អន្តរជាតិ
NASA រិះគន់ចិនចំពោះការធ្លាក់បំណែករ៉ុក្កែតដ៏ធំ
09, May 2021 , 7:19 pm        
រូបភាព
រ៉ុក្កែតចិនបាញ់នាពេលកន្លងមក។ រូបថត Xinhua
រ៉ុក្កែតចិនបាញ់នាពេលកន្លងមក។ រូបថត Xinhua
ទីភ្នាក់ងារអវកាសអាមេរិក នៅថ្ងៃទី៩ ខែឧសភា បានរិះគន់ចិនពាក់ព័ន្ធការធ្លាក់បំណែករ៉ុក្កែត Long March-5B ។ បើទោះជាពុំបានបង្កគ្រោះថ្នាក់អ្វីព្រោះធ្លាក់ចំមហាសមុទ្រឥណ្ឌា កំណាត់រ៉ុក្កែតចិនបង្កក្ដីបារម្ភខ្លាំងព្រោះវាធ្វើដំណើរមកផែនដីវិញដោយឯកឯង និងមិនស្ថិតក្រោមការបញ្ជាអ្វីទាំងអស់។

 
បំណែករ៉ុក្កែត Long March-5B ដែលត្រូវបាញ់ពីផែនដីនៅថ្ងៃទី២៩ ខែមេសា បានធ្វើដំណើរចូលបរិយាកាសផែនដីវិញនៅថ្ងៃទី៩ ខែឧសភា។ កំណាត់របស់វា បានបែកជាបំណែកៗ និងឆេះពេលចូលបរិយាកាសលើផ្ទៃមហាសមុទ្រឥណ្ឌា ហើយមានកម្ទេចកម្ទីខ្លះធ្លាក់ចូលសមុទ្រផងដែរព្រោះកំណាត់ដែលធ្លាក់ចុះនេះមានទំហំធំ។
 
អាមេរិក និងអ្នកជំនាញខ្លះ បានរិះគន់ចិនតាំងពីបំណែករ៉ុក្កែតចាប់ផ្ដើមធ្វើដំណើរចុះមកផែនដីវិញ ដោយគ្មានការបញ្ជាអ្វីសោះ។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន ចោទចិនថា ធ្វេសប្រហែស ព្រោះបំណែករ៉ុក្កែតនោះ មិនមានមុខងារបញ្ជាពេលធ្លាក់ចុះមកវិញ។ នៅថ្ងៃទី៩ ខែឧសភា ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បរិហារចិនម្ដងទៀតចំពោះការធ្វើដំណើរចូលបរិយាកាសផែនដីរបស់រ៉ុក្កែត Long March ។
 
ប្រធាន NASA លោក  Bill Nelson និយាយថា ប្រទេសដែលមានប្រតិបត្តិការលើលំហអាកាស ត្រូវតែកាត់បន្ថយហានិភ័យដែលមានលើមនុស្ស និងទ្រព្យសម្បត្តិលើផែនដីបង្កដោយបំណែកមកអវកាស ហើយត្រូវមានតម្លាភាពទាក់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Nelson លើកឈ្មោះចិនចំៗថា ចិនបរាជ័យអនុវត្តតាមស្ដង់ដាទាំងនេះពាក់ព័ន្ធបំណែកមកពីអវកាសរបស់ខ្លួន។
 
តាមពិតទៅ រឿងដែលធ្វើឱ្យចិនរងការរិះគន់ខ្លាំង គឺការធ្វើដំណើរដោយសេរីបស់បំណែករ៉ុក្កែតតែម្ដង។ ការធ្វើបែបនេះ នាំឱ្យមានការពិបាកក្នុងការកំណត់ទីតាំងដែលវាចូលដល់បរិយាកាសផែនដី បើទោះជាកន្លងមក បំណែកពីអវកាសតែងធ្លាក់ចំផ្ទៃទឹករបស់ផែនដីក្ដី។ ដើម្បីបញ្ចៀសហេតុការណ៍របៀបនេះ អ្នកជំនាញខ្លះស្នើចិនកែប្រែរ៉ុក្កែតរបស់ខ្លួនដោយបញ្ចូលប្រព័ន្ធបញ្ជាផង។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Jonathan McDowell តារាវិទូនៅសាកលវិទ្យាល័យ Havard និយាយថា សម្រាប់លើកនេះ ចិនពិតជាឈ្នះ ប៉ុន្តែសកម្មភាពរបស់ចិន ជារឿងធ្វេសប្រហែសណាស់។ លោកបន្តថា ហេតុការណ៍លើកនេះ ធ្វើឱ្យគេមើលឃើញថា អ្នកច្នៃរ៉ុក្កែតចិនខ្ជិលដល់ថ្នាក់មិនដោះស្រាយបញ្ហាបែបនេះ៕   

Tag:
 ចិន
  NASA
© រក្សាសិទ្ធិដោយ thmeythmey.com