COVID-19
ជាតិ
លោក ណាច ផ្គត់ផ្គង់ត្រប់៣តោនរៀងរាល់ថ្ងៃក្នុងខេត្តត្បូងឃ្មុំ អំឡុងពេលកូវីដ-១៩
09, May 2021 , 8:59 am        
រូបភាព
ដោយ:
វិបត្តិកូវីដ-១៩ បានធ្វើឲ្យទីផ្សារកសិកម្មនៅតំបន់ខ្លះចង្អៀត។ កសិករជួបបញ្ហាខ្វះទីផ្សារ ដែលកសិផលមួយចំនួន សល់ក្នុងចម្ការ។ ប៉ុន្តែ លោក ណាក់ ណាច អ្នកដាំត្រប់ នៅខេត្តត្បូងឃ្មុំ អាចផ្គត់ផ្គង់ត្រប់ក្នុងខេត្តត្បូងឃ្មុំ៣តោន ក្នុងមួយថ្ងៃ។

 
កសិករវ័យ២៦ឆ្នាំរូបនេះ ចាប់ផ្ដើមដាំដំណាំត្រប់វែង ត្រប់ជើងរមាស និងត្រប់ស្រួយរយៈពេល២ឆ្នាំមកហើយ ក្នុងឃុំកំពាន់ ស្រុកមេមត់ ដែលជាទីដែលអំណោយផល លើការដាំដុះកសិកម្ម។ បច្ចុប្បន្នលោក ណាក់ ណាច បានដាំត្រប់លើផ្ទៃដី ៦ហិកតា និងអាចផ្គត់ផ្គង់ត្រប់ជាប្រចាំ ៣តោន ក្នុងមួយថ្ងៃ និងទទួលបានតម្លៃ ៦០០រៀល ក្នុងមួយគីឡូក្រាម។ 
 
«សម្រាប់សហគមន៍យើងមិនមានបញ្ហាទីផ្សារនោះទេ ព្រោះឈ្មួញចុះមកទិញជាប្រចាំ។ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ យូរៗម្ដងឈ្មួញក៏បន្ថយបរិមាណកសិផលដែរ»។ នេះជាការបញ្ជាក់របស់លោក ណាច ដោយបានបន្ថែមថា លោកក៏កំពុងប្រមូលផលត្រឡាច ចំនួន ៣ហិកតាទៀត។ តម្លៃត្រឡាច អាចលក់បានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
មិនត្រឹមជាកសិករនោះទេ តែបច្ចុប្បន្នលោក ណាក់ ណាច ជាប្រធានសហគមន៍កសិកម្មរំចេកមានជ័យ ស្ថិតក្នុងភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សហគមន៍នេះមានសមាជិកសរុបចំនួន ៣០០គ្រួសារ។ ៨០ភាគរយនៃពលរដ្ឋក្នុងតំបន់នេះប្រកបរបរដាំដុះដំណាំ និងបន្លែបង្ការ។ ចំណែកពលរដ្ឋត្រឹម ២០ភាគរយប៉ុណ្ណោះ ដែលធ្វើស្រូវ។
 
ប្រធានសហគមន៍រូបនេះ បានបន្ថែមថា កត្តាដែលធ្វើឲ្យសហគមន៍កសិកម្មរបស់លោក អាចរក្សាទីផ្សារកសិផល អំឡុងវិបត្តិកូវីដ-១៩ ព្រោះកសិករមានលទ្ធភាពផ្គត់ផ្គង់កសិផល ដល់ទីផ្សារប្រកបដោយស្ថិរភាព និងយល់ច្បាស់ពីតម្រូវការទីផ្សារបច្ចុប្បន្ន៕ 
 

លោក ណាក់ ណាច


រូបភាពទាំងអស់ផ្ដល់ឲ្យដោយលោក ណាក់ ណាច

 

Tag:
 ណាក់ ណាច
 ត្រប់
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com