COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទើបសម្រាលកូនបាន​ជាង៣ខែ អ្នកស្រី ភារ៉ា ស្ម័គ្រចិត្តចូលបម្រើជាពេទ្យជួរមុខដើម្បីជួយជាតិក្នុងគ្រាលំបាក
08, May 2021 , 4:29 pm        
រូបភាព
អ្នកស្រី សុខ ភារ៉ា គឺជាគ្រូពេទ្យជួរមុខមួយរូប ដែលបានស្ម័គ្រចិត្តចូលរួម​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាការសម្រេចចិត្ត ដ៏គួរឱ្យស្ញប់ស្ញែង ខណៈដែលខ្លួន​ទើបនឹងសម្រាលកូន បានជាង៣ខែប៉ុណ្ណោះ។   លើសពីនេះទៀត ស្វាមីរបស់ខ្លួន​ ក៏បានស្ម័គ្រចិត្តចូលរួម​ជាគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរាលដាលខ្លាំងពេញបន្ទុកនៅកម្ពុជា ជាមួយគ្នាដែរ ដោយទុកកូនស្រីតូច ឱ្យម្តាយឪពុក មើលថែជំនួស។ សម្រាប់អ្នកស្រី សុខ ភារ៉ា ដ្បិតតែវាការសម្រេចិត្តមួយដ៏លំបាក ប៉ុន្តែវា ជាកាតព្វកិច្ច និងស្មារតីរបស់គ្រូពេទ្យគ្រប់រូប ហើយក៏ជាឱកាសដែលខ្លួន និងស្វាមី ​អាចជួយប្រជាជន និងសងគុណ​ប្រទេសជាតិ។

 
​រូបថត៤សន្លឹករបស់ប្តីប្រពន្ធទាហានអាវស ​និងរូបកូនស្រីតូចនៅក្នុងដៃជីដូន អមដោយការពិពណ៌នាអំពីការផ្ញើក្តី​ស្រឡាញ់កូនស្រីពីចម្ងាយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកចែករំលែកដល់ទៅ ១.៤ពាន់ តែក្នុងរយៈពេល២ថ្ងៃ។ ប្តីប្រពន្ធមួយគូនេះ គឺជាក្រុមគ្រូពេទ្យជួរមុខ ដែលបាន ស្ម័គ្រចិត្តចូលរួម​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ​ដោយឥតរារែកនៅពេលឮដំណឹងពីកង្វះខាតក្រុមគ្រូពេទ្យ។ 

 
អ្នកស្រី សុខ ភារ៉ា ដែលស្ត្រីនៅក្នុងរូបថតនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈប្រព័ន្ធវីដេអូខល ថាខ្លួន និងស្វាមី បានសម្រេចិត្តដោយឥតមានរួញរាឡើយ បើទោះអ្នកទាំង២ កំពុងសិក្សានៅឆ្នាំទី៣រៀងខ្លួនក៏ដោយ។ អ្នកស្រី សុខ ភារ៉ា រៀនឯកទេសសម្ភព និងរោគស្ត្រី ខណៈស្វាមីខ្លួន ជ្រើសយកឯកទេសវះកាត់ទូទៅផ្នែកប្រព័ន្ធរំលាយអាហារ។ 
 
 
ទោះបីត្រូវឃ្លាតពីកូន ប៉ុន្តែអ្នកស្រី ភារ៉ា និងស្វាមី ត្រូវតែយកជំនាញប្រើប្រាស់ជាប្រយោជន៍
 
​អ្នកស្រី សុខ ភារ៉ា ដែលមានវ័យ ២៦ឆ្នាំ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបន្តទៀតថា  ក្នុងស្មារតីជា​គ្រូពេទ្យ ខ្លួន និងស្វាមី មិនអាចសម្ងំនៅផ្ទះ ហើយឱបដៃមើលស្ថានការណ៍ដែលកំពុងកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងមាតុភូមិរបស់ខ្លួនឡើយ។ ហេតុដូច្នេះហើយ ទើបបានជានាង សម្រេចចិត្តចូលរួម​ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បើទោះបីជាខ្លួន ត្រូវឃ្លាតឆ្ងាយកូនស្រី ដែលទើបអាយុជាង៣ខែនោះ។ 
 
 
សម្រាប់អ្នកស្រី សុខ ភារ៉ា ដ្បិតតែវាការសម្រេចិត្តមួយដ៏លំបាក ត្រូវបែកកូនជាទីស្រឡាញ់ ប៉ុន្តែវាគឺជាកាតព្វកិច្ច និងស្មារីរបស់គ្រូពេទ្យគ្រប់រូប ហើយក៏ជាឱកាសដែលខ្លួន និងស្វាមី ​អាចជួយប្រជាជន និងសងគុណ​ប្រទេសជាតិ។ គ្រូពេទ្យជួរមុខ ដែលទើបបញ្ចប់បេសកកម្មរយៈពេល៣សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីបន្ត ពីកន្លែងដែលខ្លួនកំពុងធ្វើចត្តាឡីស័ក យ៉ាងដូច្នេះ៖ «ដោយសារតែខ្ញុំជាពេទ្យ ខ្ញុំចង់ចូលប្រយុទ្ធដើម្បីប្រជាជន។ ប្តីខ្ញុំដូចគ្នា ហើយគាត់ជាប្រុស គាត់ត្រូវតែចូលប្រយុទ្ធដែរ។ ពួកយើងជាពេទ្យដូចគ្នា មានឆន្ទៈរួម គឺដើម្បីប្រជាជន ដើម្បីចង់ឃើញថា កូវីដ-១៩ ​ឆាប់ចប់។ បើវាអត់ចប់ទេ ខ្ញុំក៏អត់អាចជួបជុំគ្រួសារខ្ញុំ។ ប្រជាជនផ្សេង ក៏ពិបាកក្នុងការជួបជុំគ្រួសារ។ អ៊ីចឹងមានតែរួមដៃគ្នា ឱ្យវាឆាប់ចប់»។

 
អ្នកស្រី សុខ ភារ៉ា និងស្វាមី ស្ថិតក្នុងចំណោមគ្រូពេទ្យជួរមុខ ឬទាហានអាវស ក្រុមទី១ ដែលមានសមាជិកសុរប៤៤នាក់ ​ដែលទើបបញ្ចប់​​​បេសកកម្មរយៈពេល៣សប្តាហ៍ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមណ្ឌលព្យា​បាល​អ្នកជំងឺកូវីដ-៩១ កោះពេជ្រ។ បច្ចុប្បន្នគ្រូពេទ្យជួរមុខក្រុមទី១នេះ កំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារផ្កាឈូកទិព្វ២ ។ អ្នកស្រី សុខ ភារ៉ា និងស្វាមី ត្រូវរង់ចាំរយៈពេល២សប្តាហ៍ទៀត ទើប​អាចទៅបីត្រកងឱបថើបកូនស្រីតូចរបស់ខ្លួន ​ដែលបានឃ្លាតគ្នា ជាង១ខែមកនោះ។ 
 
«បើនិយាយពីរឿងនឹក វាហួសពីនិយាយ ព្រោះទឹកចិត្តជាឪពុកម្តាយ ខ្ញុំជឿថាអ្នកណា ក៏ដូចអ្នកណាដែរ គឺនឹកខ្លាំង ពេលខ្លះមើលតែរូបកូន ដាក់រូបកូននៅអេក្រង់។ មើលជាកម្លាំងចិត្ត ដល់ពេលយើងមើលទូរសព្ទឃើញរូបកូន អ៊ីចឹងជាកម្លាំងចិត្ត។ ឥឡូវក៏នឹកខ្លាំង អង្គុយរាប់ថ្ងៃថយក្រោយ»។ នេះជាការរៀបរាប់របស់អ្នកស្រី សុខ ភារ៉ា។ 
 
សប្បាយចិត្ត និងមានមោទកភាព ពេលឃើញអ្នកជាសះស្បើយជាបន្តបន្ទាប់
 
នៅថ្ងៃទី ១៤ មេសា គឺជាបេសកកម្មថ្ងៃដំបូង របស់អ្នកស្រី សុខ ភារ៉ា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ។ ដ្បិតបានហ្វឹកហាត់សមពីបច្ចេកទេសរយៈពេលមួយខែមុននឹងចុះបំពេញបេសកកម្មដោយផ្ទាល់ ប៉ុន្តែ​អ្នកស្រី មានអារម្មណ៍ភ័យខ្លាចខ្លាំង នៅថ្ងៃដំបូង។ ប៉ុន្តែភាពភ័យខ្លាច បានរលាយបាត់ទៅវិញ មួយថ្ងៃក្រោយពីមានឈ្មោះជាទាហានអាវសជួរមុខ។ 
 
«បើសួរភ័យអត់ ភ័យ សួរថាខ្លាចអត់ ប្រាកដជាខ្លាច ព្រោះជំងឺហ្នឹង យើងមើលអត់ឃើញ ហើយបើឆ្លងគឺវាឆ្លងលឿន បើសិនជាយើងធ្វេសប្រហែស។ ​ទៅដល់ដំបូង គឺភ័យ ​​មិនមែនអត់ភ័យទេ! ​អ្នកជំងឺនៅពេញសាល ​១ពាន់នាក់ជាង។ ភ័យ! រាងញ័រដៃ ញ័រជើង​ តែពេលដែលខ្ញុំទៅដល់ក្នុងរយៈពេលមួយថ្ងៃដំបូង ខ្ញុំចាប់ផ្តើម​មានអារម្មណ៍ថាមានសុវត្ថិភាព  ព្រោះប្រព័ន្ធការងារនៅហ្នឹង គឺរៀបចំ ដូចប្រទេសគេជឿនលឿនអ៊ីចឹង។ គាត់រៀបចំសម្លៀកបំពាក់មានគ្រប់គ្រាន់ទាំងអស់ PPE កម្រិត៣។ សឹងតែថាប្រទេសខ្លះអត់មានផងសម្រាប់គ្រូពេទ្យ តែពួកខ្ញុំមាន។ ហើយផ្លូវដើរចេញ ផ្លូវដើរចូលផ្សេងគ្នា។ ទ្វារសុទ្ធតែស្កេន អ្នកជំងឺអត់ចេញដើរចេញចូលផ្តេសផ្តាសទេ»។ នេះជាការរៀបរាប់បញ្ជាក់របស់ អ្នកស្រី សុខ ភារ៉ា​។ 
 
 
នៅក្នុងរយៈពេលបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រយៈពេល ៣សប្តាហ៍នេះ អ្នកស្រី និងពេទ្យស្ម័គ្រចិត្តផ្សេងទៀត មិនមែនទទួលខុសត្រូវការងារតែមួយៗនោះទេ។ ក្រុមគ្រូពេទ្យ ត្រូវបានបែងចែកជាក្រុមតូចៗ ហើយផ្លាស់ប្តូរមុខនាទីគ្នាទៅវិញទៅមក។ បើតាម អ្នកស្រី សុខ ភារ៉ា ពេទ្យជួរមុខ ត្រូវបានបែងចែកជាក្រុមរង់ចាំទទួលទូរសព្ទ ពីអ្នកជំងឺដែលរាយការណ៍ពីស្ថានភាពជំងឺរបស់ខ្លួន។ ហើយក្រុមគ្រូពេទ្យនេះ នឹងជាអ្នករៀបចំថ្នាំសម្រាប់អ្នកជំងឺផងដែរ។ 
 
គ្រូពេទ្យក្រុមមួយទៀត ជាអ្នកដែលត្រូវពិនិត្យអាការអ្នកជំងឺផ្ទាល់ ព្រមទាំងមានភារកិច្ចទទួលអ្នកជំងឺចូលសម្រាក និងបញ្ចេញអ្នកជំងឺដែលបានសះស្បើយផងដែរ។ ក្រុមគ្រូពេទ្យមួយក្រុមទៀត ទទួលខុសត្រូវលើការយកសំណាកតេស្ត ខណៈក្រុមផ្សេងទៀត ​ទទួលខុសត្រូវផ្នែកស្តុកសម្ភារពេទ្យ និងឱសថ។ ​គ្រូពេទ្យទទួលខុសត្រូវផ្នែកអនាម័យ ក៏មានមួយក្រុមដែរ ខណៈ​ក្រុមគ្រូពេទ្យយាមនៅពេលយប់ ក៏ត្រូវបានរៀបចំចាត់ចែងយ៉ាងម៉ត់ចត់​ ដើម្បីរង់ចាំដោះស្រាយបញ្ហារបស់អ្នកជំងឺ។ 


 
​ការព្យាបាលជំងឺកូវីដ-១៩ មិត្តភាព សាមគ្គីភាព និងការជួយយកអាសារគ្នាទៅវិញទៅមក ​គឺជាបទពិសោធន៍ដ៏មានតម្លៃដែលអ្នកស្រី សុខ ភារ៉ា ទទួលបាន នៅក្នុងរយៈពេល​នៃការបំពេញបេសកកម្មជាទាហានអាវស។ មិនតែប៉ុណ្ណោះ ក្នុងនាមជាគ្រូពេទ្យជួរមុខមួយរូប ស្ត្រីវ័យ ២៦ឆ្នាំរូបនេះ សប្បាយចិត្ត និងមានមោទកភាពក្រៃលែង នៅពេលដែលខ្លួនបានឃើញអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ 
 
អ្នកស្រី សុខ ភារ៉ា រៀបរាប់ដូច្នេះ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង និងមានមោទកភាព ​ពេលអ្នកជំងឺចេញទៅផ្ទះ គាត់លើកដៃ​Bye Bye(លា)​យើង ហើយគាត់អរគុណអ្នកគ្រូពេទ្យ​ ពេលហ្នឹង អារម្មណ៍ហ្នឹង គឺអត់ដែលមានពីមុនមក។ អ្នកជំងឺនៅជាមួយយើងយូរថ្ងៃ អ្នកខ្លះ១០ថ្ងៃ អ្នកខ្លះកន្លះខែ។ ដល់ពេលគាត់ចេញទៅផ្ទះ គាត់សប្បាយ គាត់យំ មានអារម្មណ៍ថា មានមោទកភាព។ ​មោទ​កភាពទី២ គឺពេលពួកខ្ញុំឡើងឡានមក គឺលោកប្រធានមណ្ឌល ហើយខាងបងៗមានសមត្ថកិច្ច គាត់ជួយសម្រួលចរាចរណ៍។ ប្រធានមណ្ឌល គាត់នៅចាំលា ។ ហើយខ្ញុំតំណាងឱ្យក្រុមខ្ញុំទាំងអស់ មានអារម្មណ៍ថាសប្បាយចិត្ត ហើយរំភើបមែនទែន»។ 

 
ដ្បិតតែបច្ចុប្បន្នពេទ្យស្ម័គ្រចិត្តរូបនេះ និងស្វាមី កំពុងធ្វើ​ចត្តាឡីស័ក និងកំពុងរាប់ថ្ងៃថយក្រោយ ទៅជួបមុខកូនស្រីក៏ដោយ ប៉ុន្តែអ្នកស្រី សុខ ភារ៉ា និងស្វាមី ប្តេជ្ញាថានឹងត្រឡប់ទៅស្លៀកពាក់ជាទាហានអាវសជាថ្មីទៀត ប្រសិនបើមានតម្រូវការគ្រូពេទ្យជួរមុខ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ 

Tag:
 ពេទ្យជួរមុខ
 សុខ ភារ៉ា
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com