ជាតិ
ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមណែនាំឱ្យមើលខ្នើតចេញបួស និងត្រៀមថ្វាយបង្គំថ្ងៃរ៉យ៉ាតាមផ្ទះ
09, May 2021 , 8:59 pm        
រូបភាព
លោក សុះ កំរ៉ី រូបភាព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
លោក សុះ កំរ៉ី រូបភាព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការត្រៀមមើលខ្នើតខែស្ហាវ៉ាល់ (ប្រតិទិនឥស្លាម) ដើម្បីកំណត់ថ្ងៃចេញបួស ឬថ្ងៃបុណ្យរ៉យ៉ាហ្វិត្រះ (ថ្ងៃបុណ្យសាសនាឥស្លាម) នៅកម្ពុជា។

 
ក្នុងសេចក្ដីជូនដំណឹងដែលចេញផ្សាយកាលពីដើមសប្ដាហ៍កន្លងទៅ លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម បានណែនាំឱ្យថ្នាក់ដឹកនាំតាមសហគមន៍ទូទាំងប្រទេស ចាំមើលខ្នើតខែស្ហាវ៉ាល់ (ខែបន្ទាប់ពីខែរ៉ម៉ាឌន) នៅល្ងាចថ្ងៃទី១១ ខែឧសភា ដែលត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែរ៉ាម៉ាឌន។ លោក សុះ កំរ៉ី បញ្ជាក់ក្នុងសេចក្ដីជូនដំណឹងនោះថា ប្រសិនមើលខ្នើតខែមិនឃើញនាល្ងាចថ្ងៃទី១១ទេនោះ សាសនិកឥស្លាមទាំងអស់ ត្រូវបួស១ថ្ងៃទៀត ដើម្បីបង្រ្គប់៣០ថ្ងៃ នៃខែរ៉ាម៉ាឌន។
 
ជាមួយគ្នានេះដែរ ដើម្បីសម្របតាមស្ថានការណ៍អំឡុងពេលកើតមានជំងឺកូវីដ១៩ ក្នុងសហគមន៍ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមកម្ពុជា ក៏បានណែនាំឱ្យសាសនិកទាំងអស់ សឡាតឬថ្វាយបង្គំថ្ងៃរ៉យ៉ាតាមផ្ទះរៀងៗខ្លួនផងដែរ។ លោក សុះ កំរ៉ី បានណែនាំឱ្យបុរសជាមេគ្រួសារ ធ្វើជាអ៊ីម៉ាំដល់ស្រ្ដី ប្រពន្ធ និងកូនចៅ។ 
 
សូមរំលឹកថា សាសនិកឥស្លាមកម្ពុជា បានចាប់ផ្តើមខែបួសរ៉ាម៉ាឌនពីថ្ងៃទី១៣ ខែមេសា មក ដែលការបួសជាកាតព្វកិច្ចទី២សម្រាប់សាសនិកឥស្លាមគ្រប់រូប។ ហើយឆ្នាំនេះ គឺជាឆ្នាំទី២ហើយ នាបុណ្យរ៉ាម៉ាឌន ដែលការជួបជុំការថ្វាយបង្គំតាមវិហារឥស្លាមនានា ត្រូវបានផ្អាក ដោយសារជំងឺកូវីដ១៩៕

Tag:
 ខែបួស
  រ៉ាម៉ាឌន២០២១
© រក្សាសិទ្ធិដោយ thmeythmey.com