COVID-19
ជាតិ
លោក អុិត សំហេង៖ កម្ម​ករដែលចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ មានសិទ្ធិចូលធ្វើការវិញដូចគ្នា
08, May 2021 , 3:29 pm        
រូបភាព
លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដោយ:
ភ្នំពេញ៖ ក្រោយបញ្ចប់វិធានការបិទខ្ទប់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនអនុញ្ញាតឲ្យ ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ភ្ជាប់នូវលក្ខខណ្ឌការចាក់វ៉ាក់សាំង ដល់កម្មករ-កម្មការិនី អាចចូលធ្វើការនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែឧសភា។

 
ការចេញសេចក្ដីជូនដឹងរបស់ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ទាប់ពីមានការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីបញ្ហាមាន ថៅកែ រោងចក្រ សហគ្រាស មួយចំនួន ទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរបស់កម្មករ-កម្មការិនី ដើម្បីអាចចូលធ្វើការងារវិញ។
 
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបរាប់ក្នុងសេចក្ដីជូនដំណឹងដូច្នេះ៖« ក្រសួងការងារ សូមជម្រាបដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ដែលស្ថិតក្នុងតំបន់លឿងទុំ នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្ម ឡើងវិញ មិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹងការចាក់វ៉ាក់សាំងនោះទេ»។
 
ក្នុងករណីមានរោងចក្រ ឬសហគ្រាស ណាដែលមានការទាមទារលិខិតចាក់វ៉ាក់សាំងពីកម្មករ-កម្មការិនី ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ នឹងចុះធ្វើអធិការកិច្ចភ្លាមបន្ទាប់ពីទទួលបានព័ត៌មាន។ កម្មករ-កម្មការិនី អាចអាចជូនដំណឹងដល់ក្រសួង ឬមន្រ្តីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat
 
រដ្ឋមន្រ្តីក្រសួងការងារ ស្នើឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ៥០ភាគរយ និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យាពេលនៅក្នុងអំឡុងនៃការបិទខ្ទប់កន្លងទៅ ដល់កម្មករ នយោជិតមិនឲ្យហួសពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ឡើយ។ ចំពោះកម្មករ និយោជិត ដែលស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវពិចារណាបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារ។
 
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារក៏អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ យោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យាការបង់ថ្លៃជួលបន្ទប់ជូនកម្មករ និយោជិត ឲ្យអស់លទ្ធភាព ក្នុងវិបត្តិកូវីដ-១៩នេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com