អន្តរជាតិ
លោក Gates, Bezos, Brin មានទ្រព្យរាប់​ពាន់លានដុល្លារ ប៉ុន្តែ​ជួបរឿង​លែងលះ
08, May 2021 , 5:29 pm        
រូបភាព
ដោយ: ធីតា
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានឈ្មោះ​ក្នុងបញ្ជីមហាសេដ្ឋីលំដាប់ពិភពលោកដែលបាន​លែងលះគ្នា​នារយៈពេល​ចុងក្រោយ​នេះ ក្រៅពីនោះ មាន​លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon និង​លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google ជាដើម។

 
តាមរយៈសេចក្តីថ្លែងការរួមគ្នា​កាលពីទី៤ ខែឧសភា កន្លងមក លោក Bill Gates និងលោកស្រី Melinda បាន​ប្រកាសពីការផ្តាច់ចំណងអាពាហ៍ពិពាហ៍រយៈពេល​២៧​ឆ្នាំ​របស់ពួក​គាត់។ «បន្ទាប់ពីមានគំនិត និងធ្វើកិច្ចការជាច្រើនរួមគ្នា យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង»។ ការលះលែងនេះ ដោយសារអ្នកទាំងពីរជឿថា មិនអាចរស់នៅជាមួយគ្នាបាន នៅពេលបន្ទាប់។
 
ដ្បិតអ្នកទាំងពីរបានសម្រេចចិត្តលែងលះគ្នាមែន ប៉ុន្តែលោក Bill Gates និងលោកស្រី Melinda ដែលមានកូនបីនាក់ នៅតែបន្តធ្វើការជាមួយលើកិច្ចការមួយចំនួន​ដដែល ជាពិសេស​មូល​​និធិសប្បុរសធម៌ Bill and Melinda Gates ដែល​ត្រូវបាន​បង្កើតឡើង​កាលពីឆ្នាំ២០០០។
 
យោងតាម​ទស្សនាវដ្តី Forbes លោក Bill Gates ស្ថិតក្នុងចំណោម​មហាសេដ្ឋីដែលទ្រព្យសម្បត្តិ​ច្រើនជាងគេ​លើពិភពលោក ដោយមាន​រហូត​ដល់ទៅ​១៣០,៥ពាន់លានដុល្លាអាមេរិក។ 
 
ការបែកបាក់ក្នុងក្រុមគ្រួសារ Gates កើតឡើង​ក្រោយករណីរបស់​លោក Jeff Bezos និង​លោក Sergey Brin ហើយកន្លងមក ក៏មានក្រុមគ្រួសារមហាសេដ្ឋីជាច្រើននាក់ទៀតផងដែរ។
 
លោក Bezos បាន​លែងលះដាច់ស្រេចពីលោក MacKenzie Bezos កាលពីខែកក្កដា ឆ្នាំ​២០១៩ ក្រោយចំណង​អាពាហ៍ពិពាហ៍​២៥​ឆ្នាំ។ ក្រោយការលែងលះ លោក Bezos រក្សាភាគហ៊ុន​៧៥ភាគរយនៅ Amazon រីឯ MacKenzie ដែល​ជាអតីតភរិយាខ្លួន ទទួលបានទ្រព្យសម្បត្តិយ៉ាងហោចណាស់​៣៥ពាន់លាន​ដុល្លារអាមេរិកទៅតាមកិច្ចព្រមព្រៀងនៃការលែងលះ។
 
​កាលពីឆ្នាំ២០១៥ លោក Sergey Brin និងលោកស្រី Anne Wojcicki ស្ថាបនិកក្រុមហ៊ុន 23andMe លែងលះគ្នា ក្រោយចំណងអាពាហ៍ពិពាហ៍​៨​ឆ្នាំ។ បច្ចុប្បន្នលោក Brin សហស្ថាបនិកក្រុមហ៊ុន Google ជាមួយ​លោក Larry Page មានទ្រព្យសម្បត្តិជាង១០០ពាន់លាន​ដុល្លារអាមេរិក។
 
នៅឆ្នាំ២០១០ លោក Steve និងអ្នកស្រី Elaine Wyann សហស្ថាបនិកកាស៊ីណូ Wyann Reorts បាន​លែងលះគ្នាជាលើកទីពីរ ដោយអ្នក​ស្រី Elaine ទទួលបានភាគហ៊ុន​ដែលគិត​ជាទឹកប្រាក់​ក្នុងរង្វង់​៧៩៥លាន​ដុល្លារ នាពេលនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com