិនមានក្ដីបារម្ភដូចគ្នាដូចជាការពង្រីកឥទ្ធិពលរបស់ចិនលើវិស័យប្រព័ន្ធបច្ចេកវិទ្យា 5G និងការគំរាមកំហែងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក។ សហភាពអឺរ៉ុប ក៏បានបង្ហាញចេតនាការបង្កើនវត្តមានរបស់ខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៀតផងុំ
 
ប្លុកសហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ដែលមានតម្លៃដោះដូរទំនិញជាង៩៦ពាន់លានដុល្លាក្នុងឆ្នាំ២០១៩ ។ ឥណ្ឌាក៏ជាដៃគូពាណិជ្ជកម្មធំបំផុតទី១០របស់អឺរ៉ុបដែរ៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com