ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានផ្លែបឺរ ហើយដឹងពីផលល្អៗរបស់វាចំពោះសុខភាព។ ទោះជាយ៉ាងណាក៏ប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាក្រៅពីយកមកញ៊ាំដើម្បីសុខភាព ផ្លែបឺរអាចយកមកប្រើជាផលិតផលថែសម្រាប់បានយ៉ាងប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ផ្សេងទៀតនៃផ្លែបឺរក្រៅពីយកមកទទួលទាន ៖
១. ព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរម្ឋងជាមួយទឹកក្រូចឆ្មារស្រស់ កន្លះស្លាបព្រាកាហ្វេ និងយ៉ាអួរសុទ្ធ ១ស្លាបព្រាកាហ្វេ។ កិនលាយល្បាយឱ្យសព្វចូលគ្នា រួចសឹមលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងលាងសម្អាតចេញក្រោយរយៈពេល ១៥នាទី។
២. ម៉ាសព្យាបាលសក់ស្ងួតខូច
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរទុំម៉ដ្ឋ ១ ផ្លែ ជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងជួយឱ្យសក់ទន់រលោងមានទម្ងន់ ហើយរឹងមាំ។
៣. កម្ចាត់អង្គែនិងព្យាបាលស្បែកក្បាលរបករមាស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់នៃផ្លែបឺរទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. កម្ចាត់ស្នាមខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់នៃផ្លែបឺរម៉ដ្ឋលើស្បែកក្រោមភ្នែកនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តរាល់ព្រឹកនិងល្ងាចសម្រាប់រយៈពេល ២ សប្តាហ៍។
៥. ប្រឆាំងសញ្ញានៃភាពចាស់វ័យរបស់ស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋ រួចបន្ថែមទឹកដោះគោបន្តិចចូល។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ផ្លែបឺរមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាបជាតិពុលធ្វើឱ្យស្បែកស្រស់ស្អាតតឹងណែននិងកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញ។
៦. ព្យាបាលក្លិនមាត់មិនល្អ
ពេលខ្លះក្លិនមាត់មិនល្អអាចបណ្ដាលមកពីក្រពះ។ អ្នកអាចកាត់បន្ថយ ឬបំបាត់បញ្ហានេះបានតែម្ដងតាមរយៈការទទួលទានទឹកផ្លែបឺរស្រស់។
៧. រក្សាសុខភាពស្បែកភ្លឺរលោង
ការទទួលទានទឹកផ្លែបឺរ ១ពែងក្នុងមួយថ្ងៃអាចជួយការពារនិងផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក។ វានឹងជួយរក្សាសុខភាពស្បែក ហើយថែមទាំងធ្វើឱ្យស្បែកទន់ភ្លឺរលោងទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនក្រឡុកផ្លែបឺរទុំមួយផ្លែជាមួយទឹកដោះគោគ្មានជាតិខ្លាញ់ ១ពែង។ ប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែមអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូល។
៨. កម្ចាត់ស្នាមសំលាកនិងស្នាមអ៊ុចខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរ ១ផ្លែជាមួយវីតាមីន E ២គ្រាបើ និងទឹកក្រូចឆ្មារស្រស់ម្ខាង ហើយកិនឱ្យសព្វក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាងសម្អាតស្បែកដែលទទួលរងផលប៉ះពាល់ជាមួយទឹកក្ដៅឧណ្ហៗនិងប្រើប្រាស់ក្រណាត់ ឬកន្សែងស្អាតផ្ដិតថ្នមៗរហូតដល់ស្ងួត។ ជាបន្តត្រូវលាបម៉ាស្សាល្បាយថ្នមៗលើស្បែក។ រងចាំរហូតដល់ស្ងួត សឹមលាងជម្រះចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍។
៩. ព្យាបាលកែងជើងស្ងួតប្រេះ
កិនផ្លែចេកទុំ ១ផ្លែជាមួយផ្លែបឺរទុំម្ខាងចូលគ្នាឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមបន្ថែមប្រេងអូលីវ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើជើងនិងកែងជើង។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។
១០. ព្យាបាលស្បែកប្រអប់ដៃដែលស្ងួត
លាយផ្លែបឺរ ១បន្ទះជាមួយទឺកឃ្មុំ ១ស្លាបព្រាបាយ និងលាបលើប្រអប់ដៃ។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍៕