COVID-19
ជាតិ
ស្ត្រីដែល​សម្រាល​កូន​ក្នុង​បន្ទប់​ជួល​ ត្រូវបានជួយសង្គ្រោះទាំងម្តាយ និងកូន ​
09, May 2021 , 3:06 pm        
រូបភាព
ភ្នំពេញ​៖ស្ត្រីដែល​សម្រាល​កូន​ក្នុង​បន្ទប់​ជួល​ ផុតគ្រោះថ្នាក់ហើយទាំងម្តាយ និងកូន បន្ទាប់ពីការជួយជ្រោមជ្រែងពីញាតិជិតខាង ដោយការដឹកតាមរ៉ឺម៉កកង់បី ទៅកាន់មណ្ឌលសុខភាពស្ទឹងមានជ័យទាំងយប់នោះ។ ដោយសារស្ត្រីជាម្តាយមានសុខភាព​ខ្សោយ ក្រោយសម្រាល និងដោយមានជំងឺប្រចាំកាយស្រាប់ ក៏ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឬពេទ្យសម្ភពក្រុង។

 
វីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុក រយៈពេលជាងកន្លះម៉ោង កាលពីយប់ថ្ងៃទី៨ ឧសភា អំពី​ស្ត្រីម្នាក់ដែលបានសំងំសម្រាលកូននៅក្នុងបន្ទប់ជួល ត្រូវបានអ្នកប្រើប្រាស់​បណ្តាញសង្គមមួយនេះ ចែករំលែក​ជាង១៧ម៉ឺន​ដងឯណោះ។​ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជិត៧ យប់  នៅបន្ទប់ជួលមួយកន្លែង ​នៅក្នុងភូមិថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ១ ខណ្ឌមានជ័យ ដែលបច្ចុប្បន្ន គឺជាតំបន់លឿងទុំ។
 
តាមរយៈតាមវីដេផ្សាយផ្ទាល់នោះ ស្ត្រីរូបនេះបានសម្រាលកូនហើយ ប្រហែលកន្លះម៉ោងទៅហើយ ប៉ុន្តែទងផ្ចិតទារកមិនទាន់របូតចេញពីផ្ទៃ​នៅឡើយ។ ដូច្នេះហើយទើបអ្នកស្រីស៊ឺន ទូច ត្រូវជាម្តាយរបស់ស្ត្រីដែលទើបសម្រាលកូនរូបនេះ ឆោឡោឡើង និងដឹងទៅដល់អ្នកជិតខាង។ មួយសន្ទុះមក ស្ត្រីរូបនេះ និងទារកដែលទងផ្ចិតនៅជាប់នឹងផ្ទៃម្តាយនៅឡើយ ត្រូវបានអ្នកជិតខាង បីដាក់លើកង់បីដឹកទៅមណ្ឌលសុខភាពខណ្ឌមានជ័យ ហើយត្រូវបានពេទ្យជំនាញសង្គ្រោះបន្តតាមបច្ចេកទេស ឱ្យផុតពីគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ ដោយសារតែ ម្តាយដែលទើបសម្រាល មានអាការ​អាការ​ថប់​ដង្ហើ​មខ្លាំង ឈឺ​ក្បាល​ និង​ចង់​ក្អួត​ ដោយសារមានជំងឺប្រចាំកាយស្រាប់ផងនោះ ក៏ត្រូវបានបញ្ជូនបន្តទៅសម្រាកនៅ មន្ទីរពេទ្យ​បង្អែករាជធានីភ្នំពេញ។ 
 
អ្នក​ស្រី ស៊ឺន ទូច បានប្រាប់សារព័ត៌មាន Thmeythmey តាមទូរសព្ទថា កូនស្រីគាត់ ដែលសម្រាលកូននៅក្នុងបន្ទប់ជួលនោះ ឈ្មោះ ញៀន ចាន់វីណា អាយុ​១៧​ឆ្នាំ។ តាមអ្នកស្រី ស៊ឺន ទូច កូនស្រី​របស់ខ្លួននេះ ក៏មានកូនស្រីម្នាក់ទៀតដែលទើបមានអាយុ១០ខែប៉ុណ្ណោះ មុននឹងសម្រាលកូនទី២នេះ។ មិនតែប៉ុណ្ណោះ អ្នកម្តាយវ័យ១៧ឆ្នាំរូបនេះ ក៏មានជំងឺបេះដូងចំហ ប្រចាំកាយផងដែរ។ 
 
​អ្នក​ស្រី ស៊ឺន ទូច ដែលនៅកំដរកូនស្រី និងចៅទើបនឹងកើតនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនោះ បានរៀបរាប់ប្រាប់​​សារព័ត៌​មាន Thmeythmey ទៀតថា ក្រោយ​ពី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ កូន​ស្រី​របស់​អ្នក​ស្រី ដែល​ទើប​តែ​សម្រាក​កូនខ្ចីបាន​តែ​ប៉ុន្មាន​ម៉ោង​នោះ​ ក៏​បាន​ធូរ​ស្រាល​វិញ​​ ៖«​​ពេទ្យ​គាត់​​​យក​​ចិត្ត​ទុក​ដាក់ គាត់​បាន​ដាក់​ខ្យល់​អុកស៊ីសែ​នឱ្យកូន​ខ្ញុំ​។ គាត់​លើក​ទឹក​ចិត្ត​ខ្ញុំកុំ​ឱ្យ​ភ័យ ហើយ​កុំ​ឱ្យ​កូន​ខ្ញុំ​ភ័យ​។ ពេល​នេះ​កូន​ខ្ញុំ​បាន​ធូរ​ហើយ​ គ្រាន់​តែ​នៅ​ស្លេក​ ពេទ្យ​ថា ​ត្រូវ​នៅ​តាមដាន​អាការសិន»​។ នេះជាការរៀបរាប់របស់អ្នកស្រី  ស៊ឺន ទូច ដែល​មាន​អាយុ​ ៤៣​ឆ្នាំ រួចបញ្ជាក់បន្តពីស្ថានភាពជីវភាពរបស់ខ្លួន ថាខ្លួនមាន ​របរ​លក់​ម្ជូរ​ និង​ដើរ​រើស​អេតចាយ​ ហើយចាប់តាំងពីផ្ទុះ​​ជំងឺ​កូវីដ-១៩ ជា​ពិសេស​ក្នុង​អំឡុង​​បិទ​ខ្ទប់រាជ​ធានី​ភ្នំពេញ​ អ្នក​ស្រី ព្រម​ទាំង​កូន​ស្រី​ ​បាត់​បង់​ចំណូ​ល​ទាំង​ស្រុង​។ ការ​ដោះ​ស្រាយ​ជីវភាព​​ប្រចាំ​ថ្ងៃ មាន​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ខ្លះ​ ពី​ញាតិ​​មិត្ត ​នៅ​ក្បែរ​ផ្ទះ​ជួល​នោះខ្លះ​​៕
 

Tag:
 ស្ត្រី
  ពពោះ​
  សម្រាលកូន​​
© រក្សាសិទ្ធិដោយ thmeythmey.com