COVID-19
ជាតិ
មនុស្ស​៤​នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​សៀមរាប គឺជា​អ្នកដំណើរ​ពី​ភ្នំពេញ និង​កណ្តាល​
08, May 2021 , 9:27 pm        
រូបភាព
រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​មនុស្ស​ចំនួន ៤​នាក់​បន្ថែមទៀត មាន​វិជ្ជមាន​កូ​វីដ​-១៩  នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​នេះ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងចំណោម​នោះ​មាន​មនុស្ស​៣​នាក់ ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ខណៈ​ម្នាក់តៀត​ជា​អ្នកដំណើរ​ពី​ស្រុក​ពញាឮ ខេត្តកណ្តាល​។

 
​មនុស្ស​៤​នាក់ ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​៨ ឧសភា​នេះ ដែល​សុទ្ធតែជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​អ្នក​វិជ្ជមាន​ទាំង​៤​នាក់​នោះ គឺជា​បុរស​ឈ្មោះ អិ សា​រ៉ា  វ័យ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ដឿ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​។ បុរស​ឈ្មោះ ទឹម គឹម​ទន់  អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​។ បុរស​ឈ្មោះ ទិ​ត ឡូ  អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ធ្វើដំណើរ​មកពី​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ត្រូវជា​មិត្ត​របស់ រូ​ន រាន់ ដែល​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​។ ស្ត្រី​ម្នាក់ទៀត​អាយុ​៣១​ឆ្នាំ ឈ្មោះ ញាន លេ  មាន​អាសយដ្ឋាន​នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ពួក ធ្វើដំណើរ​មកពី​ស្រុក​ពញាឮ ខេត្តកណ្តាល​។ 
 
​រដ្ឋបាល​ខេត្តសៀមរាប​បញ្ជាក់ទៀតថា​អ្នក​វិជ្ជមាន​ថ្មី​ទាំង​៤​នាក់​ត្រូវបាន អាជ្ញាធរ​ដែល​ប្រចាំការ​នៅ ព្រំប្រទល់​ខេត្តសៀមរាប​-​ខេត្តកំពង់ធំ ចំណុច​ស្រុក​ជីក្រែង និង​ស្រុក​ស្ទោង ពិនិត្យ​សុខភាព​បឋម និង​សន្និដ្ឋានថា​ជា​ករណី​សង្ស័យ ក៏បាន​បញ្ជូនមក​យក​សំណាក​ធ្វើតេស្តរ​កកូ​វីដ​-១៩​។ 
 
​ក្រៅពី​រកឃើញ​អ្នក​វិជ្ជមាន​បន្ថែម ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក៏បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់ ឱ្យ​ជាសះស្បើយ​ដែរ​។ អ្នក​ទាំង​៣​នាក់​នោះ​មាន បុរស​ឈ្មោះ អូន អ៊​ន  អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ចំការ​ខាងជើង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ស​ព្រៃវែង​។ បុរស​ឈ្មោះ​ ហួត រតនៈវត្ថុ អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​បុរស​ឈ្មោះ ឡៃ ដា​រី អាយុ​៣២​ឆ្នាំ ដែលមាន​អាសយដ្ឋាន​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
 
​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦៨​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២០​នាក់ ស្លាប់​១​នាក់ និង​៤៧​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
  
 

© រក្សាសិទ្ធិដោយ thmeythmey.com