COVID-19
អន្តរជាតិ
COVID-19៖ តាហ្ស៊ីគីស្ថានគ្មានករណីថ្មីតាំងពីដើមឆ្នាំ ក្រោយសះស្បើយ១៣ ២១៨នាក់ និងស្លាប់៩០នាក់
08, May 2021 , 8:59 am        
រូបភាព
ដោយ: ធីតា
តាហ្ស៊ីគីស្ថាន មិនមានករណីកូវីដ-១៩ទៀតឡើយ បើគិតចាប់តាំងពីថ្ងៃទី១០ ខែមករា មក។ បច្ចុប្បន្នប្រទេសអាស៊ីកណ្តាលមួយនេះ ជាប្រទេសដែលលែងមានករណីកូវីដ-១៩ ក្រោយព្យាបាលសះស្បើយ១៣ ២១៨នាក់ និងស្លាប់៩០នាក់ក្នុងចំណោមករណីសរុប១៣ ៣០៨។

 
ប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emmomali Rahmon តាំងពីថ្ងៃទី២៦ ខែមករា បានប្រកាសថា ប្រទេសគ្មានករណីកូវីដ-១៩ ទៀតឡើយ ប៉ុន្តែលោកក្រើនរំលឹកប្រជាពលរដ្ឋកុំឲ្យរំលោភបំពានវិធានសុខាភិបាល ជាពិសេសការពាក់ម៉ាស និងគម្លាតសុវត្ថិភាព។
 
អាជ្ញាធរតាហ្ស៊ីគីស្ថានបានតម្រូវឲ្យរាល់អ្នកដំណើរពីបរទេសធ្វើចត្តាឡីស័កពេលទៅដល់ប្រទេសខ្លួន ខណៈជំនួបតាមវិហារ ទីសាធារណៈ ទីផ្សារ ក៏ដូចជាតាមសេវាដឹកជញ្ជូនសាធារណៈ មានការរឹតត្បិតយ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយរបស់អង្គភាពសារព័ត៌មានអឺរ៉ុប RFE/RL បង្ហាញថា រដ្ឋាភិបាលនៅអាស៊ីកណ្តាលមួយនេះ មិនមានភាពស្មោះត្រង់ទាក់ទងនឹងការបង្ហាញតួលេខករណីឆ្លងនោះឡើយ ជាពិសេសតួលេខលើករណីក្រុមសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ ដោយសាររាល់ការផ្សាយព័ត៌មានស្ថិតក្រោមការត្រួតពិនិត្យ។
 
ងាកទៅប្រទេសក្បែរខាងរបស់តាហ្ស៊ីគីស្ថានវិញ ជាពិសេសអ៊ូសបេគីស្ថាន និងគៀរហ្ស៊ីស្ថាន ជាដើម មានករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com