COVID-19
ជាតិ
សាលាដំបូងខេត្តសៀមរាប ឃុំខ្លួនយុវជនម្នាក់នៅពន្ធនាគារ ក្រោយគេចវេះពីការយកសំណាក និងធ្វើចត្តាឡីស័ក
08, May 2021 , 7:29 pm        
រូបភាព
បុរសម្នាក់ ត្រូវបាន​សាលាដំបូងខេត្តសៀមរាបឃុំខ្លួននៅពន្ធនាគារ​ ក្រោយ​គេចវេះពីការ​យក​សំណាក និង​ធ្វើចត្តាឡីស័ក
បុរសម្នាក់ ត្រូវបាន​សាលាដំបូងខេត្តសៀមរាបឃុំខ្លួននៅពន្ធនាគារ​ ក្រោយ​គេចវេះពីការ​យក​សំណាក និង​ធ្វើចត្តាឡីស័ក
ភ្នំពេញ៖ បុរសវ័យ២២ឆ្នាំម្នាក់ ត្រូវបានសាលាដំបូងខេត្តសៀមរាប បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ក្រោយគេចវេះពីការយកសំណាក និងចត្តាឡីស័ក។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ការគេចវេះយកសំណាក និងចត្តាឡីស័ករបស់បុរសខាងលើ បានបណ្ដាលឱ្យមនុស្សចំនួន ៧នាក់ផ្សេងទៀត មានវិជ្ជមានកូវីដ-១៩។


 
បុរសម្នាក់ជាអាជីវករនៅផ្សារក្រោម ខេត្តសៀមរាប ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក តាមមាត្រា៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បុរសខាងលើ បានព្យាយាមគេចវេះពីការយកសំណាក និងធ្វើចត្តាឡីស័ក ក្រោយបានចេញចូលកន្លែងពាក់ព័ន្ធនឹងកូវីដ-១៩ កាលពីថ្ងៃទី១០-២០ មីនា។ 
 
សាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា ទោះបីបុរសខាងលើ បានទទួលព័ត៌មានពីមិត្តភក្ដិ និងបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបក៏ដោយ ក៏មិនបានទៅយកសំណាក និងធ្វើចត្តាឡីស័ក ដោយបានបន្តទៅលក់ដូរនៅផ្សារក្រោម។ ក្រោយមកនៅថ្ងៃទី៩ មេសា សមត្ថកិច្ចខេត្តសៀមរាប ក៏បានស្វែងរកឃើញ បុរសខាងលើ ដោយបានបញ្ជូនទៅយកសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត។ ជាលទ្ធផលបុរសខាងលើ ត្រូវបានគ្រូពេទ្យធ្វើតេស្ត ឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ មេសា។ 
 
ការគេចវេះយកសំណាក និងចត្តាឡីស័ករបស់បុរសខាងលើ បានបណ្ដាលឱ្យមនុស្សចំនួន ៧នាក់ផ្សេងទៀត មានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមមនុស្ស៧នាក់នោះ មានខ្លះអាជីវករផ្សារក្រោម និងខ្លះជាសមាជិកក្រុមគ្រួសាររបស់បុរសវ័យ២២ឆ្នាំខាងលើ។ បន្ទាប់ពីជាសះស្បើយ កាលពីថ្ងៃទី២២ មេសាកន្លងទៅ គ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ ធ្វើចត្តាឡីស័ក និងយកសំណាកម្ដងទៀត។ នៅថ្ងៃទី៦ ឧសភា ក្រោយធ្វើតេស្តអវិជ្ជមាន បុរសខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាប និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប តាមដីកាបង្គាប់លេខ ៣១២ ឃខ/ដ ចុះថ្ងៃទី ៧ ឧសភា។ 
 
សូមបញ្ជាក់ថា តាមមាត្រា៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទណ្ឌកម្មចំពោះ បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២ទៅ១០លានរៀល (បើបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)៕ 
 

Tag:
 COVID-19
  ពន្ធនាគារ
  សំណាក
  ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com