COVID-19
ជាតិ
រោងចក្រ និងសិប្បកម្មបើកថ្មីចំនួន១៤ អាចផលិតម៉ាស់និងអាវពេទ្យជាង២០០លាន ក្នុងមួយខែសម្រាប់នាំចេញ
08, May 2021 , 10:29 pm        
រូបភាព
អាជ្ញាធរបានថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅផ្សារអូឡាំពិក កន្លងមក (រូបពីហ្វេសប៊ុកគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក)
អាជ្ញាធរបានថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅផ្សារអូឡាំពិក កន្លងមក (រូបពីហ្វេសប៊ុកគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក)
ភ្នំពេញ៖ រយៈពេលមួយខែនៃមេសានេះមានរោងចក្រ និងសិប្បកម្មផលិតម៉ាស់ និងសម្ភារពេទ្យ សម្រាប់ការពារកូវីដ-១៩បង្កើតនៅកម្ពុជាចំនួន១៤ទីតាំង ដែលមានសមត្ថភាព ផលិតអាវពេទ្យនិងម៉ាស់ចំនួនប្រមាណ២០០លានសម្រាប់នាំចេញទៅក្រៅប្រទេស។ អ្នកវិនិយោគលើការបង្កើតរោងចក្រនិងសិប្បកម្មទាំងនេះ ភាគច្រើនគឺជនជាតិចិន។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

 
បើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានរោងចក្រម៉ាស់ចំនួន២ និងរោងចក្រផលិតអាវពេទ្យចំនួន៥ បានបើកថ្មី ដែលមានប្រភពវិនិយោគពីជនជាតិចិនចំនួន៦ក្រុមហ៊ុន ហើយមួយក្រុមហ៊ុន ជារបស់អាមេរិក។ ម៉ាស់ និងអាវពេទ្យទាំងនេះគឺនាំចេញទៅចិន ជប៉ុន អាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប។ ជាមួយគ្នាដែរសិប្បកម្មផលិតម៉ាស់ចំនួន៧ ក៏បានបង្កើតឡើងថ្មីដែរ ក្នុងខែមេសា។សិប្បកម្មម៉ាស់ទាំង៧នេះ មានប្រភពវិនិយោគពីជនជាតិចិនចំនួន៥ ហើយសិប្បកម្ម ខ្មែរមានចំនួនចំនួន២។ 
 
រោងចក្រនិងសិប្បកម្មទាំង១៤ទីតាំងនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពុងចាមនិងខេត្តកណ្ដាល។ រោងចក្រនិងសិប្បកម្មបើកថ្មីនេះ គឺមានសមត្ថភាពផលិតម៉ាស់ និងអាវមានបានជាង១៦០លានទៅ២៦០លានម៉ាស់ និងអាវ ក្នុងរយៈពេលមួយខែ។ សម្រាប់វត្ថុជាដើមក្នុងការផលិត រោងចក្រសិប្បកម្មទាំងនេះគឺនាំចូលពីប្រទេសចិន ហើយក្នុងនោះ មានរោងចក្រតែពីរប៉ុណ្ណោះ ដែលនាំចូលវត្ថុធាតុដើមបន្ថែមពីប្រទេសឥណ្ឌានិងម៉ាឡេស៊ី។ 
 
ទោះបីមានការយាយីពីកូវីដ-១៩យ៉ាងណាក៏ដោយចំនួនរោងចក្រផលិតម៉ាស់ និងអាវពេទ្យនៅតែមានចំនួនកើនឡើង គួរឲ្យកត់សម្គាល់។ការបង្កើតថ្មីនេះ គឺអាចបង្កើតកន្លែងការងារដល់ពលរដ្ឋកម្ពុជា ជិត១ពាន់កន្លែងផងដែរ៕ 
 

Tag:
 រោងចក្រ
  សិប្បកម្ម
  ម៉ាស់
  សម្ភារពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com