អន្តរជាតិ
បំណែករ៉ុក្កែតចិនដែលត្រឡប់មកផែនដីវិញ ធ្លាក់ចូលមហាសមុទ្រឥណ្ឌា
09, May 2021 , 11:59 am        
រូបភាព
រ៉ុក្កែត Long March-5B ពេលបាញ់ចេញពីស្ថានីយ៍នៅកោះហៃណាន។ រូបថត AFP
រ៉ុក្កែត Long March-5B ពេលបាញ់ចេញពីស្ថានីយ៍នៅកោះហៃណាន។ រូបថត AFP
បំណែករ៉ុក្កែតចិនដែលបង្កក្ដីបារម្ភខ្លាំងនោះ បានចូលដល់បរិយាកាសផែនដីហើយ និងបែកជាបំណែកតូចៗនៅលំហខាងលើមហាសមុទ្រឥណ្ឌា។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិននៅថ្ងៃទី៩ ខែឧសភា។ ជាមួយនឹងទីតាំងនេះ ក្ដីបារម្ភក៏លែងមាន ព្រោះបំណែកដែលសេសសល់ណាមួយ មិនធ្លាក់ចំដីគោកឡើយ។

 
ទីបំផុតទៅ បំណែករ៉ុក្កែត Long March-5B ធ្វើដំណើរចូលដល់បរិយាកាសផែនដីវិញហើយនៅថ្ងៃទី៩ ខែឧសភា ហើយក៏បែកជាបំណែកៗដែលធ្លាក់ចូលមហាសមុទ្រឥណ្ឌា។ វា បានបញ្ចប់ការសង្ស័យនៅរយៈពេលប៉ុន្មានថ្ងៃមកនេះទាក់ទងទីតាំងដែលបំណែកដ៏ធំរបស់រ៉ុក្កែតត្រូវធ្លាក់ផងដែរ។
 
រ៉ុក្កែត Long March-5B ត្រូវបានបាញ់ដើម្បីនាំយកគ្រឿងបង្គុំនៃស្ថានីយ៍អវកាសចិនឈ្មោះ Tianhe ទៅទីលំហ។ រ៉ុក្កែតទៅដល់លំហខាងលើផែនដីនៅថ្ងៃទី២៩ ខែមេសាកន្លងទៅ។ បំណែកដែលសេសសល់ ក៏ត្រូវធ្លាក់មកផែនដីវិញ តែមិនស្ថិតក្រោមការបញ្ជាឡើយ ដែលរឿងនេះធ្វើឱ្យមានក្ដីបារម្ភព្រោះគេមិនអាចកំណត់កន្លែងដែលវាចូលក្នុងបរិយាកាសផែនដី។ អាមេរិក និងអឺរ៉ុបបានតាមដានការធ្វើដំណើរនេះយ៉ាងដិតដល់។
 
«បន្ទាប់ពីតាមដាន និងវិភាគ នៅម៉ោង១០ និង២៤នាទី (ម៉ោងទីក្រុងប៉េកាំង) បំណែកចុងក្រោយនៃយាន Long March-5B Yao-2 បានចូលដល់បរិយាកាសផែនដី។» ការិយាល័យវិស្វកម្មអវកាសចិនបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសនៅថ្ងៃទី៩ ខែឧសភា ដោយផ្ដល់កូអរដោនេនៃទីតាំងធ្លាក់ចុះរបស់រ៉ុក្កែតនេះ ដែលនៅក្បែរកោះម៉ាល់ឌីវ។ ខណៈផ្នែកជាច្រើនបានឆេះពេលចូលដល់បរិយាកាស កម្ទេចកម្ទីដែលសល់ក៏ធ្លាក់ចូលមហាសមុទ្រឥណ្ឌាអស់ហើយ។
 
វេបសាយ Space-Track ដែលតាមដានការធ្វើដំណើររបស់យាននានាដោយប្រើប្រាស់ទិន្នន័យយោធាអាមេរិក ក៏បានបញ្ជាក់ពីទីតាំងធ្លាក់នេះដែរ៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com