កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ក្លាយជាជើងឯក Bundesliga ៩ឆ្នាំជាប់គ្នា ខណៈ Man City បន្តរង់ចាំ
09, May 2021 , 7:46 am        
រូបភាព
Bayern Munich អបអរការឈ្នះពានរង្វាន់ Bundesliga ៩រដូវកាលជាប់គ្នា​របស់ខ្លួន។ រូបថត FC Bayern München
Bayern Munich អបអរការឈ្នះពានរង្វាន់ Bundesliga ៩រដូវកាលជាប់គ្នា​របស់ខ្លួន។ រូបថត FC Bayern München
ដោយ: រួបរួម
Bayern Munich បានក្លាយជាជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga រយៈពេល៩រដូវកាលជាប់គ្នា ស្របពេលទៅ Rorbert Lewandowski រកបាន៣គ្រាប់ក្នុងជ័យជម្នះ ៦-០ លើ Borussia Monchengladbach។ Bayern ជាក្លិបទី២ក្នុងចំណោមក្របខណ្ឌ៥កំពូលនៅអឺរ៉ុបដែលជាជើងឯកក្នុងស្រុកដោយស្វ័យប្រវត្តិមុនបញ្ចប់រដូវកាល ពោលគឺបន្ទាប់ពី Inter Milan របស់អ៊ីតាលី ខណៈ Manchester City, Atletico Madrid និង Lille នៅបន្តរង់ចាំ។



តាមពិត តំណែងជើងឯករបស់ Bayern បានសម្រេចរួចទៅហើយនៅប៉ុន្មានម៉ោងមុនពេលដែល RB Leipzig ដែលជាគូប្រជែងដ៏ប្រកៀប ចាញ់ម្ចាស់ Borussia Dortmund ៣-២។ ជាមួយនឹងការប្រកួតពីរទៀតដែលនៅសេសសល់ Bayern មាន៧៤ពិន្ទុ RB Leipzig មាន៦៤ពិន្ទុ រីឯ Wolfsburg មាន៦៤ពិន្ទុ និង Dortmund មាន៦០ពិន្ទុ។

នៅ Premier League ឯណោះវិញ Manchester City ត្រូវបានរង់ចាំឱកាសរបស់ខ្លួន ដោយសារតែចាញ់ Chelsea ២-១ នៅទឹកដីរបស់ខ្លួន។ ក្រុមមេឃខៀវ ត្រូវការ២ពិន្ទុប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯកនៅអង់គ្លេស ប៉ុន្តែឱកាសត្រូវខក ហើយ Sergio Aguero ក៏បានសុំទោសចំពោះការប៉េណាល់ទីមិនបានសម្រេចរបស់ខ្លួនផងដែរ។

បច្ចុប្បន្ន Man City  មាន៨០ពិន្ទុពីការប្រកួត៣៥លើក ខណៈ Man Utd មាន៦៧ពិន្ទុ តែទើបប្រកួតបាន៣៣លើក។ ទោះបីជាយ៉ាងណា Man City នៅមានឱកាសច្រើន ខណៈ Man Utd ដែលជាគូប្រជែង ត្រូវការឈ្នះរហូតសម្រាប់ដែលនៅសេសសល់។

នៅ Ligue 1 របស់បារាំង Lille មាន៧៩ពិន្ទុ ពីជំនួប៣៦លើក ខណៈ Paris Saint Germain មាន៧៥ពិន្ទុពីការប្រកួត៣៥លើក។ រីឯនៅ La Liga វិញ Atletico Madrid បន្តឈរលើកំពូលតារាង ដោយមាន៧៧ពិន្ទុពីការប្រកួត៣៥លើក ដោយមាន២ពិន្ទុលើស Barcelona។
Inter Milan ជាក្លិបធំដំបូងគេនៅអឺរ៉ុបដែលឈ្នះជើងឯកក្នុងស្រុករបស់ខ្លួននារដូវកាលនេះ ដោយមានពិន្ទុនាំមុខដាច់ Napoli, Atlanta, Juventus និង AC Milan៕

 


© រក្សាសិទ្ធិដោយ thmeythmey.com