COVID-19
ជាតិ
អនុរដ្ឋលេខាធិការក្រសួងការងារមួយរូប ត្រូវអស់តំណែងក្រោយនិយាយព័ត៌មានមិនពិតជុំវិញកូវីដ-១៩
08, May 2021 , 1:19 pm        
រូបភាព
លោក វ៉េង ហៀង នាឱកាសចែកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកអង្គរជុំខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ រូបថត៖ហ្វេសប៊ុកទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)
លោក វ៉េង ហៀង នាឱកាសចែកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនដល់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកអង្គរជុំខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ រូបថត៖ហ្វេសប៊ុកទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)
លោក វ៉េង ហៀង ត្រូវបានព្រះមហាក្សត្រ បញ្ចប់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីតែងតាំងបានជាង១ខែប៉ុណ្ណោះ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៧ឧសភា។

 
គួរកត់សម្គាល់ថា លោក វ៉េង ហៀង ត្រូវអស់តំណែង បន្ទាប់បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការឆ្លងជំងឺកូវីដ-១៩ លើគ្រូពេទ្យនៅនាយកដ្ឋានពេទ្យការងារ។ តាមរយៈសារសំឡេង ដែលត្រូវចែកចាយនៅប្រព័ន្ធTelegram គ្រានោះ លោក វ៉េង ហៀង បាននិយាយថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួចហើយនោះបានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ 
 
លោក វ៉េង ហៀង បន្ថែមទៀតថា គ្រូពេទ្យទាំង២រូបដែលឆ្លងនោះ មានអាការធ្ងន់ធ្ងរ និងជាក្រុមគ្រូពេទ្យដែលទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រផងដែរ។ 
  
ភ្លាមៗ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានចេញមុខបដិសេធនូវព័ត៌មានចំនួនដែលត្រូវបានលោក វ៉េង ហៀងផ្សព្វផ្សាយ។ តាមលោក ហេង សួរ មន្ត្រីពេទ្យទាំង២រូបពិតជាមានវិជ្ជមានកូវីដ-១៩ មែន ប៉ុន្តែពួកគាត់មិនជាគ្រូពេទ្យទទួលបន្ទុកការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករនោះទេ។ មិនតែប៉ុណ្ណោះ លោក ហេង សួរ បានច្រានចោលព័ត៌មានអំពីប្រភពវីរុស ដែលមានផ្ទុកលើគ្រូពេទ្យទាំង២នាក់។ 
 
អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា ការបរិយាយរបស់លោក វ៉េង ហៀង គឺប្រាកចាកពីការពិតទាំងស្រុង។ មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញស្ថានភាពជំងឺ និងរូបថតរបស់គ្រូពេទ្យទាំង២រូប គឺជាការរំលោភលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេផងដែរ។ 
 
«ក្នុងនាមជាថ្នាក់ដឹកនាំ អ្វីដែលឯកឧត្តម វ៉េង ហៀង និយាយនេះ គឺវាមួលបង្កាច់ការពិតផង 
បង្កការយល់ច្រឡំផងទៅដល់សាធារណជនផង ហើយក៏មិនបានលើកទឹកចិត្តទៅដល់មន្ត្រីនៅក្រោមឱវាទ ឱ្យទទួលបានភាពកក់ក្តៅពីគាត់ផង»។   នេះជាការបន្ថែមរបស់លោក ហេង សួរ។ 
 
សូមជម្រាបផងដែរថា លោក វ៉េង ហៀង ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ  បានជាង១ខែប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២១ មីនា ឆ្នាំ២០២១នេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com