ជាតិ
ឥទ្ធិពលខ្យល់កន្រ្តាក់ បានធ្វើឲ្យទុរេនរបស់អ្នកត្បូងឃ្មុំ ខូចខាតរាប់ពាន់ផ្លែមុនប្រមូលផល
08, May 2021 , 9:59 am        
រូបភាព
រូបភាពីហ្វេសប៊ុកលោក សុខ ឡេង
រូបភាពីហ្វេសប៊ុកលោក សុខ ឡេង
ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឥទ្ធិពលខ្យល់កន្ត្រាក់ខ្លាំង បានធ្វើឲ្យផ្លែទុរេន របស់កសិករ២នាក់ នៅត្បូងឃ្មុំ ត្រូវរងការខូចខាតអស់រាប់ពាន់ផ្លែ។ ម្ចាស់ចម្ការទាំង២ សោកស្ដាយចំពោះផលដំណាំទុរេនមួយចំនួនរបស់ពួកដែលត្រូវបំផ្លាញនោះ ព្រោះវាកៀកនឹងពេលប្រមូលផលទៅហើយ។


 
លោក សុខ ឡេង ដែលជាម្ចាស់ចម្ការទុរេន ក្នុងខេត្តត្បូងឃ្មុំ រងផលប៉ះពាល់ខ្លាំង ដោយសារកម្លាំងខ្យល់កន្ត្រាក់នេះ។ ចម្ការរបស់លោក សុខ ឡេង បានខូចខាតទុរេនអស់ជាង១ពាន់ផ្លែ ដែលធ្វើឲ្យលោក សោកស្ដាយខ្លាំង ព្រោះខ្លួនបានចំណាយកម្លាំងរយៈពេល១ឆ្នាំ ដើម្បីមើលថែទាំ និងបំប៉ន ដើម។
 
ម្ចាស់ចម្ការទុរេនរូបនេះប្រាប់ថ្មីៗ២៥ដូច្នេះ៖ «ខ្ញុំស្ដាយ ព្រោះទុរេនយើងខំដាំ ខំមើលថែទាំ យូរហើយ។ ហើយឥឡូវហ្នឹងជិតប្រមូលផលទៀត ខ្ញុំស្ដាយកម្លាំងញើសឈាមយើង រយៈ១ឆ្នាំនេះ»។ នេះជាការលើកឡើងរបស់លោក សុខ ឡេង។


លោក សុខ ឡេង
 
លោក ឡេង រំពឹងថានឹងលែងមានខ្យល់បែបនេះទៀត។ លោកបារម្ភវាធ្វើឲ្យបាក់ដើមទុរេន។ ផ្លែទុរេន ដែលបានខូចខាតនោះ លោក សុខ ឡេង នឹងឲ្យភរិយាខ្លួនយកទៅកែច្នៃធ្វើជានំ ឬអ្វីផ្សេងទៀតដែលអាចធ្វើបាន ប៉ុន្តែលោក មិនធ្វើអាជីវកម្មលើវាឡើយ។
 
«បាត់បង់ទុរេនប៉ុណ្ណឹងមិនអីទេ ប៉ុន្តែខ្ញុំខ្លាចតែបាក់ដើមទេ។ បើបាក់ដើមមែន អាហ្នឹងទើបជារឿងបារម្ភខ្លាំង ព្រោះមិនងាយដាំទេ។ ទុរេនមួយដើមៗ ដាំរាប់ឆ្នាំ បានមានផ្លែ»។ នេះជាការលើកឡើងរបស់លោក សុខ ឡេង។
បច្ចុប្បន្ន ទុរេនរបស់លោក សុខ ឡេង ទទួលបានការគាំទ្រច្រើន ព្រោះមិនទាន់ដល់ពេលប្រមូលផលផង មានអតិថិជន កក់ និងបញ្ជារទិញច្រើន។ មិនខុសពីម្ចាស់ចម្ការទុរេនដទៃ នៅពាក់កណ្ដាលខែមិថុនា ក៏ជាពេលប្រមូលទុរេន របស់លោក សុខ ឡេង ដែរ។ 
 
ម្ចាស់ចម្ការរូបនេះ បញ្ជាក់ថា ដំណាំទុរេន មិនពិបាកលក់ចេញឡើយ ហើយមានទីផ្សារខ្ពស់ទៀតផង។ លោក សុខ ឡេង នាំចេញទុរេនរបស់ខ្លួនទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ក្នុងតម្លៃ១៥០០០រៀល ក្នុងមួយគីឡូក្រាម។
 
មិនមែនតែលោក ឡេង នោះទេ ដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។ អ្នកស្រី មាស ចាន់ណា ជាម្ចាស់ចម្ការទុរេន ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ឥទ្ធិពលខ្យល់កន្រ្តាក់ បានធ្វើឲ្យផ្លែទុរេន របស់អ្នកស្រី មាស ចាន់ណា ត្រូវខូចខាតអស់មួយចំនួន។ ដោយសារតែ ទុរេននៅស្ទើរមិនទាន់អាចប្រមូល ឬបរិភោគបាន ដូច្នេះអ្នកស្រី បានប្រមូលទៅបោះចោល ដោយគ្មានការកែច្នៃអ្វីបានឡើយ។


អ្នកស្រី មាស ចាន់ណា 
 
ផ្លែទុរេន ដែលខូចខាតទាំងនោះ ទោះមិនច្រើនខ្លាំង ប៉ុន្តែអ្នកស្រី ក៏សោកស្ដាយ ដ្បិតឆ្នាំនេះ ចម្ការទុរេនអ្នកស្រី ទទួលបានទិន្នផលតិចជាងឆ្នាំមុន។ «ទុរេនខ្ញុំឆ្នាំនេះ បើនិយាយពីផលគឺតិចជាងឆ្នាំមុន។ ហើយត្រូវខូចខ្លះអ៊ីចឹងទៀត ចំណូលដឹងតែបាត់បង់ទៅតាមហ្នឹងទៀតហើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ចាន់ណា ប្រាប់ថ្មីៗ២៥ តាមទូរសព្ទ ដោយបន្ថែមទៀតថា ដើមទុរេន ក្នុងចម្ការអ្នកស្រី ទាំងអស់តាមពិតទៅ បានរៀបចំចងលួសជ្រែងដើម និងទប់ផ្លែរួចអស់ហើយ។ ប៉ុន្តែខ្យល់កន្រ្តាក់ខ្លាំងពេក ទើបវាប៉ះពាល់។ អ្នកស្រី មិនដឹងធ្វើយ៉ាងនោះទេ បើសិនជាមានខ្យល់ខ្លាំងបែបនេះម្ដងទៀត។
 
ម្ចាស់ចម្ការវ័យ៣៨ឆ្នាំរូបនេះ បញ្ជាក់ថា ទុរេនរបស់អ្នកស្រី នឹងចាប់ផ្ដើមប្រមូលនៅពាក់កណ្ដាលខែមិថុនា ដោយទុំបណ្ដាក់ៗគ្នា រហូតដល់ចុងរដូវប្រមូលផល។ ទុរេនត្បូងឃ្មុំរបស់អ្នកស្រី ចាន់ណា អាចលក់បានតម្លៃចន្លោះពី២៣០០០រៀល ទៅ២៥០០០រៀលក្នុងមួយគីឡូក្រាម។ ទោះទុរេនអ្នកស្រី មិនមានឈ្មោះល្បីដូចទុរេនខេត្តដទៃ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលរបស់អ្នកស្រី មិនខ្វះទីផ្សារ និងមិនពិបាកលក់ចេញឡើយ។
 
«ឥឡូវហ្នឹងមានអ្នកមកទិញខ្លះៗដែរ។ បើមានទុំក៏លក់ទៅ តែបើអត់ទុំទេ មិនទទួលកក់មុនពីភ្ញៀវទេ ខ្លាចអត់មានទុរេនឲ្យគេ។ ដូចឆ្នាំមុនអី រកទុរេនលក់ឲ្យគេសឹងមិនបាន»។ នេះជាការរៀបរាប់របស់អ្នកស្រី មាស ចាន់ណា ម្ចាស់ចម្ការទុរេន ក្នុងខេត្តត្បូងឃ្មុំ៕
 

រូបភាពពីហ្វេសប៊ុក អ្នកស្រី មាស ចាន់ណា


រូបភាពពីហ្វេសប៊ុកលោក សុខ ឡេង 

 

Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com